ក្រសួងបរិស្ថាន ប្រាប់ឱ្យម្ចាស់ផេក Nimol Felix និងអ្នកផ្សព្វផ្សាយបន្ត ធ្វើការលុបព័ត៌មានក្លែងក្លាយ ដែលភូតកុហកពីគុណភាពខ្យល់នៅកម្ពុជានោះចេញជាបន្ទាន់
(ភ្នំពេញ)៖ ក្រសួងបរិស្ថានបានចេញសេចក្តីប្រកាសព័ត៌មានមួយដោយបញ្ជាក់ថាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងបរិស្ថានបានកត់សម្គាល់ឃើញមានការផ្សព្វផ្សាយ និង ចែករំលែកនូវព័ត៌មានមិនពិត អំពីករណីគុណភាពខ្យល់នៅកម្ពុជា ធ្វើឱ្យមានការភាន់ច្រឡំថាហាក់បីដូចជា ប្រទេសកម្ពុជារងការបំពុលបរិយាកាស។ ក្រសួងបរិស្ថានស្នើឱ្យម្ចាស់ផេក Nimol Felix និងអ្នក ផ្សព្វផ្សាយបន្ត ធ្វើការលប់ព័ត៌មានមិនពិតនេះចេញ និងបញ្ឈប់ការផ្សព្វផ្សាយព័ត៌មាន ដែលជំរុញឱ្យ សាធារណជន មានការភាន់ច្រឡំ លើគុណភាពខ្យល់នៅកម្ពុជានាពេលបច្ចុប្បន្ន។
ជុំវិញបញ្ហានេះក្រសួងបរិស្ថានបញ្ជាក់ថា ក្រសួងបានតម្លើងឧបករណ៍តាមដានបរិមាណខ្យល់ រយៈពេល ២៤ម៉ោងក្នុង១ថ្ងៃ ចំនួន៦០ កន្លែង នៅទូទាំងប្រទេស ក្នុងនោះឧបករណ៍ក្នុង៨ទីតាំងនៅរាជធានីភ្នំពេញ បានបង្ហាញទិន្នន័យគុណភាពខ្យល់នៅកម្ពុជា មានភាពល្អប្រសើរ ពោលគឺស្ថិតនៅក្រោមបន្ទាត់ក្រហម។ ដូច្នេះបងប្អូនប្រជាពលរដ្ឋកុំព្រួយបារម្ភ និងកុំជឿលើការផ្សព្វផ្សាយនិងការចែកចាយលើណ្តាញសង្គម មួយចំនួនខាងលើឱ្យសោះ ខណៈក្រុមការងារបច្ចេកទេសរបស់ក្រសួងបរិស្ថាន បាននិងកំពុងតាមដាន គុណភាពខ្យល់នៅកម្ពុជាជាប់ជាប្រចាំ។
ជាមួយគ្នានេះក្រសួងបរិស្ថានបញ្ជាក់ថាស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគ ល្អិតនិចលគិតជាមធ្យមស្មើនឹង ១២.៣៦ µg/m3 ធៀបនឹងស្តង់ដារ ៥០ µg/m3 និងគិតជាសន្ទស្សន៍ គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។
សាធារណជនអាចតាមដាននិងផ្ទៀងផ្ទាត់ព័ត៌មាន ស្តីពីគុណភាពខ្យល់នៅកម្ពុជា ផ្សាយផ្ទាល់តាមគេហទំព័រ https://airquality.moe.gov.kh/ និងតាម ប្រព័ន្ធ APP ឈ្មោះ CGS SPA របស់ក្រសួងបរិស្ថាន។
ក្រសួងបរិស្ថាន បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និង ត្រូវបញ្ឈប់ចែករំលែកព័ត៌មានមិនពិត ដែលនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់៕
ដោយ ៖ ម៉ាដេប៉ូ









