កាណាដាបញ្ចេញកញ្ចប់ទណ្ឌកម្មថ្មីប្រឆាំងក្រុមហ៊ុនថាមពល និងយន្តហោះដ្រូនរុស្ស៊ី
អូតាវ៉ា ៖ ប្រមុខការទូតកាណាដាប្រកាសបញ្ចេញកញ្ចប់ទណ្ឌកម្មថ្មី ផ្តោតសំខាន់ប្រឆាំងក្រុមហ៊ុនផលិតយន្តហោះគ្មានមនុស្សបើក ឬដ្រូន និងក្រុមហ៊ុនថាមពលរបស់រុស្ស៊ី ចំពេលប្រទេសខ្លួនធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល G7 ក្នុងគោលបំណងបង្កើនសម្ពាធលើរុស្ស៊ីឱ្យបញ្ឈប់សង្គ្រាមនៅអ៊ុយក្រែន។
ចំណាត់ការក្តៅចុងក្រោយនេះ នឹងរឹតត្បិតហេដ្ឋារចនាសម្ព័ន្ធដែលកាណាដាបានអះអាងថា រុស្ស៊ីធ្លាប់បានប្រើប្រាស់វាយប្រហារផ្នែកព័ត៌មានវិទ្យាលើអ៊ុយក្រែន ក៏ដូចជានាវាដែលជាផ្នែកមួយនៃកងនាវាស្រមោលរបស់រុស្ស៊ី ដែលប្រើប្រាស់ដើម្បីដឹកជញ្ជូនប្រេងរបស់រុស្ស៊ី ទាំងប្រឆាំងនឹងទណ្ឌកម្មអន្តរជាតិ។
រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Anita Anand បានប្រាប់អ្នកយកព័ត៌មាន អំឡុងធ្វើសន្និសិទកាសែតជាមួយសមភាគីអ៊ុយក្រែន លោក Andriy Sybiha ថា កាណាដាហ៊ានធានាថា រាល់សកម្មភាពរបស់រុស្ស៊ីនឹងមិនអាចរួចផុតពីសំណាញ់ទណ្ឌកម្មបានឡើយ។
ប្រមុខការទូតកាណាដារូបនេះបន្ថែមថា កញ្ចប់ទណ្ឌកម្មថ្មីនេះ គឺជាទណ្ឌកម្មដំបូងប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធផ្នែកព័ត៌មានវិទ្យា ដែលប្រើប្រាស់ក្នុងយុទ្ធសាស្ត្រចម្រុះរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។ ហើយក្រុមហ៊ុនពាក់ព័ន្ធនឹងឧស្សាហកម្មឧស្ម័នធម្មជាតិរាវរបស់រុស្ស៊ី ក៏ស្ថិតក្នុងចំណោមក្រុមហ៊ុនគោលដៅជាប់ទណ្ឌកម្មផងដែរ។
បើតាមលោកស្រី Anand, កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស G7 ដែលបញ្ចប់កាលពីថ្ងៃពុធ ផ្តោតសំខាន់លើការពង្រឹងសមត្ថភាពវាយប្រហាររយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែន និងជំរុញឱ្យក្រុមប្រទេស G7 កៀរគរការគាំទ្របន្ថែមទៀតសម្រាប់ការផលិតយន្តហោះដ្រូន និងប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន៕


ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា