ក្រុមហ៊ុនអាកាសចរណ៍ Emirates ដាក់ឱ្យដំណើរការសេវាកម្ម Check-in ដោយខ្លួនឯងនៅអាកាសយានដ្ឋានអន្តរជាតិតេជោរបស់រាជធានី​ភ្នំពេញ

ក្រុមហ៊ុនអាកាសចរណ៍Emirates បានក្លាយជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេ​ ​ដែលបានដាក់ឱ្យដំណើរការសេវាកម្ម Check-in ដោយខ្លួនឯងសម្រាប់អតិថិជនរបស់ខ្លួននៅមជ្ឈមណ្ឌលហោះហើរថ្មីបំផុតរបស់រាជធានី​ភ្នំពេញពោលគឺ អាកាសយានដ្ឋានអន្តរជាតិតេជោ​។

ម៉ាស៊ីនផ្ដល់សេវាកម្ម Check-in ដោយខ្លួនឯងចំនួនបួន ដែល​ភ្ជាប់ជាមួយប្រព័ន្ធរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ត្រូវបានដាក់ឱ្យ​អតិថិជនរបស់ក្រុមហ៊ុនប្រើប្រាស់។ អតិថិជនអាច​ស្កេនលិខិតឆ្លងដែន ពិនិត្យ និងលក្ខខណ្ឌ ជ្រើសរើសឬផ្លាស់ប្តូរកៅអី ទិញសេវាកម្មបន្ថែម និងធ្វើបច្ចុប្បន្នភាពព័ត៌មានសម្រាប់ការទំនាក់ទំនង មុនពេលធ្វើដំណើរទៅកាន់កន្លែង check-in របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ដើម្បីដាក់អីវ៉ាន់​របស់ខ្លួន។

ចាប់ពីថ្ងៃនេះតទៅ អតិថិជនរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates​ ​ដែលហោះហើរពីភ្នំពេញ នឹងរីករាយជាមួយពេលវេលារង់ចាំកាន់តែខ្លី និងភាពងាយស្រួលជាងមុន ដោយសារតែវត្តមានម៉ាស៊ីនផ្ដល់សេវាកម្ម Check-in ដោយខ្លួនឯង​ដែលងាយស្រួលប្រើប្រាស់នេះ។​ ម៉ាស៊ីនផ្ដល់សេវាកម្ម Check-in ដោយខ្លួនឯងនេះ មានទីតាំងនៅក្បែរកន្លែង check-in របស់ក្រុមហ៊ុននៅស្ថានីយអ្នកដំណើរ​។

នាពេលថ្មីៗនេះ  ក្រុមហ៊ុនអាកាសចរណ៍ Emirates​ បានផ្លាស់ប្តូរប្រតិបត្តិការរបស់ខ្លួនទៅកាន់​អាកាសយានដ្ឋានអន្តរជាតិតេជោរបស់រាជធានីភ្នំពេញ ជាអាកាសយានដ្ឋានទំនើប និងមានសមត្ថភាពខ្ពស់ ដែលត្រូវបានរចនាឡើងដើម្បីសម្របតាមចំនួនអ្នកដំណើរដែលកំពុងមានការកើនឡើងនៅរាជធានីរបស់ប្រទេសកម្ពុជា។ ការវិនិយោគរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ទៅលើបច្ចេកវិទ្យា Check-in ដោយខ្លួនឯង ដែលត្រូវបានអភិវឌ្ឍន៍និងផ្តល់ដោយអាកាសយានដ្ឋានអន្តរជាតិតេជោ​ បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការលើកកម្ពស់បទពិសោធន៍នៃការធ្វើដំណើររបស់អតិថិជនចាប់តាំងពីពេលមកដល់អាកាសយានដ្ឋានដែលស្របតាមការយកចិត្តទុកដាក់របស់ក្រុមហ៊ុនទៅលើនវានុវត្តន៍និងលើកកម្ពស់បទពិសោធន៍ធ្វើដំណើរនៅទូទាំងបណ្តាញសកលរបស់ខ្លួន។

អំពី EMIRATES កម្ពុជា

ក្រុមហ៊ុនអាកាសចរណ៍ Emirates មានជើងហោះហើរប្រចាំថ្ងៃរវាងទីក្រុងឌូបៃនិងទីក្រុងភ្នំពេញ ឆ្លងកាត់ប្រទេសសិង្ហបុរីដែលដំណើរការដោយយន្តហោះ Boeing 777-300ER ដែលមានការកំណត់រចនាសម្ព័ន្ធបីថ្នាក់ និងជើងហោះហើរ ៣ ដងក្នុងមួយសប្តាហ៍រវាងទីក្រុងឌូបៃ និងខេត្តសៀមរាប ឆ្លងកាត់ទីក្រុងបាងកកដែលដំណើរការដោយយន្តហោះ Boeing 777-300ER ដែលមានការកំណត់រចនាសម្ព័ន្ធពីរថ្នាក់។ អ្នកធ្វើដំណើរទៅមកពីប្រទេសកម្ពុជា នឹងទទួលបាន​អត្ថប្រយោជន៍​ពីសេវាកម្មអាកាសចរណ៍ ដែលឈ្នះពានរង្វាន់ និងផលិតផល​ឈានមុខគេក្នុងឧស្សាហកម្មពីក្រុមហ៊ុនអាកាសចរណ៍ Emirates បទពិសោធន៍នៅលើអាកាស និងនៅលើដីពីគ្រប់ថ្នាក់សម្ព័ន្ធ ជាមួយនឹងម្ហូបអាហារដ៏ឈ្ងុយ​ឆ្ងាញ់​តាមតំបន់ និងភេសជ្ជៈឥតគិតថ្លៃ ព្រមទាំងប្រព័ន្ធកម្មវិធី​កម្សាន្ត​លើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ ដែល​ផ្តល់ជាង ៦ ៥០០ ប៉ុស្តិ៍ ការកម្សាន្តតាមតម្រូវការជាង ៤០ ភាសា រួមទាំងភាពយន្ត កម្មវិធីទូរទស្សន៍ និងបណ្ណាល័យ​តន្ត្រីដ៏ច្រើនសំបូរបែប ជាមួយ ហ្គេម សៀវភៅ​សំឡេង និងផតខាស់៕ ដោយ ទីផ្សារ

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner