កម្ពុជា បង្ហាញឆន្ទៈមុតមាំ ក្នុងការលើកកម្ពស់ និងធ្វើឱ្យកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ក្លាយជាព្រឹត្តិការណ៍ដ៏លេចធ្លោ នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក
រាជរដ្ឋាភិបាលកម្ពុជាកំពុងបង្ហាញឆន្ទៈដ៏មុតមាំក្នុងការធ្វើឱ្យកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ ឲ្យក្លាយជាព្រឹត្តិការណ៍ដ៏លេចធ្លោ ដើម្បីលើកកម្ពស់អង្គការហ្វ្រង់កូហ្វូនី នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ។ ការបង្ហាញឆន្ទៈនេះ បានលើកឡើងដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងជាប្រធានគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ក្នុងឱកាសដឹកនាំកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅឆ្នាំ២០២៦ ដើម្បីធ្វើបច្ចុប្បន្នភាពការងារត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ។
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានមានប្រសាសន៍ថា កិច្ចប្រជុំនេះ ជាដំណាក់កាលដ៏សំខាន់មួយនៅក្នុងដំណើរការរៀបចំ និងបង្ហាញឆន្ទៈដ៏មុតមាំរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យកិច្ចប្រជុំកំពូលនៅកម្ពុជា ក្លាយជាព្រឹត្តិការណ៍ដ៏លេចធ្លោ ដើម្បីលើកកម្ពស់អង្គការហ្វ្រង់កូហ្វូនី នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ព្រមទាំងបញ្ជាក់ពីការតាំងចិត្តរបស់កម្ពុជាចំពោះគុណតម្លៃ និងភាពរស់រវើក នៃសហគមន៍ហ្រ្វង់កូហ្វូនី ។
កម្ពុជានៅឆ្នាំ២០២៦ ខាងមុខនេះ នឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅខេត្តសៀមរាប ដែលជាលើកទីមួយក្នុងរយៈពេលជិត ៣០ឆ្នាំ ចុងក្រោយនេះ ដែលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ត្រូវបានរៀបចំឡើងនៅតំបន់អាស៊ីអាគ្នេយ៍ ។ កិច្ចប្រជុំកំពូលនេះ មានសារៈសំខាន់ណាស់សម្រាប់កម្ពុជា ដោយនឹងបង្ហាញពីជំហររីកចម្រើនរបស់កម្ពុជា ក្នុងឆាកអន្តរជាតិ និងការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះកិច្ចសហប្រតិបត្តិការពហុភាគី ។
ការប្រកាសថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនេះ ត្រូវបានធ្វើឡើងអំឡុងពេលព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ បានយាងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់ហ្វូកូនី លើកទី១៩ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ ដែលបានធ្វើឡើងនៅ Grand Palais ទីក្រុងប៉ារីស។
សូមជម្រាបជូនថា អង្គការអន្តរជាតិ នៃក្រុមប្រទេសនិយាយភាសាបារាំង ឬហៅកាត់ថាហ្វ្រង់កូហ្វូនី (OIF) បានបង្កើតឡើងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៧០ មានសមាជិក ៨៤ប្រទេស ក្នុងនោះមានសមាជិកពេញសិទ្ធិចំនួន៥៤ និង សមាជិកមិនពេញសិទ្ធិ៤ ព្រមទាំងសមាជិកជារដ្ឋសង្កេតការណ៍ ២៦ប្រទេស ។ កម្ពុជាបានក្លាយជាសមាជិកក្នុងនាមជារដ្ឋសង្កេតការណ៍ នៅខែវិច្ឆិកា ឆ្នាំ១៩៩១ និងបានក្លាយជាសមាជិកពេញសិទ្ធិនៅខែតុលា ឆ្នាំ១៩៩៣ នៅឯកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី៥ នៅភូមិ Grand-Baie នៃប្រទេសម៉ូរីតានី ៕





អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ សួង ពិសិដ្ឋ