ចិនពន្យារពេលហាមឃាត់នាំចេញរ៉ែកម្រទៅអាមេរិក

ប៉េកាំង ៖ ប្រទេសចិននឹងពន្យារពេលហាមឃាត់នាំចេញរ៉ែកម្ររបស់ផែនដីមួយចំនួនទៅកាន់សហរដ្ឋអាមេរិករហូតដល់ខែវិច្ឆិកា ឆ្នាំ២០២៦ ហើយការរឹតត្បិតនេះចាប់ផ្តើមកាលពីថ្ងៃអាទិត្យម្សិលមិញតទៅ។

ក្រសួងពាណិជ្ជកម្មចិនបាននិយាយកាលពីថ្ងៃអាទិត្យថា ការរឹតត្បិតនាំចេញរ៉ែកម្រមួយចំនួនទៅកាន់អាមេរិក នឹងត្រូវពន្យារពេលរហូតដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦។

ការប្រកាសនេះកើតឡើងក្រោយមានកិច្ចព្រមព្រៀងដែលសម្រេចបាន អំឡុងកិច្ចប្រជុំកំពូលរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងសមភាគីចិន លោក ស៊ី ជីនពីង នៅកូរ៉េខាងត្បូងកាលពីខែមុន។ បន្ទាប់ពីបញ្ចប់ជំនួបកំពូលនោះ ភាគីចិននិយាយថា ខ្លួននឹងបន្ធូរបន្ថយរឹតបន្តឹងការនាំចេញរ៉ែកម្រទៅកាន់អាមេរិក។

គួរបញ្ជាក់ថា ចិន គឺជាប្រទេសកែច្នៃរ៉ែកម្រធំបំផុតរបស់ពិភពលោក បានដាក់បម្រាមលើការនាំចេញបច្ចេកវិទ្យាប្រភេទនេះ ក្រោមហេតុផលការពារសន្តិសុខជាតិ និងផលប្រយោជន៍ជាតិរបស់ប្រទេស ដែលមានប្រជាជនច្រើនបំផុតលើពិភពលោកមួយនេះ។

រ៉ែកម្រស្ថិតក្នុងចំណោមរ៉ែចំនួន១៧ប្រភេទ ដែលគេដឹងថា ជាសមាសធាតុផ្សំមិនអាចខ្វះបាន សម្រាប់បច្ចេកវិទ្យាឡានអគ្គិសនី ទួប៊ីនកង្ហាអគ្គិសនីដើរដោយថាមពលខ្យល់ និងឧបករណ៍អេឡិចត្រូនិកផ្សេងៗរហូតដល់វិស័យយោធា៕

ប្រភព ៖ NHK និង AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner