អឺរ៉ុបព្រួយបារម្ភការកើនឡើងភាពតានតឹងរវាងអាមេរិក និងវេណេស៊ុយអេឡា

ព្រុចសែល ៖ បណ្តាប្រទេសនៅអឺរ៉ុបបានសម្តែងការព្រួយបារម្ភខ្លាំង ទាក់ទិនការកើនឡើងសម្ពាធយោធារបស់អាមេរិទៅលើប្រទេសវេណេស៊ុយអេឡា ក្រោមហេតុផលប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន។

ក្រុមប្រទេស G7 និងបណ្តាប្រទេសដទៃទៀតបង្ហាញការបារម្ភខ្លាំង បន្ទាប់ពីបញ្ចប់កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេស G7 កាលពីថ្ងៃពុធ នៅប្រទេសកាណាដា ដោយពួកគេបង្ហើរសម្លេងរួមគ្នាថា យុទ្ធនាការប្រឆាំងការរត់ពន្ធគ្រឿងញៀនរបស់អាមេរិកអាចនឹងបង្កើនភាពតានតឹងនៅក្នុងតំបន់។

រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot និយាយថា ប្រតិបត្តិការយោធារបស់អាមេរិកនៅក្នុងតំបន់ការ៉ាប៊ីន បានរំលោភលើច្បាប់អន្តរជាតិ ហើយថា ប្រទេសបារាំងបានសង្កេតមើលស្ថានភាពនេះដោយក្តីព្រួយបារម្ភ។

ចំណែករដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Johann Wadephul ក៏បាននិយាយដែរថា គ្មានអ្នកណាមួយនឹងទទួលបានផលប្រយោជន៍ពីការបង្កើនភាពតានតឹងថែមទៀតនោះទេ ដូច្នេះហើយលោកអំពាវនាវឱ្យវេណេស៊ុយអេឡារក្សាភាពអត់ធ្មត់។

ជាការឆ្លើយតប រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio បានច្រានចោលការព្រួយបារម្ភនេះ និងថា អឺរ៉ុបទំនងជាមិនបានយល់ច្បាស់អំពីរបៀបដែលសហរដ្ឋអាមេរិកការពារសន្តិសុខជាតិរបស់ខ្លួន។

គួរបញ្ជាក់ថា អាមេរិកបានវាយប្រហារម្តងហើយម្តងទៀតលើអ្វីដែលខ្លួននិយាយថា ជាទូកជួញដូរគ្រឿងញៀន ដោយអះអាងថា គ្រឿងញៀនមួយចំនួនធំកំពុងរត់ពន្ធចូលទៅក្នុងសហរដ្ឋអាមេរិកចេញពីវេណេស៊ុយអេឡា។

បន្ថែមលើនេះ កាលពីថ្ងៃអង្គារ នាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរទំនើបបំផុតរបស់អាមេរិក និងនាវាជាច្រើនគ្រឿងផ្សេងទៀតបានធ្វើដំណើរទៅកាន់តំបន់ទទួលខុសត្រូវរបស់ទីបញ្ជាការភាគខាងត្បូងសហរដ្ឋអាមេរិក ដែលរួមមានអាមេរិកឡាទីន និងតំបន់ការ៉ាប៊ីន។ ឆ្លើយតបការគំរាមកំហែងនេះ វេណេស៊ុយអេឡាដាក់ពង្រាយកងកម្លាំង និងផ្តើមធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំជាបន្តបន្ទាប់៕

ប្រភព ៖ NHK ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner