ព្រះមហាក្សត្រកម្ពុជា ស្ដេចយាងប្រោសប្រទានភ្លើងជ័យ អបអរព្រះរាជពិធីបុណ្យ ឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧២ឆ្នាំ
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជណាចក្រកម្ពុជា បានសព្វព្រះរាជហឬទ័យ ស្ដេចយាងប្រោសប្រទានភ្លើងជ័យ អបអរសាទរ ព្រះរាជពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧២ឆ្នាំ ជាថ្ងៃ ដែលកម្ពុជារំដោះខ្លួនចេញពីការគ្រប់គ្រងរបស់បារាំង ។ ព្រះរាជពិធីនេះ បានធ្វើឡើងនៅបរិវេណវិមានឯករាជ្យ ក្នុងរាជធានីភ្នំពេញ ទីតាំងនិមិត្តរូប នៃការដណ្តើមបានឯករាជ្យ នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីរំលឹកដល់ថ្ងៃជាប្រវត្តិសាស្ត្រ នៃការដណ្តើមបានមកវិញនូវសិទ្ធិសេរីភាព និងភាពជាម្ចាស់ទឹកដីនៃប្រទេសកម្ពុជា ។

ពិធីអបអរសាទរខួបនៃការដណ្តើមបានឯករាជ្យ មានការអញ្ជើញដង្ហែព្រះករុណា ព្រះមហាក្សត្រ ដោយថ្នាក់ដឹកនាំកំពូលៗរបស់ជាតិ មានដូចជា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ហើយក៏មានការអញ្ជើញចូលរួមពីឯកអគ្គរាជទូត រដ្ឋទូត នៃបណ្តាប្រទេសនានា មន្ត្រីរាជការតាមក្រសួងស្ថាប័ននានា សិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋជាច្រើនរូបទៀត ។

ក្នុងព្រះរាជពិធីនេះដែរ ព្រះករុណា ព្រះមហាក្សត្រ បានស្តេចយាងដាក់កម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធវីរយុទ្ធជន យុទ្ធនារីខ្មែរ ដែលបានតស៊ូ និងធ្វើពលីកម្ម ក្នុងការទាមទារឯករាជ្យជាតិ បន្ទាប់មកព្រះអង្គបានយាងប្រោសប្រទានភ្លើងជ័យ។

ការប្រារព្ធពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ក្រៅតែពីក្នុងរាជធានីភ្នំពេញ នៅតាមបណ្តាខេត្តនានា ក៏មានការរៀបចំពិធីអបអរសាទរដល់ថ្ងៃជាប្រវត្តិសាស្ត្រ នៃការដណ្តើមបានមកវិញនូវសិទ្ធិសេរីភាព និងភាពជាម្ចាស់ទឹកដី របស់ប្រជាជាតិកម្ពុជានេះផងដែរ ។

បន្ថែមពីលើការប្រារព្ធពិធីអបអរសាទរនៅថ្ងៃទី៩ ខែវិច្ឆិកា នៅមួយថ្ងៃមុន នៃការប្រារព្ធពិធីនេះ ពោលនៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា ក៏មានការរៀបចំឱ្យមន្ត្រីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា មកពីតាមបណ្តាក្រសួងស្ថាប័ននានា បានចូលគោរព ព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ នៅមណ្ឌបព្រះបរមរូប ក្បែរវិមានឯករាជ្យផងដែរ។ ការចូលគោរពព្រះវិញ្ញាណក្ខន្ធនេះ ដើម្បីរលឹកនឹកដល់គុណូបការៈ និងវីរភាពដ៏ធំធេងរបស់សម្តេចព្រះបរមរតនកោដ្ឋ ដែលបានយាងបំពេញព្រះរាជបូជនីយកិច្ច និងបូជាអស់កម្លាំងព្រះកាយពល បញ្ញាញាណ ក្នុងការដណ្តើមឯករាជ្យពីប្រទេសបារាំង ។

សូមរំលឹកថា កាលពីឆ្នាំ១៩៤៩ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ បានទាមទារឲ្យប្រទេសបារាំងបញ្ឈប់សន្ធិសញ្ញាអាណាព្យាបាល ដែលបានចុះហត្ថលេខានៅឆ្នាំ១៨៦៣ និង១៨៨៤។ នៅឆ្នាំ១៩៤៩ ដដែល ព្រះអង្គបានឡាយព្រះហស្ថលេខាលើសន្ធិសញ្ញាឯករាជ្យ ដែលប្រទេសបារាំងព្រមទទួលស្គាល់តាមផ្លូវច្បាប់ នូវឯករាជ្យរបស់ ព្រះរាជាណាចក្រកម្ពុជា។ ពីឆ្នាំ១៩៥២ ដល់ឆ្នាំ១៩៥៣ ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះអង្គយាងបំពេញព្រះរាជបូជនីយកិច្ចទាមទារកេតនភណ្ឌ ឯករាជ្យ ១០០ភាគរយ ជូនជាតិមាតុភូមិ ។

នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដោយស្នាព្រះហស្ថដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គ ព្រះរាជាណាចក្រកម្ពុជា បានទទួលឯករាជ្យ ទាំងស្រុងពីសាធារណរដ្ឋបារាំង។ ប្រជារាស្ត្រកម្ពុជាទូទាំងប្រទេស បានថ្វាយព្រះកិត្តិនាមព្រះអង្គជា «ព្រះមហាវីរបុរសជាតិ ព្រះបិតាឯករាជ្យជាតិ»។

ដើម្បីជាការចងចាំនូវព្រះរាជស្នាព្រះហស្ថដ៏ឧត្តុងឧត្តម នៃការទាមទារឯករាជ ពីអាណានិគមបារាំងនេះ វិមានឯករាជ្យត្រូវបានកសាង និង សម្ពោធដាក់ឲ្យប្រើប្រាស់ នៅឆ្នាំ១៩៥៨ ក្នុងរាជ្យព្រះបាទ នរោត្តម សុរាម្រិត (១៩៥៥-១៩៦០) ជាព្រះវរាជបិតា របស់សម្តេចព្រះ នរោត្តម សីហនុ។ វិមានឯករាជ្យនេះ ក៏ជានិមិត្តរូបបញ្ជាក់ថា ប្រទេសកម្ពុជា បានទទួលឯករាជ្យពីប្រទេសបារាំង នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ផងដែរ ។
ប្រទេសកម្ពុជា តែងតែប្រារព្ធទិវាបុណ្យឯករាជ្យជាតិនេះ ដែលមានពិធីប្រទានភ្លើងជ័យ រំឭកគុណអ្នកស្នេហាជាតិ ដែលបានពលីជីវិត ដើម្បីឯករាជ្យពីពួកអាណានិគមបារាំង ហើយពិធីបុណ្យ ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី៩ ខែវិច្ឆិកា និងបញ្ចប់នៅថ្ងៃទី១១ វិច្ឆិកា ជាកំណត់។ ថ្ងៃ៩ វិច្ឆិកានេះ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យ សិស្សានុសិស្ស និស្សិត កម្មករ និយោជិត និងមន្ត្រីរាជការ បានឈប់សម្រាកផងដែរ ដើម្បីចូលរួមអបអរសាទរ។

បើទោះបីព្រះមហាវីរក្សត្រ ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ជាតួអង្គដ៏សំខាន់ក្នុងការតស៊ូទាមទារឯករាជ្យពីប្រទេសបារាំង បានយាងចូលទិវង្គតអស់រយៈពេល ៤ឆ្នាំទៅហើយក្តី តែព្រះស្នាព្រះហស្ថ ដ៏ជាញជ័យក្នុងការនាំមកនូវសិទ្ធិសេរីភាពពីប្រទេសបារាំង បានធ្វើ ឲ្យប្រជារាស្រ្តរបស់ព្រះអង្គនៅតែចងចាំក្នុងក្រអៅបេះដូងមិនអាចបំភ្លេចបានឡើយនូវព្រះរាជព្រះបូជនីយកិច្ចដ៏ឧត្តុងឧត្តមរបស់ព្រះអង្គ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ
