ក្រសួងការពារជាតិកម្ពុជា ច្រានចោលចំពោះការចោទ​ប្រកាន់​ពីសំណាក់ភាគីថៃដែលថា កម្ពុជា​បានដាក់មីនថ្មី​បណ្តាលឱ្យកងទ័ពថៃរងរបួស

(ភ្នំពេញ)៖ ក្រសួងការពារជាតិកម្ពុជា បានសម្តែងការ​សោកស្តាយចំពោះឧបទ្ទវហេតុនៃការផ្ទុះគ្រាប់មីនដែលបណ្តាលឱ្យកងទ័ពថៃមួយចំនួនរងរបួសនៅពេលដើរល្បាតចូលតំបន់ចម្ការមីនចាស់ដែលបន្សល់ទុកពីសង្គ្រាមស៊ីវិលរបស់កម្ពុជា កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំ​ពាក្យ​​ក្រសួង​ការពារជាតិកម្ពុជានៅព្រឹកថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ២០២៥ បានបញ្ជាក់ថា៖ ”ក្រសួងការពារ​ជាតិ​កត់សម្គាល់ឃើញថា ចាប់តាំងពីថ្ងៃម្សិលមិញ​រហូត​មកដល់ថ្ងៃនេះ សារព័ត៌មានរបស់ថៃមួយចំនួន​បានចេញផ្សាយដោយដកស្រង់សម្តីថ្នាក់ដឹកនាំប្រទេសថៃ និងមន្ត្រីនៃកងយោធាថៃដែលបានចោទ​ប្រកាន់មក​លើកម្ពុជាថា បានដាក់គ្រាប់មីនថ្មី និងបណ្តាលឱ្យ​យោធា​​​របស់ខ្លួនជាន់ផ្ទុះ និងរងរបួសធ្ងន់ នៅខេត្តព្រះ​វិហារ។ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូម​ប្រ​កាស​បដិសេធការចោទប្រកាន់ទាំងនេះ​របស់​ភាគីថៃ​មកលើកម្ពុជា”។

ជាមួយគ្នានេះក្រសួងការពារជាតិ បានបញ្ជាក់យ៉ាង​មុត​មាំ​​ដែរ​ថា ចាប់តាំងពីក្លាយជារដ្ឋភាគី នៃអនុ​សញ្ញា​អូតាវ៉ា កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ និងកាតព្វកិច្ច​របស់ខ្លួននៅក្រោមច្បាប់អន្តរជាតិ ដោយមិនដែល​ដាក់​មីនថ្មីដែល​គំរាមកំហែងដល់សន្តិសុខ និងសុវត្ថិភាព​របស់​មនុស្សជាតិនោះឡើយ។

អ្នកនាំពាក្យក្រសួងការពារជាតិបានលើកឡើងថា៖ជា​ការ​ពិតណាស់ បើទោះបីជាមានកិច្ចខិតខំប្រឹងប្រែង ក្នុង​ការបោសសម្អាតមីនអស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះក៏ដោយ គ្រាប់មីនមិនទាន់ផ្ទុះដែលជា​សំណល់​​ពីសង្គ្រាមនៅតែបន្តគំរាមកំហែងដល់សន្តិសុខ និងសុវត្ថិភាពប្រជាជនស្លូតត្រង់កម្ពុជានៅតាមតំបន់ជាច្រើន ជាពិសេសនៅតាមតំបន់ព្រំដែនកម្ពុជា និងប្រ​ទេសជិតខាង ក្នុងនោះរួមទាំងថៃផងដែរ។ ក្នុងន័យនេះ ក្រសួងការពារជាតិអំពាវនាវឱ្យភាគីថៃចៀសវៀងការដើរល្បាតចូលក្នុងតំបន់ចម្ការមីនចាស់ៗ ជាពិសេសតំបន់​ដែលត្រូវបានអន្តរជាតិទទួលស្គាល់ថាជាចម្ការមីនដែលជាសំណល់ពីសង្គ្រាម ដើម្បីចៀសវាងគ្រោះថ្នាក់ដោយ​សារការផ្ទុះមីនចាស់ទាំងនេះ ដែលអាចបង្កឱ្យមានភាព​តាន​តឹងដោយមិនចាំបាច់។

បើតាមអ្នកនាំពាក្យក្រសួងការពារជាតិបានលើកឡើងថា”បើ យោងតាមព័ត៌មានដែលទទួលបាន​ពីយោធភូមិ​ភាគទី៤ របស់កម្ពុជា បានបញ្ជាក់ថាក្រោយពេលកើត ហេតុរួចកងកម្លាំងទាំងសងខាងដែលនៅជួរមុខបានធ្វើការទំនាក់ទំនងគ្នា ហើយគិតមកដល់ម៉ោងនេះសភាព​ការណ៍​មានភាពស្ងប់ស្ងាត់មិនមានភាពតានតឹងទេ”។

ជាមួយគ្នានេះក្រសួងការពារជាតិកម្ពុជាបានបង្ហាញពីការ បន្តប្តេជ្ញាចិត្តក្នុងការធ្វើការឱ្យបានជិតស្និទ្ធជាមួយ​ភាគី​ថៃ ក្នុងការលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាង​ប្រ​ទេស​​ទាំងពីរ ជាពិសេសធានាដល់សន្តិសុខ និង សុវត្ថិ​ភាពរបស់ប្រជាជនស៊ីវិល ស្របតាមសេចក្តីថ្លែងការណ៍​រួម​ស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ដែលត្រូវបានចុះ​ហត្ថលេ​ខា​កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner