ធនាគារជាតិនៃកម្ពុជារម្លឹកសាធារណជនឱ្យមានការប្រុងប្រយ័ត្នខ្ពស់ពាក់ព័ន្ធនឹងការឆបាកក្រោមទម្រង់ផ្សេងៗ

ភ្នំពេញ ៖ធនាគារជាតិនៃកម្ពុជានៅថ្ងៃនេះបានក្រើនរម្លឹកសាធារណជន ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងការ​ចាញ់បោក ឬធ្លាក់ក្នុងកលល្បិច របស់ជនទុច្ចរិត ដែលនាំឱ្យខាតបង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងជាប់ពាក់ព័ន្ធនឹងទង្វើ​ខុសច្បាប់ជាយថាហេតុ ។

សេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា​នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានគូសរំលេចថា នាពេលកន្លងមក ជនល្មើសមួយចំនួន បានប្រើប្រាស់ឈ្មោះ និមិត្តសញ្ញា និងរូបភាព ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា ដើម្បីបង្កើត​ព័ត៌មាន​ក្លែងក្លាយ និងផ្សព្វផ្សាយតាមបណ្តាញសង្គម ក្នុងបំណងទុច្ចរិត និងបោកប្រាស់ទ្រព្យសម្បត្តិរបស់ប្រជាជន ។

ទន្ទឹមនេះជនល្មើសមួយចំនួន បានប្រើល្បិចបោកបញ្ឆោតក្រោមទម្រង់ផ្សេងៗ ដូចជា ការក្លែងបន្លំខ្លួនជាសាច់ញាតិ ដើម្បីស្នើសុំខ្ចីប្រាក់ ឬឱ្យផ្ទេរប្រាក់ ការក្លែងជាបុគ្គលិកគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ឬក្រុមហ៊ុនឯកជន ដើម្បីផ្តល់​ព័ត៌មាន ក្លែងក្លាយអំពីរង្វាន់ ឬឱកាសការងារ ហើយតម្រូវឱ្យផ្ញើប្រាក់ជាមុន និងការបញ្ចុះបញ្ចូលទិញគណនី ធនាគារ ឬលេខទូរសព្ទផ្ទាល់ខ្លួនដោយផ្តល់កម្រៃខ្ពស់ ជាដើម។

ដើម្បីចៀសវាងការចាញ់បោក ឬធ្លាក់ទៅក្នុងកលល្បិចរបស់ជនទុច្ចរិត ដែលអាចនាំឱ្យខាតបង់ ទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងជាប់ពាក់ព័ន្ធទៅនឹងទង្វើខុសច្បាប់ជាយថាហេតុ ធនាគារជាតិនៃកម្ពុជា សូមក្រើនរំឭកដល់សាធារណជនឱ្យបង្កើន​ការប្រុងប្រយ័ត្នខ្ពស់ ចំពោះការចុចលើតំណភ្ជាប់ គេហទំព័រ ឬផ្លែតហ្វមវិនិយោគ ដែលមិនមានប្រភពច្បាស់លាស់ និងសូមកុំផ្ទេរប្រាក់ ផ្តល់ព័ត៌មានផ្ទាល់ខ្លួន ឬ លក់គណនីធនាគារ និងលេខទូរសព្ទឱ្យបុគ្គលដទៃ។

ធនាគារជាតិបានរំលឹកថា ក្នុងករណីមានការបោកបញ្ឆោតខាងលើ សូមរាយការណ៍ភ្លាមៗ ទៅកាន់អាជ្ញាធរពាក់ព័ន្ធ ។ សម្រាប់ព័ត៌មានផ្លូវការពាក់ព័ន្ធនឹងធនាគារជាតិនៃកម្ពុជា សូមចូលទៅកាន់បណ្ដាញសារព័ត៌មានផ្លូវការ​របស់ធនាគារជាតិនៃកម្ពុជា ៕


ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner