ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ កម្ពុជា ពិតជា ត្រូវការប្រភេទថាមពលកកើតឡើងវិញដែល មានតម្លៃទាបសម្រាប់កំណើនសេដ្ឋកិច្ចជាតិ

(ភ្នំពេញ)៖ កម្ពុជាពិតជាត្រូវការលើផ្នែកថាមពល​អគ្គិសនី ក្នុងកម្រិតឧស្សាហកម្ម ដោយប្រើប្រាស់​ថាមពល​​​កកើតឡើងវិញ និងមានតម្លៃទាប សម្រាប់​កំណើន​សេដ្ឋកិច្ចជាតិ ។ នេះជាប្រសាសន៍លើកឡើង​របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងឱកាសអនុញ្ញាតឱ្យក្រុមហ៊ុន Huang New Energy Co Ltd Yunnan Branch និងក្រុមហ៊ុន Xinteyuan ( Shanghai) New Energy Co Ltd ចូលជួបពិភាក្សាការងារ នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង។

តាមតំណាងក្រុមហ៊ុនHuang New Energy Co Ltd Yunnan Branch បានឱ្យដឹងថាការជួបពិភាក្សា​នា​ពេល​នេះ គឺដើម្បីបង្ហាញពីគោលបំណងរបស់ក្រុមហ៊ុន Huang New Energy Co Ltd Yunnan Branch និងក្រុមហ៊ុន Xinteyuan ( Shanghai) New Energy Co Ltd ក្នុងការវិនិយោគថាមពលអគ្គិសនី​នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់​ថា កម្ពុជាជាប្រទេសតូចនិងមានសេដ្ឋកិច្ចតូច ហើយអ្វី​ដែល​បានឃើញសព្វថ្ងៃនេះគឺជាសមត្ថភាព​ដែលស្ថិត​ក្នុង​កម្រិតមួយ ដូច្នេះទម្រាំយើងមានខឿនសេដ្ឋកិច្ចមួយ​ទៀតនោះ យើងសម្លឹងមើលខឿនសេដ្ឋកិច្ច​ដែលយើង​មានស្រាប់ដែលធ្វើឱ្យយើងអាចចំណេញបាននោះគឺថាមពលកកើតឡើងវិញនិងមានតម្លៃទាប ។

បច្ចុប្បន្នភាគច្រើនថាមពលរបស់យើងគឺបានមកពីវារីអគ្គិសនី៦៥%, សូឡាប្រមាណ២០%, ក្រៅពីនេះគឺប្រេង និងឧស្ម័ននិងមួយចំនួនទៀតគឺប្រេងខ្មៅនិងធ្យូងថ្មប៉ុន្តែធ្យូងថ្មមានតម្លៃថ្លៃ ដូច្នេះប្រភេទថាមពលដែលខាងក្រុម​ហ៊ុនទាំងពីរមាននោះគឺអាចប្រជែងជាមួយប្រភេទថាមពលដទៃទៀតបាន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើក​ឡើងថា ឧស្សាហកម្មយុទ្ធសាស្ត្ររបស់កម្ពុជាគឺរោងចក្រ​ស្លរដែក ដែលមានត្រឹមតែ ៤ រោងចក្រប៉ុណ្ណោះនៅក្នុង​ប្រទេស ដូច្នេះបើមានប្រភពថាមពលដែលល្អនិងមាន​តម្លៃថោកនោះគឺនឹងអាចពង្រីករោងចក្រស្លដែកនេះបានច្រើនបន្ថែមទៀត។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបន្ថែមថា ឧស្សាហកម្ម​ស្លដែក កសិកម្ម ដឹកជញ្ជូន ផលិតទឹកស្អាតនិងការ​ផលិត​អំបិល សុទ្ធតែត្រូវការប្រើប្រាស់ថាមពល ដូច្នេះឯកឧត្តមមានបំណងចង់ឱ្យក្រុមហ៊ុនទាំងពីរសិក្សា និងចាប់យកទីផ្សារលើវិស័យទាំងនេះភ្ជាប់ជាមួយនឹងការវិនិយោគលើវិស័យថាមពលនៅក្នុងប្រទេសកម្ពុជា។
ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ពី​គោលជំហរស្វាគមន៍ជានិច្ចចំពោះការវិនិយោគរបស់ក្រុមហ៊ុនទាំងពីរលើផ្នែកថាមពលក្នុងកម្រិតឧស្សាហកម្ម ដែលអាចជួយបានយ៉ាងច្រើនដល់សេដ្ឋកិច្ចកម្ពុជា៕

អត្ថបទ ៖ ហេង វណ្ណា
រូបភាព ៖ គ្រី សម្បត្តិ

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner