នៅសាលាស្រុកបាកាន មានការផ្សព្វផ្សាយស្ដីពី «ផលិត​ផល​ធានារ៉ាប់រង​ខ្នាតតូចលើដំណាំកសិកម្ម»

(ពោធិ៍សាត់)៖ តំណាងមន្ទីរ ស្ថាប័នពាក់ព័ន្ធនានា​ជុំវិញ​ស្រុក គ្រឹះស្ថានឯកជន សមាគម ប្រតិបត្តិករ​វិស័យ​ដឹក​ជញ្ជូន និងសាធារណជន ក្នុងស្រុកបាកាន ខេត្តពោធិ៍​សាត់ បានទទួលការផ្សព្វផ្សាយស្តីពី «ផលិតផលធានា​រ៉ាប់​រង​ខ្នាតតូចលើដំណាំកសិកម្ម» ដែលរៀបចំឡើង​ដោយ​និយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) នាព្រឹក​ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ។

សិក្ខាសាលាផ្សព្វផ្សាយនេះមានការអញ្ជើញចូលរួមពីលោក ទូច ម៉េងឡេង ប្រធាននាយកដ្ឋានអភិវឌ្ឍន៍​ទី​ផ្សារ តំណាង ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃ​និយ័តករ​ធានារ៉ាប់រងកម្ពុជា និងលោក ជា ហេងឡុង អភិបាលរងនៃគណៈស្រុកបាកាន ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន ក្រុមហ៊ុនធានារ៉ាប់រងហ្វតតេកម្ពុជា និងប្រ​ជាពលរដ្ឋមូលដ្ឋានស្ថិតក្នុងស្រុកបាកាន។

លោក ទូច ម៉េងឡេង ប្រធាន​នាយកដ្ឋានអភិវឌ្ឍន៍​ទី​ផ្សារ នៃនិយ័តករធានារ៉ាប់​រងកម្ពុជា បានលើកឡើងថា សិក្ខាសាលាថ្ងៃនេះ ត្រូវបានរៀបចំឡើងក្នុងគោល​បំ​ណង ដើម្បីលើកកម្ពស់​ការ​យល់ដឹងរបស់ប្រជាពលរដ្ឋ​អំពីផលិតផលធានា​រ៉ាប់​រងខ្នាតតូចលើដំណាំកសិកម្ម។

លោកបានលើកឡើងបន្ថែមទៀតថា ទីផ្សារធានារ៉ាប់រង​កម្ពុជា បាននឹងកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស​ជាមួយ​នឹងកំណើនជាមធ្យមប្រចាំឆ្នាំប្រមាណ ៧% ក្នុង​រយៈ​ពេល ៥ ឆ្នាំចុងក្រោយនេះ។ បច្ចុប្បន្ន ទំហំទីផ្សារធានា​រ៉ាប់រងកើនឡើងដល់ប្រមាណ ៣៥៧លានដុល្លារ​អាម៉េ​រិក ក្នុងឆ្នាំ២០២៤។ ទំហំទីផ្សារនេះ បាន​រួមភាគទាន​ក្នុងសេដ្ឋកិច្ចកម្ពុជា តែប្រមាណ ១.១៣% ហើយដង់​ស៊ីតេធានារ៉ាប់រង មានចំនួន ២០,៦៥ ដុល្លារអាម៉េរិក សម្រាប់មនុស្សម្នាក់។ ក្នុងឆ្នាំ២០២៤ ទឹកប្រាក់សំណង​ដែលបានទូទាត់ជូន​អតិថិជនមានចំនួន ១០៤ លាន​ដុល្លា​រអាម៉េរិក ដែល​នេះ​ជាភស្ដុតាងបញ្ជាក់ថា ទីផ្សារ​ធានារ៉ាប់រងកម្ពុជា​នៅ​មានសក្តានុពលក្នុងការអភិវឌ្ឍន៍​នាពេលអនាគត។

លោក ជា ហេងឡុង អភិបាលរង​ស្រុក​​បាកានសង្ឃឹមថា សិក្ខាសាលាដ៏មានសារសំខាន់​នៅថ្ងៃនេះ នឹងផ្តល់នូវ​ចំណេះ​ដឹង និងព័ត៌មានពាក់ព័ន្ធ​នឹង​វិស័យធានារ៉ាប់រង ជាពិសេសផលិតផលធានារ៉ាប់រង​ខ្នាត​តូចលើដំណាំ​កសិកម្ម ​ តាមរយៈការធ្វើបទបង្ហាញ​ដោយ​ផ្ទាល់​របស់​ក្រុមការងារនៃនិយ័តករធានារ៉ាប់​រងកម្ពុជា និងក្រុមហ៊ុន​ធានារ៉ាប់រង។

លោកក៏បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ និងចូលរួមប្រកបដោយស្មារតីខ្ពស់ ទាញយកនូវចំណេះដឹងថ្មីៗពីការផ្លាស់ប្តូរមតិយោបល់ជាមួយនឹងវាគ្មិនជំនាញ និងអង្គសិក្ខាសាលាទាំងមូល ដើម្បីចូលរួមចំណែកដល់ការជំរុញនិងលើកកម្ពស់ផ្នែកសុខមាលភាព និងហិរញ្ញវត្ថុដល់បងប្អូនប្រជាពលរដ្ឋ​ដែលរស់នៅស្រុកបាកាន ខេត្តពោធិ៍សាត់ទាំងអស់​ផងដែរ៕

ដោយ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner