ទិវាសហគ្រិនភាពកម្ពុជាឆ្នាំ២០២៥នៅខេត្តបន្ទាយមានជ័យ សំដៅជំរុញការចូលរួមរបស់យុវជន
បន្ទាយមានជ័យ៖ទិវាសហគ្រិនភាពកម្ពុជាឆ្នាំ២០២៥ បានប្រារព្ធនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យក្នុងសប្ដាហ៍នេះ។
ឧកញ៉ា ឡាយ គីមសួ អនុប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជាថ្នាក់ជាតិបាននិយាយថាទិវាសហគ្រិនភាពនេះសំដៅជួយដល់សហគ្រិនវ័យក្មេងខេត្តបន្ទាយមានជ័យធ្វើការអភិវឌ្ឍន៍ រួមចំណែកបង្កើតគោលនយោបាយគាំទ្រដល់សហគ្រាសជាពិសេសក៏ជួយផ្ដល់ឱកាសឱ្យនិស្សិតកំពុងរៀនមុខជំនាញក៏ដូចយុវជនទទួលការបណ្ដុះបណ្ដាលនិងបានផ្ដល់បទពិសោធន៍លើការធ្វើអាជីវកម្ម។
លោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្តបន្ទាយមានជ័យ ដែលអញ្ជើញជាវាគ្មិនក្នុងទិវាសហគ្រិនភាពកម្ពុជាបានក្រើនរំលឹកយុវជនត្រូវចាំបាច់បង្កើនចំណេះដឹងនូវជំនាញខ្ពស់ជាមួយបច្ចេកវិទ្យាទំនើប និងទទួលយកបទពិសោធន៍ជាក់ស្ដែងក្នុងសង្គមដើម្បីការងារឬមុខរបរសម្រាប់ខ្លួនក៏ដូចអភិវឌ្ឍសង្គមជាតិ។
សូមជម្រាបថា ទិវាសហគ្រិនភាពកម្ពុជា ២០២៥ឆ្លើយតបចក្ខុវិស័យឆ្នាំ២០៣០ ដែលកម្ពុជាមានចំណូលមធ្យមកម្រិតខ្ពស់មានការចូលរួមពីសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តបន្ទាយមានជ័យនិងនិស្សិត យុវជនសហគ្រិនសរុប១៧៦ នាក់ ៕
ដោយ៖ គៀន ច័ន្ទហ៊ីន


