ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ៖ កម្ពុជា បានប្តេជ្ញា​ចិត្ត​មុតស្រួច ក្នុងការបោសសម្អាតការឆបោកតាម​ប្រព័ន្ធ​បច្ចេកវិទ្យា

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តមុតស្រួច ក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តាមរយៈការបង្កើតយន្តការ គណៈកម្មការចំពោះ​កិច្ច​ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បន្ថែម​លើយន្តការដែលមានស្រាប់ សំដៅធ្វើយ៉ាងណាសម្រប​សម្រួលអាជ្ញាធរថ្នាក់ក្រោមជាតិយកចិត្តទុកដាក់បោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាពីមូលដ្ឋានរបស់ខ្លួន។

នេះជាប្រសាសន៍របស់ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ខណៈបានអនុញ្ញាតឱ្យ ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតអង់គ្លេស៍ប្រចាំ​កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានសង្កត់ធ្ងន់​ពីសារៈ​សំខាន់ នៃកិច្ចសហប្រតិបត្តិការជាមួយដៃគូ​អន្តរជាតិ តាមរយៈការចូលរួមស៊ើបអង្កេត ចែករំលែក​ព័ត៌មាន និងបទពិសោធន៍ ដើម្បីបង្កាទប់ស្កាត់ និងស្រាវ​ជ្រា​វរកមេក្លោងនិងបណ្តាញអង្គការចាត់តាំងឱ្យបាន​ម៉ឺងម៉ាត់ ។

ជាកិច្ចឆ្លើយតប ឯកឧត្តម ឯកអគ្គរាជទូត បានកោត​សរសើ​​ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កើត​គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះឡើង។ ឯកឧត្តម ឯកអគ្គរាជទូត បានគូសបញ្ជាក់អំពីការពេញចិត្តចំពោះទំនាក់ទំនងកាន់តែជិតស្និទជាមួយកម្ពុជា និងបង្ហាញពីបំណងបង្កើន​កិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ ដើម្បីជួយឱ្យកម្ពុជា​កាន់តែមានការអភិវឌ្ឍ និងរឹងមាំ។ ទន្ទឹមនេះ ឯកឧត្តម ឯកអគ្គរាជទូត ក៏មានបំណងភ្ជាប់ទំនាក់ទំនងជាមួយ​គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការជួយគ្នាទៅវិញទៅមកលើការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។

ភាគីទាំងពីរបានពិភាក្សាអំពីជំហានបន្ទាប់ក្នុងកិច្ចសហប្រតិបត្តិការ និងការកសាងសមត្ថភាព សំដៅរួមគ្នា​ប្រ​យុទ្ធ​ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលជា​កង្វល់រួម ឱ្យកាន់មានប្រសិទ្ធភាពនិងប្រសិទ្ធផល៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner