មនុស្សយន្ត AI ដំបូងរបស់រុស្ស៊ីភ្លាត់ស្នៀតដួលបែកខ្ទេចខ្ទីនៅលើឆាក
មូស្គូល ៖ មនុស្សយន្តដំណើរការដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដំបូងបង្អស់របស់រុស្ស៊ី បានដើរភ្លាត់ស្នៀតដួលផ្កាប់មុខបែកខ្ទេចខ្ទីជាបំណែកៗនៅលើឆាកភ្លាមៗ នៅពេលបង្ហាញខ្លួនលើកដំបូងអំឡុងព្រឹត្តិការណ៍បច្ចេកវិទ្យាដ៏ធំនៅទីក្រុងមូស្គូ។
បើតាមសេចក្តីរាយការណ៍របស់ telegraph, មុនកើតឧប្បត្តិហេតុ មនុស្សយន្ត AI មានឈ្មោះថា AIdol ដែលផលិតដោយក្រុមហ៊ុនរ៉ូបូតរុស្ស៊ី Idol បានដើរបង្ហាញនៅលើឆាកតាមបទចម្រៀង Gonna Fly Now ដកស្រង់ចេញពីខ្សែភាពយន្ត Rocky អំឡុងវេទិកាតាំងពិព័រណ៍វិស័យមនុស្សយន្តដែលកំពុងរីកចម្រើនរបស់ប្រទេសរុស្ស៊ី កាលពីថ្ងៃអង្គារ។
ប៉ុន្តែនៅពេលមនុស្សយន្តនេះ លើកដៃឡើងគ្រវីដៃដាក់ហ្វូងមនុស្ស ស្រាប់តែវាបានបាត់បង់លំនឹងដងខ្លួន ហើយបានដួលផ្កាប់មុខទៅលើដីបែកខ្ទេចខ្ទីជាបំណែកៗតែម្តង។ ភ្លាមៗអ្នកអភិវឌ្ឍន៍មនុស្សយន្តនេះ ប្រញាប់ប្រញាល់យកក្រណាត់ពណ៌ខ្មៅទៅគ្របពីលើ នៅពេលឃើញវាហាក់ធ្វើចលនាខុសប្រក្រតី។
បើទោះបីជាភ្លាត់ស្នៀតក្នុងការបង្ហាញខ្លួនលើកដំបូងក៏ដោយ តែអ្នកអភិវឌ្ឍន៍បានសាទរចំពោះសមត្ថភាពរបស់មនុស្សយន្ត AIdol ក្នុងការបំពេញមុខងារសំខាន់ៗចំនួន៣យ៉ាងរបស់មនុស្សធម្មតា រួមមានការលើកជើង ការគ្រប់គ្រងវត្ថុ និងការទំនាក់ទំនងជាមួយមនុស្សធម្មតា។ ប៉ុន្តែផ្ទុយទៅវិញ បញ្ហានេះហាក់បង្ហាញពីភាពបរាជ័យរបស់រុស្ស៊ី នៅក្នុងវិស័យមនុស្សយន្ត។
គួរបញ្ជាក់ថា ការអភិវឌ្ឍមនុស្សយន្តក្នុងស្រុករបស់រុស្ស៊ី មានភាពយឺតយ៉ាវខ្លាំង ចាប់តាំងពីលោកប្រធានាធិបតី Vladimir Putin ចាប់ផ្តើមលុកលុយទ្រង់ទ្រាយធំប្រឆាំងអ៊ុយក្រែន។ វិស័យនេះពីមុនពឹងផ្អែកភាគច្រើនលើក្រុមហ៊ុនបរទេស ប៉ុន្តែក្រុមហ៊ុនទាំងនោះ បានដកខ្លួនចេញពីរុស្ស៊ី នៅពេលដែលសង្គ្រាមអ៊ុយក្រែនផ្ទុះឡើង។
នៅឆ្នាំ ២០២៣ មានតែមនុស្សយន្តចំនួន ២,១០០គ្រឿងប៉ុណ្ណោះ ដែលត្រូវបានដំឡើងរួចរាល់នៅក្នុងប្រទេសរុស្ស៊ី តួលេខនេះធ្លាក់ចុះយ៉ាងគំហុក បើធៀបនឹងប្រទេសអាល្លឺម៉ង់មានចំនួន ២៥,០០០គ្រឿង និង ៣០០,០០០គ្រឿងនៅប្រទេសចិន នេះបើយោងតាមរបាយការណ៍របស់ bne IntelliNews៕
ប្រភព ៖ telegraph ប្រែសម្រួល ៖ ឈឹម ទីណា