ប្រវត្តិឈ្មោះតំបន់អេកូទេសចរណ៍ ចាហ៊ូ (Jahoo) ខេត្ត មណ្ឌលគិរី កើតចេញពីសត្វទោចថ្ពាល់លឿង​ញីមួយ​ក្បាលរបស់ជនជាតិភាគតិច

(ភ្នំពេញ)៖តាមរយៈកូនសត្វទោចថ្ពាល់លឿង​ញីមួយ​ក្បាល ជាសត្វគួរឱ្យស្រឡាញ់ ដែលអ្នកស្រុកបានឃើញ​ស្ទើរ​រៀងរាល់ថ្ងៃ ដែលវាមកលេងពេលពួកគាត់មកធ្វើ​ចំការ​នោះ ពេលនេះតំបន់មួយកន្លែងនេះត្រូវបាន​គេ​ដាក់​ឈ្មោះឱ្យតាមកូនសត្វទោច ចាហ៊ូ(Jahoo)​ដែល​អ្នកស្រុកដាក់ឈ្មោះឱ្យវា ហើយមានភាពល្បីល្បាញ​រហូត​មកដល់សព្វថ្ងៃ ។

គួរបញ្ជាក់ថា តំបន់អេកូទេសចរណ៍ ចាហ៊ូ(Jahoo)ស្ថិត​នៅ​ដែនជម្រកសត្វព្រៃកែវសីមា ខេត្ត មណ្ឌលគិរី គឺជា​ទីកន្លែងដ៏ល្បីល្បាញ ក្នុងចំណោម ក្រុម អ្នកទេសចរ កម្សាន្ត សត្វទោច ថ្ពាល់លឿង ដែលជាសត្វកម្របំផុត​មួយលើពិភពលោក។

តំបន់អេកូទេសចរណ៍ សត្វទោច ថ្ពាល់លឿងមួយ​កន្លែង​នេះ​ត្រូវបានអង្គការ WCS បានផ្តួចផ្តើមសម្របសម្រួល​រៀបចំបង្កើតសហគមន៍អេកូទេសចរណ៍អណ្តូងក្រឡឹង ហៅថា «ចាហ៊ូ» Jahoo នៅឆ្នាំ២០១៣ ហើយចាប់ផ្តើម​អនុវត្តគម្រោងនៅឆ្នាំ២០១៤ ដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកទស្សនាកម្សាន្ត តាមរយៈការដើរក្នុងព្រៃ និងលើកកម្ពស់ការយល់ដឹងនៃការអភិរក្សព្រៃឈើ និងសត្វព្រៃ។

លោក សុខ បញ្ញាវុធ អ្នកស្រាវជ្រាវ នៅ ជំរំ ចាហ៊ូ បានប្រាប់ឱ្យដឹងថា៖ចាហ៊ូតាមពិតជាឈ្មោះកូនទោច​មួយក្បាលដែលអ្នកស្រុកដាក់ឱ្យវាកាលអំឡុងមុនពេលសហគមន៍អេកូទេសចរណ៍អណ្តូងក្រឡឹងបង្កើតឡើង។កាលនោះកូនសត្វទោចញីមួយក្បាលនេះ វាបានមក​លេងជាមួយអ្នកស្រុកធ្វើចំការនៅតំបន់ក្បែរទីកន្លែងជំរំចាហ៊ូ ដែលជាទីកន្លែងសត្វទោចថ្ពាល់លឿងរស់នៅ។

លោក សុខ បញ្ញាវុធ បានប្រាប់ឱ្យដឹងដែរថា ”ជនជាតិ​ភាគ​តិចបានចាត់ទុកសត្វទោចថ្ពាល់លឿង ជាសត្វ​សក្តិសិទ្ធរបស់ពួកគាត់។ពេលកូនសត្វទោចតែងមក​លេង​ពួកគាត់ជាញឹកញាប់ពេលធ្វើចំការនោះទើប​ពួក​គាត់​ស្រឡាញ់សត្វទោចញីថ្ពាល់លឿងនេះខ្លាំងណាស់ ហេតុនេះនៅពេលគេបង្កើតជំរំសត្វទោចនេះឡើងទើបគេដាក់ឈ្មោះឱ្យចាហ៊ូ ពោលគឺគេយកឈ្មោះតាម​កូន​សត្វទោចញីជាទីស្រឡាញ់របស់បងប្អូនជនជាតិភាគតិចនេះតែម្តង។

អ្នកនាង នេត្រ បូរមី អ្នកគ្រប់គ្រង តំបន់អេកូទេសចរណ៍​ជំរំ ចាហ៊ូ បញ្ជាក់ប្រាប់ថា៖ចាហ៊ូ ជាតំបន់ទេសចរណ៍​សត្វ​ទោចថ្ពាល់លឿង ដ៏សំខាន់មិនមានកន្លែងដទៃទៀត​ក្នុងប្រទេសកម្ពុជា។អ្នកទេសចរបរទេសភាគច្រើន​ដែល​ចូលមកកម្សាន្តទីកន្លែងនេះបំណងរបស់ពួកគេគឺទស្សនាសត្វទោចថ្ពាល់លឿង ។

ស្រ្តីរូបនេះបានឱ្យដឹងបន្ថែមថា ក្នុងជំរំចាហ៊ូមានកន្លែង​កម្សាន្ត​សំខាន់ៗចំនួន៥ទីតាំង។ជាទូទៅភ្ញៀវទេសចរ​ដែលមកកម្សាន្តទីកន្លែងនេះត្រូវមកដល់ជំរំចាហ៊ូមក៤កន្លះទៅ៥ព្រឹក ដើម្បីធ្វើដំណើរប្រមាណ ២ទៅ៣ គីឡូ​ម៉ែត្រ ដោយថ្មើរជើងទៀត ទើបអាចទៅមើលសត្វទោច​ថ្ពាល់​លឿងទាំងនេះបាន ។ ក្រៅអំពី​ទស្សនា​សត្វទោច​ថ្ពាល់លឿង នៅពេលថ្ងៃអ្នកទេសចរ ក៏អាចទស្សនា​ពពួកសត្វស្វា សត្វស្លាប និងសត្វដទៃទៀត។ក្រៅពីនេះ​អ្នកទេសចរអាចទស្សនាទឺកធ្លាក់ មើលដើមឈើធំៗ​ក្នុងព្រៃ មើលជីវភាពរស់នៅរបស់បងប្អូនជនជាតិ​ភាគ​តិច និងមើលការដើរដងជ័រទឹករបស់បងប្អូនសហគមន៍។

អ្នកគ្រប់គ្រង តំបន់អេកូទេសចរណ៍ជំរំចាហ៊ូ រូបនេះបាន​ប្រាប់ថា បើគិត រហូតមកដល់ត្រឹមពេលនេះជំរំចាហ៊ូ បានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបចំនួន ២ ៧៥១ នាក់ និងបានបង្កើតប្រាក់ចំណូលសរុបប្រហែល ៤១២ ០៣៧ ដុល្លារអាមេរិក។

ឯកឧត្តម ខ្វៃ អាទិត្យា មន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថាន​បានថ្លែងថាក្រសួងបរិស្ថាននឹងរៀបចំរបៀងទេសចរណ៍ធម្មជាតិតាមសហគមន៍នៅខេត្តមណ្ឌលគិរីនេះ ជាផ្នែក​មួយដែលធានា និងជួយលើកស្ទួយដល់ជីវភាព ប្រជា​សហគមន៍ឱ្យទទួលបានប្រាក់ចំណូលបន្ថែម ពីសេ​វា​អេកូទេសចរណ៍ធម្មជាតិ ។

មន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថានបញ្ជាក់ថាតំបន់អេកូទេសចរណ៍ជំរំចាហ៊ូ ជាកន្លែងទេសចរណ៍សត្វទោចថ្ពាល់​លឿង ជាសត្វដ៏កម្រដែលអ្នកទេសចរតែងចូលកម្សាន្ត និងក៏ជាតំបន់ របៀងទេសចរណ៍ធម្មជាតិដែលក្រសួង​នឹងរៀបចំឡើងសម្រាប់ធានា និងជួយលើកស្ទួយដល់​ជីវភាព ប្រជាសហគមន៍ឱ្យទទួលបានប្រាក់ចំណូល​បន្ថែម ពីសេវាអេកូទេសចរណ៍ធម្មជាតិ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner