សម្ដេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ការភ្ជាប់ជើងហោះហើរត្រង់ពីឥណ្ឌា មកខេត្តសៀមរាប
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈបណ្ដាញសង្គមនារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចូលរួមអបអរសាទរដល់ ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា នឹងហោះហើរត្រង់ពី Kolkata សាធារណរដ្ឋឥណ្ឌា មកកាន់ខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ ក្រោមកិច្ចសហការដ៏រីករាយរវាង រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ។
សូមជម្រាបថា ក្រុមហ៊ុនអាកាសចរណ៍ IndiGo Airlines របស់ឥណ្ឌា នឹងតភ្ជាប់ជើងហោះហើរត្រង់លើកដំបូងរបស់ខ្លួនពីទីក្រុង Kolkata មកខេត្តសៀមរាប ចាប់ពីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ ដែលធ្វើការហោះហើរចំនួន ៣ ជើងក្នុងមួយសប្តាហ៍។ ការហោះហើរត្រង់មកកម្ពុជាដំណើរការដោយយន្តហោះ Airbus A320neo ដែលនឹងចូលរួម ពង្រឹងវិស័យទេសចរណ៍ និងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ឥណ្ឌា។
ឥណ្ឌា ជាទីផ្សារទេសចរណ៍ ដែលមានកំណើនលឿនបំផុតមួយរបស់កម្ពុជា។ ក្នុងឆ្នាំ២០២៤ ភ្ញៀវទេសចរឥណ្ឌាជាង ៧៥.០០០ នាក់បានមកទស្សនា ប្រទេសកម្ពុជា ដែលទាក់ទាញដោយតំបន់បេតិកភណ្ឌ និងការពង្រីកវិស័យបដិសណ្ឋារកិច្ច។ ផ្លូវហោះហើរថ្មីនេះ ត្រូវបានគេរំពឹងថា នឹងជំរុញការមកដល់បន្ថែមទៀត ជាពិសេសនៅពេលដែលកម្ពុជា កំណត់គោលដៅភ្ញៀវទេសចរអន្តរជាតិចំនួន ៧ លាននាក់នៅឆ្នាំ២០២៦។
វិស័យអាកាសចរណ៍កម្ពុជា កំពុងឈានចូលដល់ដំណាក់កាលផ្លាស់ប្តូរ ទៅកាន់សករាជថ្មី ជាមួយនឹងការបើកដំណើរការនាពេលខាងមុខ នៃអាកាសយានដ្ឋានអន្តរជាតិតេជោ និងការពង្រីកបណ្តាញផ្លូវអាកាសអន្តរជាតិ របស់កម្ពុជា ហើយយើងមានគោលបំណងដាក់ប្រទេសកម្ពុជា ជាមជ្ឈមណ្ឌលអាកាសចរណ៍ក្នុងតំបន់ដែលឆ្លើយតបនឹងស្តង់ដារអន្តរជាតិខាងសុវត្ថិភាព ប្រសិទ្ធភាព និងនិរន្តរភាព ។
យោងតាមអាកាសចរណ៍ស៊ីវិល នៅក្នុងរយៈពេល ៩ ខែ ឆ្នាំ២០២៥ កម្ពុជាទទួលបានអ្នកដំណើរតាមជើងហោះហើរចំនួនជាង ៥,១ លាននាក់ កើនឡើង ១៤ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៤ ៕
ដោយ ៖ វណ្ណលុក