នាយករដ្ឋមន្ត្រី និងភរិយា ចុះសួរសុខទុក្ខពលរដ្ឋខ្មែរ ៣រូប ដែល​បានរងរបួស ដោយការបាញ់ប្រហារពី​យោធាថៃ នៅមន្ទីរពេទ្យកាល់ម៉ែត្រ

(ភ្នំពេញ)៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រួមជា​មួយ​ភរិយា បានចុះទៅសាកសួរសុខទុក្ខបងប្អូន​ប្រ​ជាពលរដ្ឋខ្មែរស្លូតត្រង់ ចំនួន ៣រូប នាព្រឹកថ្ងៃទី១៤ វិច្ឆិកា ២០២៥ ដែលបានរងរបួស ដោយការ​បាញ់​ប្រហារ​ពីយោធាថៃ នៅភូមិព្រៃចាន់ កាលពីថ្ងៃរសៀល​ថ្ងៃ១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោយពីបានយកមក​ពិនិត្យ និងព្យាបាលបន្តនៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានី​ភ្នំពេញ បន្ទាប់ពីធ្វើការវះកាត់ដោយជោគជ័យ សង្គ្រោះ​ជីវិត​នៅ​មន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបុរី ខេត្តបន្ទាយមានជ័យរួចមក ។

សម្ដេចធិបតី សូមអរគុណដល់អាជ្ញាធរមូលដ្ឋាន កងកម្លាំង​​សមត្ថកិច្ចរបស់យើង ដែលបានចាត់វិធានការ​លឿន​រហ័សក្នុងការអន្តរាគមន៍ជួយសង្គ្រោះ​បងប្អូន​ប្រជាពលរដ្ឋយើង ដែលរស់នៅទីនោះ ជាពិសេសអ្នក​របួស ដោយជួយចាត់ចែង ដឹកជញ្ជូនមកពិនិត្យ សង្គ្រោះ​នៅមន្ទីរពេទ្យបានទាន់ពេលវេលា។

ព្រមជាមួយគ្នានេះ សម្ដេច ហ៊ុន ម៉ាណែត ក៏សូមថ្លែង​អំណរ​គុណដល់ក្រុមគ្រូពេទ្យ បុគ្គលិកសុខាភិបាល​ទាំង​អស់នៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបុរី ខេត្តបន្ទាយមានជ័យ ដែលបានយកចិត្តទុកដាក់ធ្វើ​ការ​វះកាត់ជួយសង្គ្រោះជីវិត បងប្អូនប្រជាជនខ្មែរស្លូតត្រង់​របស់យើងទាំង ៣រូប ប្រកបដោយជោគជ័យ និងសូម​ជូនពរដល់បងប្អូនទាំងអស់ដែលកំពុងសម្រាកព្យាបាលឆាប់ជាសះស្បើយ និងរឹងមាំឡើងវិញ ។

ឆ្លៀតក្នុងឱកាសនេះ សម្ដេចនាយករដ្ឋមន្ត្រី ក៏សូមចូល​រួម​រំ​លែកទុក្ខសារជាថ្មី ជូនដល់ក្រុមគ្រួសារសពប្អូនប្រុស ឌី ណៃ ដែលបានទទួលមរណៈភាព នៅក្នុងឧប្បទ្ទវហេតុ​នៃ​ការ​បាញ់ប្រហារនេះ និងសូមវិញាណក្ខន្ធរបស់ប្អូន បាន​ទៅកាន់សុខគតិភពកុំបីឃ្លាងឃ្លៀតឡើយ។

កម្ពុជា នៅតែប្រកាន់យកជំហរក្នុងការដោះ​ស្រាយ​បញ្ហា​ដោយសន្តិវិធី ព្រោះថាការដោះស្រាយដោយអំពើហឹង្សា ឬប្រើប្រាស់កម្លាំងប្រដាប់អាវុធ គឺមិនផ្តល់ផលប្រយោជន៍​ណាមួយ ឬមិនបង្កលក្ខណៈវិជ្ជមាន សម្រាប់ការដោះ​ស្រាយ​បញ្ហា ព្រមទាំងបង្កហានិភ័យគ្រោះថ្នាក់អាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់ថែមទៀត ។

សូមរំលឹកថា ប្រជាពលរដ្ឋខ្មែរស្លូតត្រង់ ៤នាក់ ត្រូវបាន​ទាហានថៃ បាញ់ប្រហារ យ៉ាងឃោរឃៅព្រៃផ្សៃ នៅ​រសៀល​ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ខណៈកំពុង​អង្គុយ​នៅផ្ទះ ស្ថិតនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ។ អំពេីបាញ់ប្រហារ​របស់​ទាហានថៃនោះ ក៏បានបណ្ដាលឱ្យ ពលរដ្ឋខ្មែរ ១នាក់ ស្លាប់បាត់បង់ជីវិត ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner