វេទិកាកេសរកូលជាតិលើកទី៥ នឹងធ្វើឡើងនៅចុង​ខែ​វិច្ឆិកា នៅ ទីស្តីការកក្រសួងបរិស្ថាន

(ភ្នំពេញ)៖ ក្រសួងបរិស្ថាននឹង និងរៀបចំវេទិកា​កេសរកូលជាតិលើកទី៥ និងកម្មវិធីប្រគួតប្រជែងគំនូរ​កេសរកូល ប្រធានបទ៖ គុណតម្លៃកេសរកូលព្រៃចំពោះ​ប្រព័ន្ធអេកូឡូស៊ី ប្រជាសហគមន៍នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងអគារមតកតេជោ ទីស្តីការក្រសួង​បរិស្ថាន រាជធានីភ្នំពេញ ។

វេទិកាកេសរកូលជាតិលើកទី៥ រៀបចំឡើងដោយ​មានការ​តាំងបង្ហាញពីប្រភេទកេសរកូលព្រៃ កេសរកូល​បង្កាត់ ប្រភេទប្រទាល និងរុក្ខជាតិលម្អ រួមទាំង​ផលិត​ផល​ជីវៈចម្រុះជាច្រើនផ្សេងទៀត ដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីនានាភាពនៃប្រភេទកេសរកូលព្រៃកម្ពុជា ប្រភេទប្រទាល និងរុក្ខជាតិលម្អ របៀបដាំដុះ និងថែទាំ ព្រមទាំងគុណតម្លៃ និងអត្ថ​ប្រយោជ​ន៍​នៃរុក្ខជាតិទាំងនោះនៅក្នុងប្រព័ន្ធអេកូឡូស៊ី សំដៅលើកកម្ពស់ការស្រលាញ់ ការចូលរួម អភិរក្សជីវៈ ចម្រុះពីគ្រប់ភាគីពាក់ព័ន្ធ លើកកម្ពស់សេដ្ឋកិច្ចជាតិ និងជីវភាពសហគមន៍តំបន់ការពារធម្មជាតិ ស្របនឹង​យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញ​ផ្តោតលើសសរស្តម្ភ ចំនួន៣គឺ ភាពស្អាត ភាពបៃតង និងចីរភាព។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួង​បរិស្ថាន នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

វេទិកាកេសរកូលជាតិឆ្នាំនេះ នឹងតម្រូវឱ្យមានការប្រកួត​គំនូរ​កេសរកូលផងដែរ។ បេក្ខជន បេក្ខនារី អាចចូលរួម​ប្រកួតគំនូរកេសរកូលតាមលក្ខខណ្ឌដូចខាងក្រោម៖អាយុ៖ ចាប់ពី ១៨ ដល់ ៣៥ ឆ្នាំ , ប្រភេទគំនូរសម្រាប់​ចូលរួមប្រកួត៖ គំនូរពណ៌ទឹក ,ទំហំគំនូរ៖ A3 , កាល​បរិច្ឆេទផុតកំណត់ចូលរួម៖ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥។

អាស្រ័យហេតុនេះ សូមសាធារណជនដែលមានបំណង​ចូលរួមប្រកួតប្រជែងគំនូរកេសរកូល សូមមេត្តាបញ្ជូន​ស្នាដៃរបស់ខ្លួនឱ្យបានទាន់ពេលវេលា និងសូមបណ្តាញ​សារព័ត៌មានជាតិ-អន្តរជាតិ ភាគីពាក់ព័ន្ធ និងសាធារណ​ជន អញ្ជើញចូលរួមក្នុងវេទិកាកេសរកូលឆ្នាំ២០២៥ ឱ្យបាន​ច្រើនកុះករតាមការគួរ៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner