មន្ត្រី ៖ អាជ្ញាធរខិតខំបន្តស្ថាបនាផ្លូវ ដើម្បីប្រែក្លាយពី​ផ្លូវ​ដី ឱ្យទៅជាផ្លូវកៅស៊ូ និងបេតុង ព្រមទាំងការដាក់ប្រព័ន្ធ​លូ​ធំៗ បញ្ចៀសការលិចលង់ពេលភ្លៀងខ្លាំង

(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសបើកការដ្ឋានស្ថាបនាផ្លូវ និង​ដាក់ប្រព័ន្ឋលូ ក្នុងសង្កាត់ទួលទំពូងទី១ និងទួលទំពូងទី​២ នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមគំរោងអភិវឌ្ឍ​ន៍​ខណ្ឌ ឆ្នាំ២០២៥ លោក ហ៊ត វ៉ាន់ធី អភិបាលរងខណ្ឌ តំណាងលោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន បាន​គូសបញ្ជាក់ថា សព្វថ្ងៃនេះ អាជ្ញាធរ ខិតខំបន្តស្ថាប​នាផ្លូវ ដែលនៅសល់ជាបន្តទៀត ដោយខិតខំស្វែងរកមូលនិធិពី​គ្រប់មជ្ឈដ្ឋាននានា ក៏ដូចជាប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បី​​សំរេចឱ្យបាននូវគោលដៅរបស់យើង គឺប្រែក្លាយ​ពីផ្លូវ​ដី ឱ្យទៅជាផ្លូវកៅស៊ូ និងផ្លូវបេតុងទាំងអស់ ព្រម​ទាំង​ការដាក់ប្រព័ន្ឋលូធំៗ ដើម្បីបញ្ចៀសការលិចលង់​ដោយ​ទឹកភ្លៀងខ្លាំងៗ ។

លោកអភិបាលរងខណ្ឌ បានលើកឡើងថា ក្នុងរយៈ​ពេល​របស់​ក្រុមប្រឹក្សាសង្កាត់ ឆ្នាំ២០២៥នេះ គឺមានការប្រែ​ប្រួល​យ៉ាងខ្លាំង ជាពិសេសលើផ្នែកហេដ្ឋារចនា សម្ព័ន្ធ ដោយបានប្រែក្លាយពីផ្លួវដី ទៅជាផ្លូវ បេតុង និងកៅស៊ូ ស្ទើរតែគ្រប់ផ្លូវទៅហើយ។ នេះបានបង្ហាញអោយឃើញ ពីការចូលរួមគាំទ្រ របស់ប្រជាពលរដ្ឋ មកលើអាជ្ញាធរ​ខណ្ឌ ។

លោក ហ៊ត វ៉ាន់ធី បានណែនាំដល់បងប្អូនប្រជាពល​រដ្ឋ​ទាំងអស់ ដែលមានលំនៅដ្ឋានរស់នៅអមសងខាងផ្លូវ ចូលរួមសហការ និងមានការយោគយល់ នូវផលប៉ះ​ពាល់​​នានា ពេលការដ្ឋានកំពុងដំណើរការ ហើយ​សូម​ជួយសំរួលយ៉ាងណា ឱ្យការដ្ឋានដំណើរការបានរលូន និងបានរួចរាល់តាមការគ្រោងទុក ។ ចំណែកក្រុម​ហ៊ុន​ទទួលម៉ៅការ ត្រូវគោរពឱ្យបាន នូវបទដ្ឋានបច្ចេកទេស ដំណើរការស្ថាបនាផ្លូវឱ្យស្របតាមផែនការការងារ ដែល​មានចុះក្នុងកិច្ចសន្យាទទួលម៉ៅការ ។

លោកអភិបាលរងខណ្ឌ បានសំណូមពរដល់ប្រជាពលរដ្ឋ នៅពេលទទួលផ្លូវបេតុថ្មីនេះ មេត្តាចេះថែរក្សា ឲ្យបានល្អ ដើម្បីអាចប្រើប្រាស់បានយូរ និងបានជំរុញឱ្យក្រុមហ៊ុន ដែលដេញថ្លៃបាន ក្នុងការស្ថាបនាផ្លូវនេះ ធ្វើយ៉ាងណា ឱ្យមានគុណភាព សោភ័ណ្ឌភាព ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner