ឯកឧត្តម ឌិត ទីណា អញ្ជើញសួរសុខទុក្ខ និងចូលរួម​រៀប​ចំពិធីបុណ្យនិងបូជាសព លោក ឌី ណៃ ដែល​បាន​ស្លាប់ដោយការបាញ់ប្រហារពីកងទ័ពថៃ

(បន្ទាយមានជ័យ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួង​កសិ​កម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមការងាររាជរដ្ឋា​ភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានសួរសុខទុក្ខប្រជាជនខ្មែរ​ជាជនស៊ីវិលស្លូតត្រង់ ដែលរងគ្រោះដោយសារការបាញ់​ប្រហារដោយកងកម្លាំងថៃ នៅភូមិព្រៃចាន់ភូមិអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។

យើងទាំងអស់គ្នាថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការបាញ់ប្រហាររបស់កងកម្លាំងថៃមកលើប្រជាជនខ្មែរ ហើយបន្តគាំទ្រនូវរាល់វិធានការ និងការសម្រេចចិត្ត​ប្រ​កប​ដោយភាពចាស់ទុំរបស់រាជរដ្ឋាភិបាលកម្ពុជា ដោះ​ស្រាយជម្លោះព្រំដែនដោយសន្តិវិធី ក្នុងគោលបំណង​ស្វែងរកសុខសន្តិភាពជូនប្រជាជន។

តមក ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋា​ភិ​បាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញ​អម​ដំណើរគណៈប្រតិភូរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មាធិការទី៤ នៃរដ្ឋសភា ចុះសួរ​សុខទុក្ខ និងនាំយកជំនួយជូនពុកម៉ែបងប្អូនចំនួន ២៥៧ គ្រួសារ ដែលបានភៀសខ្លួនមកទីតាំងសុវត្ថិភាព បន្ទាប់ពី​កង​កម្លាំងថៃធ្វើការបាញ់ប្រហារលើប្រជាជនខ្មែរ​ជាជន​ស៊ី​វិលស្លូតត្រង់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។

នារសៀលថ្ងៃដដែល ឯកឧត្តម ប្រធានក្រុមការងារ ក៏បានអញ្ជើញបន្តដំណើរជាមួយ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ុ រាត្រី គណៈ​អភិបាលខេត្ត ចូលរួមរៀបចំពិធីបុណ្យ និងបូជាសព លោក ឌី ណៃ ដែលបានស្លាប់បន្ទាប់ពីរងការបាញ់​ប្រហារដោយកងកម្លាំងថៃនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ ការ​បាញ់​ប្រហារ​ប្រជាជនខ្មែរជាជនស៊ីវិលស្លូតត្រង់ឱ្យស្លាប់និងរងរបួស គឺជាឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរបំផុត ហើយផ្ទុយទៅនឹងស្មារតី នៃការឯកភាពគ្នាកន្លងមកក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី។

កម្ពុជានៅរក្សាជំហរក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ដើម្បីឈានទៅដល់ការបញ្ចប់ជម្លោះ និងកសាង​សន្តិ​​ភាព​នៅ​តំបន់ព្រំដែន ៕

ប្រភព ៖ ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner