ប្រមុខកងទ័ពស៊ូដង់ចុះសួរសុខទុក្ខប្រជាជនរត់គេចពីការសម្លាប់រង្គាល
អាល់ ដាបបា ៖ ប្រមុខកងទ័ពស៊ូដង់ លោកឧត្តមសេនីយ៍ Abdel Fattah al-Burhan ចុះសួរសុខទុក្ខជនរងគ្រោះដែលកំពុងជ្រកកោនក្នុងជំរុំជនភៀសសឹកមួយកន្លែង បន្ទាប់ពីពួកគេបង្ខំចិត្តរត់ចោលផ្ទះសម្បែងចាកចេញពីទីក្រុង El-Fasher ឆ្ពោះមកកាន់ទីក្រុង Al Dabbah ដើម្បីគេចចេញពីការសម្លាប់រង្គាលដោយទាហានប៉ារ៉ាប្រឆាំងកងទ័ពរដ្ឋាភិបាលស៊ូដង់។
El Fasher គឺជាទីក្រុងយុទ្ធសាស្ត្រមួយនៅក្នុងរដ្ឋ North Darfur ប៉ែកនិរតីប្រទេសស៊ូដង់ ដែលសម្បូរទៅដោយប្រេង មាស និងរ៉ែផ្សេងៗទៀត ខណៈប្រទេសចិនជាឈ្នួញដ៏ធំបំផុតសម្រាប់ទិញធនធានទាំងនេះ។
បើតាមអង្គការសហប្រជាជាតិ, សង្គ្រាមប្រល័យពូជសាសន៍រវាងទាហានប៉ារ៉ាស៊ូដង់ និងកងកម្លាំងប្រដាប់អាវុធគាំទ្ររដ្ឋាភិបាល ដែលផ្ទុះឡើងកាលពីថ្ងៃទី២៦ ខែតុលា បានសម្លាប់មនុស្សប្រមាណ ១៥ ម៉ឺននាក់ និង ១៤ លាននាក់រើទីលំនៅ ។
ទាហានប៉ារ៉ាស៊ូដង់ដែលជាកងកម្លាំងប្រឆាំងរដ្ឋាភិបាល លើកហេតុផលថា ការប្រព្រឹត្តសកម្មភាពដ៏សាហាវយង់ឃ្នងនេះ គឺដើម្បីតាមកម្ចាត់ក្រុមជនជាតិភាគតិច ។
ក្រៅពីការសម្លាប់រង្គាល និងការប្រព្រឹត្តអំពើប្រល័យពូជសាសន៍, ទាហានប៉ារ៉ាស៊ូដង់ ក៏បានចាប់បង្ខាំងមនុស្ស ធ្វើទារុណកម្ម ចាប់រំលោភស្ត្រី និងប្រព្រឹត្តអំពើហិង្សាផ្លូវភេទដ៏ឃោរឃៅផ្សេងទៀតនៅក្នុងទីក្រុង El-Fasher ផងដែរ ។
ប្រទេសស៊ូដង់បានធ្លាក់ចូលទៅក្នុងរណ្ដៅជម្លោះនៅក្នុងខែមេសា ឆ្នាំ ២០២៣ បន្ទាប់ពីផ្ទុះការតស៊ូដណ្តើមអំណាចដោយហិង្សារវាងទាហានប៉ារ៉ា និងកងកម្លាំងប្រដាប់អាវុធស៊ូដង់ ។
កាលណោះ មនុស្សជាង ២ ម៉ឺននាក់ត្រូវបានសម្លាប់នៅទូទាំងប្រទេស ហើយប្រហែល ១២ លាននាក់បានក្លាយជាជនភៀសសឹក ខណៈអង្គការសហប្រជាជាតិបានចាត់ទុកសកម្មភាពនេះថា ជាវិបត្តិមនុស្សធម៌ដ៏ធំបំផុតរបស់ពិភពលោក ៕
ប្រភព ៖ AFP និង Al Jazeera ប្រែសម្រួល ៖ ឈឹម ទីណា