ក្រុមអ្នកមានបទពិសោធន៍បង្ហាញពីផលល្អ និងសារៈសំខាន់ក្នុងការប្រើប្រាស់ជី ដើម្បី បង្កើនទិន្នផលដំណាំរបស់កសិករ
(ភ្នំពេញ)៖ ជាទូទៅហើយដំណាំគ្រប់ប្រភេទ ត្រូវការជីដែលជាសារធាតុចិញ្ចឹមដ៏ចាំបាច់ ដើម្បីជំរុញការលូតលាស់ និងវាហុចមកវិញនូវទិន្នផលជាផ្លែផ្កា។ ជាងនេះទៅទៀត ការគ្រប់គ្រង និងប្រើប្រាស់ជី ឱ្យមានប្រសិទ្ធភាពខ្ពស់នៅក្នុងប្រព័ន្ធផលិតកម្មដំណាំ មានសារៈសំខាន់ខ្លាំងណាស់ ក្នុងការ បង្កើនទិន្នផលកាត់បន្ថយចំណាយថ្លៃដើម ផលិតកម្ម ហើយអាចទទួលមកវិញនូវប្រាក់ចំណេញសម្រាប់ប្រជាកសិករ។
ជាមួយគ្នានេះដើម្បីជំរុញការប្រើប្រាស់ជីសម្រាប់ដំណាំ ស្របតាមបទដ្ឋានបច្ចេកទេស ចៀសវាងនូវការខ្ជះខ្ជាយថវិកា ពេលវេលា និងប៉ះពាល់បរិស្ថាន នោះចាំបាច់ណាស់កសិករត្រូវតែស្វែងយល់ការប្រើប្រាស់ជីឱ្យបានត្រឹមត្រូវ។
លោក មៀច សំណាង អគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុនវីហ្គើលអេហ្រ្គីបាយអូថេក (ខេមបូឌា) ឯ.ក បានបញ្ជាក់ប្រាប់ក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៥ (CAFE25) ចាប់ពីថ្ងៃទី ១៣-១៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ ដែលធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្នុងរាជធានីភ្នំពេញ ឱ្យដឹងថា៖ការដាំដំណាំ ពិតជាមិនអាចខ្វះបាននូវការថែទាំយ៉ាងយកចិត្តទុកដាក់ ពិសេសគឺការបន្ថែមនូវសារធាតុបំប៉ន ឬជីដើម្បីជាជំនួយពន្លឿនដល់ការរីកលូតលាស់ ដាំដំណាំ ហើយអាចកែប្រែស្ថានភាពដីបានល្អ និងមិនប៉ះពាល់ដល់សុខភាពប្រជាកសិករដែលជាអ្នកប្រើប្រាស់ផ្ទាល់ ក៏ដូចជាអ្នកទទួលទាន។
លោកថា តាមរយៈបទពិសោធន៍ក្នុងចំណោមការប្រើប្រាស់ជីដូចជា ជីក្រុមហ៊ុន វីហ្គី អេហ្គ្រីបាយអូថេក របស់លោកស្រាប់ គឺទទួលបានផលជាវិជ្ជមានយ៉ាងអស្ចារ្យ។វាជាផលិតផលជីកសិកម្មដ៏មានគុណភាពរបស់ប្រទេសម៉ាឡេស៊ី។
លោក មៀច សំណាង បានឱ្យដឹងដែរថា រូបមន្តពិសេស ដែលធ្វើឱ្យជីធម្មជាតិនេះ មានភាពអស្ចារ្យជាងជីដទៃទៀត ដោយសារ វាត្រូវបានបញ្ចូលរួចជាស្រេចនូវពពួកបាក់តេរីមានប្រយោជន៍ជាច្រើនប្រភេទ រួម ទាំងពពួកផ្សិតក្រុមល្អ ដើម្បីធ្វើការកែប្រែគុណភាពដី ដែលសឹករិចរិលដោយកត្តាជា ច្រើន រួមទាំងការប្រើប្រាស់ជីគីមីច្រើនហួសប្រមាណ ឱ្យត្រឡប់មកល្អប្រសើរវិញ ក៏ដូចជាជួយរក្សាជីវជាតិដីឱ្យនៅតែល្អជានិច្ច។ បន្ថែមពីនេះ វានឹងជួយទ្រទ្រង់ដំណាំឱ្យមានសុខភាពល្អ ប្រព័ន្ធឬសរឹងមាំ ការពារដំណាំពីជំងឺ និងសត្វល្អិតបំផ្លាញផ្សេងៗ ព្រមទាំងធន់នឹងការប្រែប្រួលអាសកាសធាតុ ។ ពិសេសជំរុញឲ្យដំណាំអាចស្រូវយកជីវជាតិ និងទឹកបានល្អ ជាហេតុជួយឱ្យកសិករទទួលបានទិន្នផលខ្ពស់ និង កាត់បន្ថយការប្រើប្រាស់ជី និងថ្នាំគីមីបានយ៉ាងច្រើនរហូតដល់ ៥០- ៨០ភាគរយ។

ដោយឡែក កញ្ញា ផន ធី យ៉ា ថ្នាក់គ្រប់គ្រងមួយរូបប្រចាំ ក្រុមហ៊ុនលក់ជី Unifi បានបញ្ជាក់ប្រាប់ថាការ ប្រើប្រាស់ជីកសិកម្មបានត្រឹមត្រូវតាមលក្ខខណ្ឌបច្ចេកទេស អាចគ្រប់គ្រងកត្តាចង្រៃនានាឱ្យមានប្រសិទ្ធភាពខ្ពស់ កាត់បន្ថយថ្លៃដើមផលិត និងដំណាំទទួលបានទិន្នផលកាន់តែប្រសើរ ក៏ដូចជាការចូលរួមជាមួយក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ក្នុងការកាត់បន្ថយថ្លៃដើមធាតុចូលកសិកម្ម ជាផ្នែកមួយនៃការបង្កើនប្រាក់ចំណេញនៃការវិ និយោគរបស់បងប្អូនកសិករ។
គួរបញ្ជាក់ថា ពិព័រណ៍កសិកម្មកម្ពុជា CAFE25 រៀបចំឡើង រយៈពេលបួនថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍ កោះពេជ្រ រាជធានីភ្នំពេញ។ស្ដង់ប្រមាណជា ៤០០ បានដាក់បង្ហាញនូវកសិផលយុទ្ធសាស្ត្រ ៩មុខ មានដូចជា៖ អង្ករ ស្វាយចន្ទី ម្រេច បន្លែ ត្រី ដំឡូងមី កៅស៊ូ ឈើ និងស្វាយ និងផលិតផលផ្សេងៗជាច្រើនទៀត៕




ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោក វេង លឹមហួត