សម្តេចធិបតី ផ្ញើសារលិខិតរំលែកមរណទុក្ខ ជូនក្រុម​គ្រួសារនៃសព របស់លោក ឌី ណៃ ដែលបានទទួល​មរណភាព ដោយការបាញ់ប្រហាររបស់យោធាថៃ

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា បានផ្ញើសារលិខិតរំលែកមរណទុក្ខ ជូនក្រុម​គ្រួ​សារ​នៃសព របស់ លោក ឌី ណៃ ដែលបានទទួល​មរណ​ភាព នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៣៦ឆ្នាំ ដោយការបាញ់ប្រហារយ៉ាងសាហាវឃោរឃៅ និងអមនុស្សធម៌ របស់យោធាថៃមកលើប្រជាពលរដ្ឋខ្មែរ នៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

ក្នុងសារលិខិតរំលែកមរណទុក្ខផ្ញើជូនក្រុមគ្រួសារនៃសព លោក ឌី ណៃ ដែលទទួលបាននាថ្ងៃទី១៣ វិច្ឆិកា សម្ដេច​​​ធិប​តី និងភរិយា មានក្ដីក្ដុកក្ដួលរំជួលចិត្តឥត​ឧបមា ដោយ​បានទទួលដំណឹងថាលោក ឌី ណៃ ហៅ (សល់) បានទទួលមរណភាព នៅថ្ងៃពុធ ៧រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៣៦ឆ្នាំ ដោយការ​បាញ់ប្រហារយ៉ាងសាហាវឃោរឃៅ និងអមនុស្សធម៌ របស់យោធាថៃមកលើប្រជាពលរដ្ឋខ្មែរ នៅក្នុងភូមិ​ព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមាន​ជ័យ។

ក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ សម្ដេចធិបតី និងភរិយា សូមសម្តែងនូវក្តីសង្វេគ ស្ទើររកទីបំផុតគ្មាន ជាមួយ ក្រុមគ្រួសារនៃសព ព្រោះថាមរណភាពលោក ឌី ណៃ គឺជាការបាត់បង់នូវសមាជិកគ្រួសារសាច់សាលោហិត ជាទីស្រឡាញ់ បើទោះបីលោកបាត់បង់ក៏ពិតមែន តែក្នុងស្មារតី ជាជាតិខ្មែរតែមួយ សម្ដេច និងភរិយា ពិតជាមានការសោកស្តាយស្រណោះ អាឡោះអាល័យ​ជាពន់ពេក និងកោតសរសើរដោយសុទ្ធចិត្តចំពោះ​ឆន្ទៈ​មនសិការ ស្នេហាជាតិស្រឡាញ់សន្តិភាព របស់លោក ជាមួយសកម្មភាពដ៏ល្អនេះ នឹងដិតជាប់នៅក្នុង​ដួងចិត្ត​របស់ ប្រជាជនកម្ពុជាទូទាំងប្រទេសជារៀងរហូត។

ជាមួយគ្នានេះ សម្ដេចធិបតី និងភរិយា សូមឧទ្ទិសបួង​សួង​ដល់​ដួងវិញ្ញាណក្ខន្ធ លោក ឌី ណៃ សូមឱ្យឆាប់បាន យោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបី​ឃ្លៀង​ឃ្លាតឡើយ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner