មេកាសែត BBC លាឈប់ បន្ទាប់ពីបញ្ហាជាមួយរបស់លោក Trump
វ៉ាស៊ីនតោន ៖ ប្រធានទីភ្នាក់ងារព័ត៌មាន BBC បានលាលែងពីដំណែង បន្ទាប់ពីមានជម្លោះ ជុំវិញវីដេអូឯកសារ របស់លោក Trump ប្រធានាធិបតីអាមេរិក។
លោក Tim Davie អគ្គនាយក BBC និង ប្រធានផ្នែកព័ត៌មាន Deborah Turness បានប្រកាសលាលែងពីតំណែង កាលពីថ្ងៃអាទិត្យ បន្ទាប់ពីមានជម្លោះ ជុំវិញការកែសម្រួលវីដេអូឯកសារ អំពីលោក Donald Trump ចំពេលដែលប្រធានាធិបតីអាមេរិករូបនេះ បានវាយប្រហារលើ “អ្នកកាសែតពុករលួយ”។
លោក Tim Davie រងការចោទប្រកាន់ថា វីដេអូឯកសារក្នុងកម្មវិធី Panorama ដ៏ល្បីរបស់ខ្លួនបានកែសម្រួលសុន្ទរកថា របស់លោក Trump តាមរបៀបបំភាន់។ ប្រតិកម្មទៅនឹងព័ត៌មាននេះ លោក Trump បាននិយាយថា “អ្នកកាសែតពុករលួយ” ត្រូវបានលាតត្រដាង។ លោកបន្ថែមថា «ទាំងនេះគឺជាមនុស្សមិនស្មោះត្រង់បំផុត ដែលបានព្យាយាមឈានជើង លើមាត្រដ្ឋាន នៃការបោះឆ្នោតប្រធានាធិបតី»។
ជុំវិញការប្រកាសលាលែងពីតំណែង លោក Davie បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះ នៅលើគេហទំព័រ BBC ថា «ដូចជាស្ថាប័នសាធារណៈទាំងអស់ដែរ BBC មិនល្អឥតខ្ចោះទេ ហើយយើងត្រូវតែបើកចំហ តម្លាភាព និងគណនេយ្យភាពជានិច្ច»។ ប្រភពបន្តថា «ខណៈពេលដែលមិនមែនជាហេតុផលតែមួយគត់ ការជជែកដេញដោលគ្នា នាពេលបច្ចុប្បន្ន ជុំវិញ BBC News បានចូលរួមចំណែកយ៉ាងច្បាស់លាស់ ដល់ការសម្រេចចិត្តរបស់ខ្ញុំ… ខ្ញុំត្រូវតែទទួលខុសត្រូវ ជាទីបំផុត»៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
