ក្រសួងប្រៃសណីយ៍ជំរុញដល់ប្រតិបត្តិករទូរសព្ទចល័តបន្តសកម្មភាពផ្សព្វផ្សាយអប់រំសារពាក់ព័ន្ធ បញ្ហាអេដស៍ និងគ្រឿងញៀន
(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់ ក្រសួងប្រៃសណីយ៍ ឯកឧត្តម ខាយ ឃុនហេង បានមានប្រសាសន៍ថា ក្រោមការយកចិត្តទុកដាក់របស់ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ក្រសួងបានចូលរួមសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ឯកឧត្តម បានផ្តាំផ្ញើឱ្យបណ្តាប្រតិបត្តិករទូរសព្ទចល័តបន្តសកម្មភាពផ្សព្វផ្សាយអប់រំសារពាក់ព័ន្ធនឹងបញ្ហាអេដស៍និងគ្រឿងញៀនបន្តទៀត ។
ចំពោះប្រតិបត្តិករប្រៃសណីយ៍ សូមបន្តចូលរួមយ៉ាងសកម្មបំផុតក្នុងការទប់ស្កាត់ការចរាចរគ្រឿងញៀន ព្រមទាំងគោរពតាមការអនុវត្តតាមបទបញ្ជា របស់រាជរដ្ឋាភិបាល លេខ ០២ បប ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ស្តីពីការដាក់ចេញវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា។ ចំពោះប្រតិបត្តិករផ្តល់សេវាប្រៃសណីយ៍ ត្រូវពង្រឹងការត្រួតពិនិត្យទប់ស្កាត់ការចរាចរបញ្ញើហាមឃាត់ ជាពិសេសបញ្ញើដែលសង្ស័យបង្កប់សារធាតុគីមី ឬថ្នាំញៀន និង ឧបករណ៍ សម្រាប់ជក់ ប្រើប្រាស់ សារធាតុខុសច្បាប់ទាំងនេះ ។
ប្រសាសន៍ ឯកឧត្តម ខាយ ឃុនហេង រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ និងប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញផ្សព្វផ្សាយបទបញ្ជា របស់រាជរដ្ឋាភិបាល លេខ ០២ បប ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ស្តីពីការដាក់ចេញវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និង ស៊ីស្សា ជូនមន្ត្រីរាជការ អង្គភាព និងក្រុមហ៊ុនប្រតិបត្តិករប្រៃសណីយ៍និងទូរគមនាគមន៍ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
ឯកឧត្តម ខាយ ឃុនហេង ក៏បានផ្តល់កិត្តិយសប្រគល់បណ្ណសរសើរ និងលិខិតសរសើរ ជូនមន្ត្រីរាជការ អង្គភាព និងក្រុមហ៊ុនប្រតិបត្តិករប្រៃសណីយ៍និងទូរគមនាគមន៍ ដែលបានចូលរួមក្នុងសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំ២០២៤ កន្លងមក និងសង្ឃឹមថា បានទទួលការកោតសរសើរពីអាជ្ញាធរគ្រឿងញៀនក្នុងសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំ២០២៥ ខាងមុខ ៕






ដោយ ៖ ង៉ាន់ ទិត្យ