១០ខែ ក្រុមហ៊ុនអាកាសចរណ៍យក្សរុស្ស៊ីទទួលបានអ្នកដំណើរជាង ២៥ លាននាក់ ធ្លាក់ចុះ ២.៣ ភាគរយ
មូស្គូ ៖ ក្រុមហ៊ុនអាកាសចរណ៍ធំជាងគេរបស់រុស្ស៊ី Aeroflot បានឱ្យដឹងនៅថ្ងៃអង្គារថា ចរាចរណ៍អ្នកដំណើរតាមផ្លូវអាកាសមានត្រឹមតែ ២៥.២លាននាក់ តួលេខនេះធ្លាក់ចុះចំនួន ២.៣ភាគរយ ក្នុងរយៈពេល ១០ខែដំបូងនៃឆ្នាំ២០២៥។
ក្រុមហ៊ុនអាកាសចរណ៍ Aeroflot និយាយថា ទោះបីចរាចរណ៍អ្នកដំណើរតាមផ្លូវអាកាសដាំក្បាលចុះក៏ដោយ ក៏ចំនួនអ្នកដំណើររបស់ក្រុមហ៊ុនបានកើនឡើងចំនួន ៥.២ភាគរយក្នុងអំឡុងពេលដូចគ្នា។
ចំនួនអ្នកដំណើរអន្តរជាតិដែលដឹកជញ្ជូនដោយក្រុមហ៊ុនអាកាសចរណ៍ Aeroflot របស់រុស្ស៊ី បានស្ទុះឡើងដល់ ៨.១៦លាននាក់ តួលេខនេះ កើនឡើងចំនួន ៨.៨ភាគរយ គិតចាប់ពីខែមករា ដល់ខែតុលា ប៉ុន្តែអ្នកដំណើរក្នុងស្រុកបែរជាថមថយចុះចំនួន ៦.៨ភាគរយ មានត្រឹមប្រហែល ១៧លាននាក់។
ក្រុមហ៊ុនអាកាសចរណ៍យក្សរបស់រុស្ស៊ីមួយនេះបន្ថែមថា គិតត្រឹមតែក្នុងខែតុលាមួយប៉ុណ្ណោះ Aeroflot បានដឹកជញ្ជូនអ្នកដំណើរចំនួន ២.៥១លាននាក់ តួលេខនេះ កើនឡើង ១.៣ភាគរយ ក្នុងនោះចំនួនអ្នកដំណើរផ្លូវអាកាសអន្តរជាតិកើនឡើងចំនួន ១៤.៧ភាគរយ។
គួរបញ្ជាក់ថា Aeroflot គឺជាក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់រុស្ស៊ី បង្កើតឡើងនៅឆ្នាំ ១៩២៣ ពោលគឺមានដើមកំណើតតាំងពីសម័យសូវៀត។ វាដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍វិស័យអាកាសចរណ៍រុស្ស៊ី និងតភ្ជាប់រុស្ស៊ីជាមួយគោលដៅអន្តរជាតិជុំវិញពិភពលោក៕
ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា