សមាគមជប៉ុន-កម្ពុជា បន្តអនុវត្តផែនការធុរកិច្ចក្នុង វិស័យ​សំខាន់ៗ ដើម្បីរួមចំណែកក្នុងការជំរុញកា ររីកចម្រើន ផ្នែកធុរកិច្ច និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុ​ញ្ញាត​ឱ្យ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា និងគណៈប្រតិភូ ធុរជន ចូលជួបសម្ដែងការគួរ​សម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

ឯកឧត្តមប្រធានសមាគមជប៉ុន-កម្ពុជា បានថ្លែងអំណ​រ​គុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេចបវរធិបតី ដែល​បាន​ចំណាយពេលវេលាដ៏មមាញឹក អនុញ្ញាតឱ្យរូប ឯកឧត្តម និងគណៈប្រតិភូធុរជន ចូលជួបសម្ដែងការ​គួសម និងពិភាក្សាការងារនាពេលនេះ។

ឯកឧត្តមប្រធានសមាគម បានគោរពជម្រាបជូន​សម្តេច​បវរធិបតី ថា ក្នុងដំណើរទស្សនកិច្ចលើកទី៥នេះ មាន​ការចូលរួមពីសមាជិកសមាគមទាំងថ្មី ទាំងចាស់ចំនួន ៣០ ក្រុមហ៊ុន។

ឯកឧត្តមប្រធានក៏បានគោរពរាយការណ៍អំពីវឌ្ឍនភាពល្អប្រសើរនៃការអនុវត្តផែនការរបស់សមាគម បន្ទាប់ពី​សមាគមបានបង្កើតការិយាល័យផ្លូវការរបស់ខ្លួននៅកម្ពុជា ក្នុងឆ្នាំ២០២៤។ ឆ្លៀតក្នុងឱកាសនោះ, ឯកឧត្តម​ប្រធាន​សមាគមក៏បានជម្រាបជូនសម្តេច​បវរធិបតី​អំពី​ចំណាប់អារម្មណ៍ និងផែនការធុរកិច្ចសំខាន់ៗមួយចំនួន​របស់សមាគម ដែលបានរៀបចំ និងកំពុងអនុវត្ត ដោយ​ផ្តោតជាពិសេសលើវិស័យសំខាន់ៗ ចំនួន ៣ រួមមាន៖ ១) ការបណ្ដុះបណ្ដាលធនធានមនុស្ស សំដៅលើក​កម្ពស់ជំនាញរបស់ពលករកម្ពុជា ដោយយកស្ដង់​ដារ​ជប៉ុនជាគោល; ២) វិស័យកសិ-ឧស្សាហកម្មកែច្នៃ ដែលផ្តោតលើការកែច្នៃផលិតផលកសិផលមួយចំនួន; និង ៣) វិស័យឌីជីថល សំដៅបំពាក់ជំនាញ​ឌីជីថល​ដល់ពលករកម្ពុជា។

ជាការឆ្លើយតប, សម្ដេចបវរធិបតី បានវាយតម្លៃខ្ពស់​ចំពោះការខិតខំប្រឹងប្រែងរបស់សមាគមជប៉ុន-កម្ពុជា ដែលតែងតែសម្របសម្រួលដំណើរទស្សនកិច្ចរបស់សមាជិកសមាគមដែលធ្វើធុរកិច្ចក្នុងវិស័យនានា មកកាន់​ប្រទេសកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគ និងធុរកិច្ច​នៅកម្ពុជា ព្រមទាំងការចូលរួមផ្សព្វផ្សាយព័ត៌មានល្អៗ​អំពីកម្ពុជា និងការបង្ហាញជូនធុរជនជប៉ុនអំពី​កាលានុវត្ត​ភាព និងគោលនយោបាយទាក់ទាញការវិនិយោគ​របស់​កម្ពុជា នាពេលកន្លងមក។

សម្ដេចបវរធិបតី បានសង្កត់ធ្ងន់អំពីការគាំទ្ររបស់​រាជរដ្ឋា​ភិបាល​កម្ពុជាចំពោះកិច្ចខិតខំប្រឹងប្រែង ក៏ដូចជា​ផែនការដែលសមាគមជប៉ុន-កម្ពុជា បានរៀបចំ និង ដាក់ឱ្យអនុវត្ត។ ព្រមជាមួយគ្នានេះ, សម្ដេចបវរធិបតី បានបញ្ជាក់ជូនឯកឧត្តមប្រធានសមាគម និងគណៈ​ប្រតិភូធុរជន ថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្ត​បង្ក​លក្ខណៈ​ងាយស្រួល និងផ្តល់កិច្ចសម្របសម្រួលដល់​ការរៀបចំ និងអនុវត្តផែនការធុរកិច្ច និងវិនិយោគ​របស់​សមាគម នៅកម្ពុជា។ ទន្ទឹមនឹងនេះ ដើម្បីធានានូវ​ដំណើ​រ​ការ​នៃការអនុវត្តផែនការប្រកបដោយ​ប្រសិទ្ធ​ភាព និងធានាបាននូវការរីកចម្រេីនរបស់ក្រុមហ៊ុន និង​សហគ្រាសរបស់ជប៉ុន និយាយដោយឡែក ក៏ដូច​ជា​ការ​រីកចម្រេីនប្រទេសកម្ពុជា និយាយជារួម, សម្ដេច​បវរធិប​តី បានណែនាំដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ​កម្ពុជា ឱ្យ​បន្ត​សហការយ៉ាងជិតស្និទ្ធជាមួយ​សមាគម​ជប៉ុន-កម្ពុជា ដេីម្បីសម្រេចបាននូវសកម្មភាពជាក់ស្តែង​។

មុននឹងបញ្ចប់, សម្តេចបវរធិបតី បានរំលឹកឡេីងវិញ​ផងដែរ​ថា ក្នុងដំណើរទស្សនកិច្ចការងារផ្លូវការរបស់​សម្ដេចបវរធិបតី ទៅកាន់ប្រទេសជប៉ុន កាលពី​ខែឧសភា​កន្លងទៅ, កម្ពុជា-ជប៉ុន បានឯកភាពគ្នាក្នុង​ការបង្កេីតគម្រោង «កញ្ចប់សហបង្កើតសេដ្ឋកិច្ចកម្ពុជា-ជប៉ុន» (Cambodia-Japan Economic Co-Creation Package) ក្នុងគោលបំណងលើកកម្ពស់​កិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងវិស័យឯកជន​របស់​ប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត។ សម្ដេចបវរធិបតី បានលើកទឹកចិត្តឱ្យ​សមាគម​ជប៉ុន-កម្ពុជា ចូលរួមសិក្សានិងស្វែងយល់​បន្ថែម​លើការ​បង្កើត​តំបន់សេដ្ឋកិច្ចពិសេសសម្រាប់​ក្រុមហ៊ុន និងសហគ្រាស​ជប៉ុន ជាពិសេស សហគ្រាស​ធុនតូច និងមធ្យម (SMEs) ​របស់ជប៉ុន នាពេលអនាគត​៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner