ប្រធានាធិបតីស៊ែប៊ីព្រមានថា សង្គ្រាមលោកខាងលិចជាមួយរុស្ស៊ីទំនងជាជៀសមិនរួច
ប៊ែលក្រាដ ៖ ការប្រឈមមុខដាក់គ្នាដោយផ្ទាល់ ឬសង្គ្រាមរវាងប្រទេសលោកខាងលិចជាមួយរុស្ស៊ី កំពុងក្លាយជារឿងដែលមិនអាចជៀសវាងបាន នេះបើតាមការព្រមានរបស់ប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vucic ចំពេលមានការបង្កើនល្បឿនបំពាក់គ្រឿងសព្វាវុធទំនើបៗឡើងវិញទ្រង់ទ្រាយធំមិនធ្លាប់មានទូទាំងទ្វីបអឺរ៉ុប។
ថ្លែងក្នុងបទសម្ភាសន៍តាមទូរទស្សន៍នៅថ្ងៃអង្គារ លោកប្រធានាធិបតី Vucic និយាយថា លទ្ធភាពផ្ទុះសង្គ្រាមរវាងប្រទេសលោកខាងលិចជាមួយរុស្ស៊ីលែងជាការស្រមើស្រមៃទៀតហើយ បើយោងតាមការបង្កើនល្បឿននៃការចំណាយលើវិស័យយោធា។
មេដឹកនាំស៊ែប៊ីមានវ័យ៥៥ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា ការសន្និដ្ឋានរបស់គាត់ គឺថា មានភាពប្រាកដប្រជាកាន់តែខ្លាំងឡើងថា សង្គ្រាមរវាងអឺរ៉ុបជាមួយរុស្ស៊ីអាចនឹងកើតឡើងក្នុងពេលអនាគត។
លោកថា អឺរ៉ុបកំពុងបង្កើនល្បឿនបំពាក់គ្រឿងសព្វាវុធសម្រាប់សង្គ្រាម ឬសម្រាប់វិស័យការពារជាតិ ក្នុងនោះក៏រួមមាន រូម៉ានី ប៉ូឡូញ ហ្វាំងឡង់ និងរដ្ឋសមាជិកអឺរ៉ុបតូចៗ ហើយព្រមទាំងរុស្ស៊ីផងដែរ។
គួរបញ្ជាក់ថា រុស្ស៊ីបានចោទប្រកាន់ម្តងហើយម្តងទៀតថា អង្គការណាតូ និងសហភាពអឺរ៉ុបបានបង្កឱ្យមានអស្ថិរភាពនៅទ្វីបអឺរ៉ុប តាមរយៈការពង្រីកខ្លួនជាបន្តបន្ទាប់ ហើយមិនអើពើនឹងសំណើរបស់រុស្ស៊ី សម្រាប់ការបង្កើតស្ថាបត្យកម្មសន្តិសុខទ្វីបរួមគ្នា ដើម្បីជៀសវាងការប្រឈមមុខដាក់គ្នា ដូចជម្លោះនៅអ៊ុយក្រែនសព្វថ្ងៃ។
ផ្ទុយទៅវិញ អឺរ៉ុបកំពុងប្រឹងប្រែងធ្វើទំនើបកម្មវិស័យយោធាយ៉ាងឆាប់រហ័ស ដើម្បីឆ្លើយតបការវាយគំរាមកំហែងពីរុស្ស៊ី ប៉ុន្តែទីក្រុងមូស្គូបានច្រានចោលការព្រួយបារម្ភនេះ ដោយនិយាយថា វាគ្រាន់តែជាវោហាសាស្ត្រនយោបាយ បង្កើតជាលេសក្នុងគោលបំណងបង្វែរអារម្មណ៍មហាជនពីបញ្ហាសេដ្ឋកិច្ចផ្ទៃក្នុងប៉ុណ្ណោះ៕
ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា

