ក្រុមហ៊ូធីគំរាមបន្តវាយអ៊ីស្រាអែល បើសិនបទឈប់បាញ់ហ្គាហ្សាដួលរលំ
សាណាអា ៖ ក្រុមប្រដាប់អាវុធហ៊ូធីនៅប្រទេសយេម៉ែន ថ្មីៗនេះគំរាមថា ខ្លួននឹងបន្តបាញ់ស្រោចមីស៊ីល ក៏ដូចជាប្រើយន្តហោះដ្រូនវាយប្រហារប្រឆាំងនឹងអ៊ីស្រាអែល បើសិនបទឈប់បាញ់នៅតំបន់ហ្គាហ្សាដួលរលំ នេះបើយោងតាមលិខិតមួយផ្ញើទៅកាន់ចលនាក្រុមហាម៉ាស់ប៉ាឡេស្ទីន។
នៅក្នុងលិខិតនោះ មេដឹកនាំទើបតែងតាំងថ្មីរបស់ក្រុមហ៊ូធី គឺលោក Yousif al-Madani បានប្រាប់ក្រុមហាម៉ាស់ថា ការប្តេជ្ញារបស់យើង គឺការឈរប្រកៀកស្មារជាមួយអ្នករហូត មិនថា ទោះត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ។
ការប្រកាសនេះកើតឡើងបន្ទាប់ពីក្រុមហ៊ូធី នាពេលថ្មីៗនេះ បានចាត់វិធានការចល័តទ័ព ក្នុងនោះរួមមានការជ្រើសរើសអ្នកប្រយុទ្ធថ្មីរាប់រយនាក់ រឹតបន្តឹងវិធានការសន្តិសុខក្នុងតំបន់ពួកគេគ្រប់គ្រង បង្កើតចំណុចត្រួតពិនិត្យបន្ថែម និងឃុំខ្លួនបុគ្គលិកអង្គការសហប្រជាជាតិថែមទៀត ដោយចោទប្រកាន់ពីបទធ្វើចារកម្មឱ្យអ៊ីស្រាអែល។
ការវិវត្តទាំងនេះកើតឡើងបន្ទាប់ពីសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ កាលពីសប្តាហ៍មុន ដែលបានចោទប្រកាន់ថា ក្រុមហ៊ូធីបានបង្កការគំរាមកំហែងដល់អ៊ីស្រាអែល ហើយថា ការងារកំពុងដំណើរការដើម្បីលុបបំបាត់ពួកសកម្មប្រយុទ្ធនៅយេម៉ែនមួយនេះ។
គួរបញ្ជាក់ថា ចាប់តាំងពីសង្គ្រាមនៅហ្គាហ្សាផ្ទុះឡើងនៅក្នុងខែតុលា ឆ្នាំ២០២៣មក ក្រុមហ៊ូធីបានបាញ់ស្រោចមីស៊ីលផ្លោង និងប្រើយន្តហោះដ្រូនរាប់រយគ្រឿងវាយលុកអ៊ីស្រាអែល ដែលភាគច្រើនត្រូវបានកម្ទេច។ ប៉ុន្តែការវាយប្រហារនោះបានផ្អាកបណ្តោះអាសន្នចាប់តាំងពីមានបទឈប់បាញ់បច្ចុប្បន្នដែលចូលជាធរមាននៅថ្ងៃទី១០ ខែតុលា។
ភាគច្រើន ក្រុមហ៊ូធីបានកំណត់គោលដៅវាយប្រហារលើកប៉ាល់មានទំនាក់ទំនងជាមួយអ៊ីស្រាអែល ដែលធ្វើដំណើរឆ្លងកាត់សមុទ្រក្រហម ហើយកន្លងមក ពួកគេបានបាញ់ពន្លិចកប៉ាល់ចំនួន៤គ្រឿងរួចមកហើយ៕



ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា