ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រកាសដាក់ឱ្យដំណើរការគម្រោងគំនិតផ្ដួចផ្ដើមសាលារៀនកម្ពុជា និងសម្ពោធកម្មវិធីស្ថាបត្យកម្មខ្មែរ
(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រកាសដាក់ឱ្យដំណើរការគម្រោងគំនិតផ្ដួចផ្ដើមសាលារៀនកម្ពុជា និងសម្ពោធកម្មវិធីស្ថាបត្យកម្មខ្មែរ ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃទី ១៣ ខែ វិច្ឆិកាឆ្នាំ ២០២៥ នៅទីស្ដីការក្រសួង ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងអំណរគុណដល់គណៈស្ថាបត្យករកម្ពុជា ដែលបានប្តេជ្ញាចិត្តខ្ពស់ចំពោះបុព្វហេតុលើវិស័យរបស់ខ្លួន និងបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្រ្តីនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបង្ហាញអំពីវីរៈភាពក្នុងការបំពេញកិច្ចការងារជាច្រើន នារយៈពេលជាង ២ឆ្នាំក្នុងអាណត្តិទី៧នេះ ដើម្បីរួមចំណែកជំរុញឱ្យជាតិសាសន៍ខ្មែរមានជីវិតកាន់តែល្អប្រសើរ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា បច្ចុប្បន្នក្រសួងកំពុងតែបណ្ដុះផ្នត់គំនិតដល់ប្រជាពលរដ្ឋគ្រប់រូប និងគ្រប់កោសិកានៃសង្គមជាតិ ឱ្យទទួលបានផ្នត់គំនិតនៃការរស់នៅបែបថ្មីតាមរយៈស្ថាបត្យកម្ម ។

ជាមួយនេះ ដើម្បីកសាងការឯកភាពជាតិលើកិច្ចការស្ថាបត្យកម្ម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកត់សម្គាល់ឃើញថា មានចម្រៀងមួយចំនួនដូចជា (១) ពង្សាវតាខ្មែរ ដែលបានបង្ហាញយ៉ាងច្បាស់នូវអ្វីដែលយើងធ្លាប់មាន អ្វីដែលយើងធ្លាប់បានបាត់បង់ និងអ្វីដែលយើងចង់បានត្រឡប់មកវិញ (២) ឱ!ភ្នំពេញអើយ បានបង្ហាញឱ្យឃើញអំពីផេះផង់គំនរឆ្អឹងថ្លុកឈាមនៃសង្គ្រាមក្នុងរបបប្រល័យពូជសាសន៍ និងការសម្លាប់មនោសញ្ចេតនារបស់មនុស្ស និង (៣) ភ្នំដងរែក ដែលទាំងនេះសុទ្ធសឹងជាបទចម្រៀងមានអត្ថន័យជ្រាលជ្រៅ ជួយបណ្ដុះផ្នត់គំនិតអប់រំដ៏ល្អសម្រាប់ស្ថាបត្យករ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចាត់ទុក អគារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអគារក្រសួងស្ថាប័នរដ្ឋមួយចំនួនទៀត ដែលកសាងឡើងនាពេលបច្ចុប្បន្ននេះ គឺជានិមិត្តរូបនៃការរស់រានមានជីវិតឡើងវិញ នៃស្ថាបត្យកម្មខ្មែរនាសហសម័យ ។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា ដើម្បីកសាងស្ថាបត្យកម្មខ្មែរនាសហសម័យគឺទី១ យើងត្រូវចាប់ផ្ដើមលុបបំបាត់សំណង់មិនរៀបរយបន្តិចម្តងៗ ដោយក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ហាសំណង់មិនរៀបរយនេះជូនប្រជាពលរដ្ឋចំនួន ៥០ ម៉ឺនគ្រួសារ ដែលប្រៀបបានជាការជួយទាញប្រជាពលរដ្ឋទាំង ៥០ ម៉ឺនគ្រួសារនេះឱ្យចាកចេញពីភាពក្រីក្រដូច្នោះដែរ និងទី២ បញ្ចៀសបញ្ហាកកស្ទះចរាចរណ៍ និងបញ្ហាលិចទឹកតាមដងផ្លូវ ដោយកសាងចំណតយានយន្ត និងសួនច្បារទីធ្លាលំហរសាធារណ:តាមសាលារៀន ឬពង្រីកផ្លូវធ្វើដំណើរបន្ថែម ។

បន្ថែមពីលើនោះ ឯកឧត្តម សាយ សំអាល់ បានសង្កត់ធ្ងន់ថា អនាគតរបស់ប្រទេសកម្ពុជាគឺអាស្រ័យលើការចូលរួមរបស់យើងទាំងអស់គ្នាក្នុងស្មារតីស្នេហាជាតិ ដូច្នេះដើម្បីប្រែក្លាយប្រទេសជាតិ ឱ្យកាន់តែល្អជាងមុនតាមរយៈស្ថាបត្យកម្ម គឺត្រូវរៀបចំកែលំអរបន្ទប់គេងឱ្យបានស្អាត បន្ទប់ទទួលភ្ញៀវស្អាត បន្ទប់ទឹកស្អាតនិងចង្ក្រានបាយស្អាត ដោយឡែកនៅលើកិច្ចការរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ យើងត្រូវរួមគ្នាធ្វើយ៉ាងណាឱ្យកម្ពុជាដែលជាប្រទេសតូច ក្លាយជាភូមិឋានក្សេមក្សាន្តសម្រាប់ប្រជាពលរដ្ឋគ្រប់រូបមានលំនៅឋានរស់នៅសមរម្យ មានជីវភាពល្អប្រសើរ មានការងារធ្វើ មានប្រាក់ចំណូល មានប្រាក់សន្សំ មានអាហារហូបចុកគ្រប់គ្រាន់ មានជីវិតលំហែ និងធ្វើឱ្យកម្ពុជាក្លាយជាទីដែលមនុស្សគ្រប់រូបមានក្តីប្រាថ្នាចង់មករស់នៅទីនេះ ៕



អត្ថបទ ៖ ហេង វណ្ណា
រូបភាព ៖ គ្រី សម្បត្តិ