សម្តេចតេជោ ហ៊ុន សែន នឹងផ្តល់កិត្តិយសអញ្ជើញចូល​រួម​ជា​អធិបតី​ដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការប្រកួតកីឡាវាយ“​VATTANAC LEGENDS CHAMPIONSHIP 2025

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងជាប្រ ធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងផ្តល់​កិត្តិយស​ដ៏ឧត្តុងឧត្តមអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់​ក្នុងពិធីបើកការប្រកួតកីឡាវាយកូនគោលលំដាប់ពិភពលោក VATTANAC LEGENDS CHAMPIONSHIP 2025 នាថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ២០២៥ នៅទីលាន​កីឡា​វាយកូនគោលវឌ្ឍនៈ ហ្គោល រីហ្សត។ ក្នុងនោះ សម្តេចតេជោ ក៏នឹងផ្តល់កិត្តិយសចូលរួមវាយកូនគោល​ជាមួយកីឡាករអាជីពអន្តរជាតិ និងកីឡាករ ជម្រើសជាតិ​កម្ពុជា រួមជាមួយអង្គទូតនានាប្រចាំកម្ពុជា និងឥស្សរជន​ជាន់​ខ្ពស់ សំខាន់ៗ ផងដែរ។

នេះ បើយោងតាមប្រសាសន៍ លើកឡើង របស់​ឯកឧត្តម​បណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី ទទួលបន្ទុកជំរុញការ​អភិវឌ្ឍចលនាកីឡា និងជាប្រធានគណៈកម្មាធិការជាតិ​អូឡាំពិកកម្ពុជា ថ្លែងលើកក្នុងសន្និសិទ កាលពីពេលថ្មីៗ​កន្លង​ទៅនេះ។

ឯកឧត្តម ទេសរដ្ឋថា ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូន​គោល​លំដាប់ពិភពលោកនេះ រាជរដ្ឋាភិបាលកម្ពុជា​ក្រោមការដឹកនាំប្រកបដោយជវភាព និងចក្ខុវិស័យវែង​ឆ្ងាយ​របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវការ​គាំទ្រ​យ៉ាងពេញទំហឹងក្នុងការនាំយកនូវ​ព្រឹត្តិការណ៍​កីឡាទេសចរណ៍កម្រិតពិភពលោកនេះមកកម្ពុជា។

ក្នុងនោះ សម្តេចមហាបវរធិបតី ក៏បានចាត់តាំង ឯកឧត្តម​សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ជាតំណាង​ដ៏​ខ្ព​ង់​ខ្ពស់​របស់ សម្តេច ក្នុងការអនុញ្ញាតឱ្យប្រតិភូកីឡា​វាយ​កូនគោលអន្តរជាតិ ចូលជួបសម្តែងការគួរសម នាថ្ងៃ​ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីជាការផ្តល់កិត្តិយស និងលើកទឹកចិត្តដល់កីឡាករអន្តរជាតិទាំងអស់ដែលមកចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ ផងដែរ។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បានចាត់ទុកព្រឹត្តិការណ៍ការ​ប្រកួត​កីឡាវាយកូនគោលកម្រិតអន្តរជាតិនេះ​មិនត្រឹម​តែផ្ស​ព្វផ្សាយនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏​នឹង​ផ្សាយទៅកាន់ទ្វីបអាស៊ី អឺរ៉ុប សហរដ្ឋអាមេរិក និង​បណ្តាប្រទេសផ្សេងៗដើម្បីឲ្យឃើញពីសក្តានុពលកម្ពុជា ដែលនឹងមានអ្នកទស្សនារាប់លាននាក់នៅទូទាំងពិភពលោកតាមរយៈការផ្សាយនៅលើកញ្ចក់ទូរទស្សន៍កីឡាអន្តរជាតិធំៗ សារព័ត៌មានកីឡាអន្តរជាតិ បណ្តាញសង្គម និងការទស្សនាដោយផ្ទាល់ផងដែរ។

ទន្ទឹមនឹងនេះ ការទទួលធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍​កីឡាវាយ​កូនគោលដ៏ធំនេះ គឺជាការបង្ហាញយ៉ាងច្បាស់ពី​សមត្ថ​ភាពរ​បស់កម្ពុជាក្នុងការទទួលរៀបចំព្រឹត្តិការណ៍កីឡា​វាយកូនគោលកម្រិតពិភពលោកជាមួយនឹងទីលានវាយកូនគោលកម្រិតស្តង់ដាអន្តរជាតិ របស់ Vattanac Golf Resort។ទន្ទឹមជាមួយគ្នានេះ ព្រឹត្តិការណ៍ពិភពលោក​នេះ​នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់កម្ពុជា​មាន​ដូចជា៖ ការទទួលស្គាល់ជាសកលអំពីការរៀបចំ​ព្រឹត្តិ​ការណ៍កម្រិតអន្តរជាតិនៅកម្ពុជា, ផ្សព្វផ្សាយកីឡាទេស​ចរណ៍​បែបប្រណីត, ជំរុញកំណើន សេដ្ឋកិច្ច និងទាក់​ទាញ​វិនិយោគ, លើកស្ទួយវប្បធម៌ និងបដិសណ្ឋារកិច្ច, អភិវឌ្ឍកីឡាវាយកូនគោលកម្ពុជា,បង្ហាញអំពីគុណភាពនៃបទពិសោធន៍ដែលមាននៅកម្ពុជា និងផ្សព្វផ្សាយ​ទៅកាន់​អ្នកទស្សនារាប់លាននាក់នៅទូទាំងពិភពលោក ផងដែរ។

សូមបញ្ជាក់ថា ការប្រកួតកីឡាវាយកូនគោលជើងឯក​វឌ្ឍនៈឡេជិន ដែលក្រុមហ៊ុន Vattanac Golf Resort បានចាប់ដៃគូជាមួយ Legends Tour និងសហការ​ជា​មួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហព័ន្ធកីឡា វាយកូនគោលកម្ពុជា និងក្រសួងទេស​ចរណ៍​​។ ព្រឹត្តិការ​ណ៍​នេះមានកីឡាករកូនគោលល្បីៗ​ចូលរួមចំនួន ៦០​នាក់​មកពីជាង២០ប្រទេស ក្នុងនោះក៏មានវត្តមាន​កីឡា​ករ​កូនគោលធ្លាប់ប្រកួតឈ្នះកីឡា​លំដាប់​ពិភពលោក​ថៃហ្គើវ៉ូតមកចូលប្រកួតផងដែរ៕

ដោយ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner