ភូមិព្រៃចាន់ព្រឹកនេះស្ងប់ស្ងាត់ ខណៈក្រុមអ្នកសង្កេតការណ៍អាស៊ានទៅមើលពលរដ្ឋខ្មែររងរបួសផ្ទាល់
បន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ស្ថានភាពនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ត បន្ទាយមានជ័យមានសភាពស្ងប់ស្ងាត់ជាធម្មតាបន្ទាប់ពីទាហានបានបាញ់ប្រហារប្រជាពលរដ្ឋខ្មែរស្លូតមិនដឹងអីសោះ
កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំបណ្ដាលឱ្យបាត់បង់ជីវិតម្នាក់និងបីនាក់រងរបួស។
ចាប់តាំងពីពេលកើតហតុកងកម្លាំងកម្ពុជា និងអាជ្ញាធរបាននៅប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ។ជាមួយគ្នានៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា នេះដែរក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) ដែលសម្របសម្រួលដោយក្រសួងការពារជាតិកម្ពុជាបានចុះពិនិត្យមើលស្ថានភាពជនស៊ីវិលចំនួន៣នាក់ដែរងរបួសដោយសារយោធាថៃ បាញ់ប្រហារនៅភូមិព្រៃចាន់កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកាម្សិលមិញ។ អ្នកទាំងបីនាក់កំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី។
សូមជម្រាបថា ប្រជាពលរដ្ឋខ្មែរស្លូតត្រង់ទាំងបីនាក់នេះ ត្រូវបានទាហានថៃបាញ់ប្រហារយ៉ាងឃោរឃៅយង់ឃ្នងខណៈកំពុងអង្គុយនៅផ្ទះស្ថិតនៅ ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។អំពើបាញ់ប្រហាររបស់ ទាហានថៃនោះក៏បានបណ្ដាលពលរដ្ឋខ្មែរមួយនាក់បាត់បង់ជីវិតផងដែរ ។
ក្រោយហេតុការណ៍ជាមួយនឹងការប្រកាសថ្កោលទោសនិងទាមទារបើកការស៊ើបអង្កេតដោយក្រុមឯករាជ្យដោយមានការចូលរួមពីភាគីបរទេសផង សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាក៏បានបញ្ជាឱ្យឱ្យអាជ្ញាធរដែនដី និងគ្រប់កងកម្លាំងសមត្ថកិច្ចទាំងអស់ចាត់វិធានការជាបន្ទាន់ ក្នុងការការពារប្រជាពលរដ្ឋ ជាពិសេសត្រូវគិតគូរលើសុវត្ថិភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋឱ្យបានជាដាច់ខាត ៕
ដោយ៖ឃិន គន្ធា






