ប្រជាជនងាយរងគ្រោះបំផុត ៩៣៣គ្រួសារ នៅខេត្ត​មណ្ឌល​គិរី ទទួលអំណោយមនុស្សធម៌ កាកបាទក្រហម​កម្ពុជា

(ខេត្តមណ្ឌលគិរី)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យមន្ត្រីទី​ស្នាក់ការកណ្តាល ចុះសួរសុខទុក្ខ និងផ្តល់អំណោយ​មនុស្ស​ធម៌​ជូនប្រជាជនងាយរងគ្រោះបំផុតចំនួន ៩៣៣​គ្រួសារ ដោយផ្តោតលើមុខសញ្ញាដែលលំបាកបំផុត ដូច​ជា ចាស់ជរាគ្មានទីពឹង ស្ត្រីម៉េម៉ាយមានកូនច្រើន កុមារកំ​ព្រា ជនមានពិការភាព អ្នកផ្ទុកមេរោគអេដស៍ គ្រួសារក្រី​ក្រ​ទី​ទ័ល គ្រួសារមានវិបត្តិភ័យផ្សេងៗ ដែលភាគច្រើនជា​បងប្អូនជនជាតិដើមភាគតិចព្នង រស់នៅខេត្តមណ្ឌលគិរី ក្នុងនោះក្រុងសែនមនោរម្យ ៣២៧គ្រួសារ ស្រុកកោះ​ញែក ២០៣គ្រួសារ ស្រុកកែវសីមា ១៨៩គ្រួសារ ស្រុក​អូររាំង ៨៦គ្រួសារ និងស្រុកពេជ្រាដា ១២៨គ្រួសារ នាថ្ងៃទី១១-១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ បានពាំនាំ​នូវ​ព្រះរាជបណ្ដាំរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ព្រះធានកិត្តិយស ជាទីគោរពសក្ការៈ​ដ៏ខ្ពង់​ខ្ពស់បំផុត និងប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិត ស្រឡាញ់ដ៏ជ្រាលជ្រៅជាមួយប្រជាជន និង​បងប្អូនជនជាតិដើមភាគតិចទាំងអស់ រួមជាមួយការ​គិតគូរ​អំពីសុខទុក្ខនិងជីវភាពរស់នៅប្រចាំថ្ងៃ គ្រប់ពេល​វេលាគ្រប់ទីកន្លែង ទាំងក្នុងពេលមានគ្រោះមហន្តរាយ ផ្សេងៗ។

សូមបញ្ជាក់ថា គ្រួសាររងគ្រោះនីមួយៗទទួលបាន​អំ​ណោ​យ​រួមមាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ៦ដប និងឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner