ថ្នាក់ដឹកនាំ និង ប្រជាពលរដ្ឋនៅខេត្តត្បូងឃ្មុំ បានប្តេជ្ញា​ចិត្ត​​ចូលរួមធ្វើឱ្យមូលដ្ឋានមានភាពស្អាត តាមរយៈការប្រើ​ប្រាស់ធុងសំរាម ដែលផ្តល់ជូនដោយក្រសួងបរិស្ថាន

(ត្បូងឃ្មុំ)៖ ក្រសួងបរិស្ថាន បានបន្តផ្តល់ធុងសំរាមបន្ថែម​ទៀត ដែលមានចំនួនសរុប ៣៤០៥ធុង ដល់រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ ដើម្បីបន្តប្រគល់ជូន មូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាមនៅទូទាំងខេត្ត។ ពិធីប្រគល់​និង​ទទួល បានប្រព្រឹត្តទៅ នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ​២០២៥ នៅសាលាខេត្តត្បូងឃ្មុំ ។

លោក ម៉ាត់ ហ្គោហ្វូត អភិបាលរងនៃគណៈអភិបាលខេត្ត​ត្បូងឃ្មុំ បានថ្លែងអំណរគុណ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដែលបានប្រគល់ធុង​សំរាម ដល់មូលដ្ឋានសុខាភិបាល សាលារៀន វត្តអារាម​នៅទូទាំងខេត្តត្បូងឃ្មុំ ដើម្បីជួយបង្កើនភាពស្អាត និង​សុខភាពល្អរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ។

លោក ថន សាខន នាយករងវិទ្យាល័យ ហ៊ុន សែន ពញា​ក្រែក បានបញ្ជាក់​ថា​ ការ​ផ្តល់​ធុងសំរាមមានសារសំខាន់ ក្នុងការថែរក្សាបរិស្ថាន និងជួយលើកកម្ពស់ការយល់ដឹង​របស់​ប្រជាពលរដ្ឋ ឱ្យ​មានការទុកដាក់សំរាមបានត្រឹមត្រូវ និងឆ្លើយតបនឹងយុទ្ធ​សាស្រ្តកាត់បន្ថយការប្រើប្រាស់​ប្លាស្ទិក​តាមសាលារៀន វត្តអារាម និងតាមមូលដ្ឋាន ។

លោក ជៀប សំអាត អភិបាលរងស្រុកអូររាំងឪ បានឱ្យ​ដឹងថា ក្រសួងបរិស្ថាន បានផ្តល់ការលើកទឹក​ចិត្តដល់​អាជ្ញាធរ និងប្រជាពលរដ្ឋ មានការគ្រប់គ្រង​សំ​រាម​តាមទីសាធារណៈឱ្យបានល្អ ជាពិសេស សាលារៀន វត្តអារាម និងមូលដ្ឋានសុខាភិបាល ។

លោក សាបូ អូហ្សាណូ បានថ្លែងថា ក្រសួងបរិស្ថានបាន​ចែកជូនធុងសំរាមដល់មូលដ្ឋាន គឺជាកិច្ចការសំខាន់ ដែល​​​មិនត្រឹមតែអាចអប់រំប្រជាពលរដ្ឋឱ្យចេះទុកដាក់ និងញែកសំរាមតាមប្រភេទសំរាម ប៉ុណ្ណោះទេ ថែមទាំង​ជួយផ្តល់លទ្ធភាពឱ្យប្រជាពលរដ្ឋអាចទាញតម្លៃសេដ្ឋកិច្ចពីសំរាម កាត់បន្ថយបរិមាណសំរាមយកទៅទុក​ដាក់នៅទី​លាន និងផលប៉ះពាល់ដល់សោភ័ណភាព អនាម័យបរិ​ស្ថាន​នៅតាមទីប្រជុំជននិងមូលដ្ឋាននានាផងដែរ។

សូមបញ្ជាក់ថា ដើម្បីភាពស្អាតក្រសួងបរិស្ថានបានដាក់​ចេញ​យុទ្ធនាការជាបន្តបន្ទាប់ក្នុងការធ្វើឱ្យប្រសើរឡើង​នូវការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ជាពិសេស​ការ​កាត់​បន្ថយការប្រើប្រាស់ប្លាស្ទិកបានប្រមាណ ៨៥% ក្នុងរយៈពេលជាង ២ឆ្នាំកន្លងមកនេះ ។ ក្រសួងបរិស្ថាន​បាននិងកំពុងបន្តយុទ្ធនាការនានាដើម្បីកម្ពុជាមានភាពស្អាត បន្តចែកជូនសម្ភារៈ ធុងសំរាមដល់គ្រប់មូលដ្ឋាន​សុខាភិបាល សាលារៀន និងវត្តអារាមនៅទូទាំងប្រទេស ផ្តល់ឧបករណ៍និងបច្ចេកទេស ដូចជាឡដុតសំរាម ប្រើថា​មពលពន្លឺព្រះអាទិត្យ និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធ​គ្រប់​គ្រង​សំរាម សំណល់រឹងទីប្រជុំជននិងទីលានទុកដាក់​សំ​រាម​ឱ្យបានល្អប្រសើរបន្ថែមទៀត៕

ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner