រុស្ស៊ី ថា នឹងបន្តសង្គ្រាមដើម្បីដាក់សំពាធឲ្យអ៊ុយក្រែនព្រមចរចាសន្តិភាព

មូស្គូ ៖ អ្នកនាំពាក្យវិមានក្រឹមឡាំងបានអះអាង កាលពីថ្ងៃព្រហស្បតិ៍ថា រុស្ស៊ីនឹងបន្តធ្វើសង្គ្រាម ដើម្បីដាក់សំពាធឲ្យអ៊ុយក្រែនយល់ព្រមចរចាសន្តិភាព។

លោក Dmitry Peskov បាននិយាយថា ការស្ទាក់ស្ទើររបស់អ៊ុយក្រែន មិនចូលរួម នៅក្នុងកិច្ចសន្ទនា ជាហេតុនាំឱ្យរុស្ស៊ីគ្មានជម្រើសអ្វី ក្រៅពីការបន្តប្រយុទ្ធ ឆ្ពោះទៅរកការសម្រេចបាននូវគោលដៅរបស់ខ្លួន ដោយមធ្យោបាយយោធា។

យោងតាមការចេញផ្សាយ របស់សារព័ត៌មាន RT, ការលើកឡើងនេះ បានធ្វើឡើង ក្រោយពេល ២ថ្ងៃ ដែលអនុរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Sergey Kislitsa បានប្រាប់កាសែត The Times ថា ក្រុង កៀវ បាន “បោះបង់ចោល” កិច្ចចរចាផ្ទាល់ ជាមួយទីក្រុងមូស្គូ បន្ទាប់ពីជំនួបចំនួន៣ជុំ នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី ដោយលើហេតុផលថា លទ្ធផលនៃការចរចាមានការរីកចម្រើនតិចតួច។ មិនមានការជួបប្រជុំគ្នារវាងភាគីទាំងពីរ ជាថ្មីទៀតទេ ចាប់តាំងពីចុងខែកក្កដាមក។

លោក Dmitry Peskov បានលើកឡើងថា «អាជ្ញាធររុស្ស៊ីបានកត់សម្គាល់ លើការអត្ថាធិប្បាយ របស់ មន្ត្រីរដ្ឋាភិបាលអ៊ុយក្រែន រូបនេះ។ លោកបានសង្កត់ធ្ងន់ថា កិច្ចចរចាសន្តិភាព កន្លងមក មានសារៈសំខាន់ ហើយ ការណ៍ដែលភាគីអ៊ុយក្រែន មិនចង់បន្តទំនាក់ទំនង បែបនេះ គឺជាការសោកស្តាយ»។

អ្នកនាំពាក្យវិមានក្រឹមឡាំង រូបនេះ បាននិយាយថា «ប្រសិនបើគ្មានលទ្ធភាព បន្តការសន្ទនា ទៀតនោះទេ យើងនឹងបន្តប្រតិបត្តិការយោធា តាមគ្រប់មធ្យោបាយ ដែលអាចធ្វើទៅបាន»។ លោក Peskov បានព្រមានថា «ភាគីអ៊ុយក្រែនត្រូវតែដឹងថា មិនយូរមិនឆាប់ នឹងមានការបង្ខំឱ្យចរចា ហើយអ៊ុយក្រែននឹងចុះខ្សោយ ជាងពេលបច្ចុប្បន្ន ស្របពេលដែលជំហររបស់របប Kiev នឹងកាន់តែអាក្រក់ទៅៗ ជារៀងរាល់ថ្ងៃ»។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយ កាលពីខែមុនថា ទាហានអ៊ុយក្រែន ជាង១ម៉ឺននាក់ត្រូវបានឡោមព័ទ្ធ នៅក្នុងតំបន់ Donbass ។ យោធារុស្ស៊ីបានរាយការណ៍ពីការរឹតបន្តឹងការឡោមព័ទ្ធ ចាប់តាំងពីពេលនោះមក ហើយបានប្រកាសពីការវាយដណ្តើមយកផ្នែកខាងកើត។

លោក Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង បានបន្ថែមថា «រុស្ស៊ីពិតជាចង់បានសន្តិភាព ហើយ រុស្ស៊ីបើកចំហរ ក្នុងការដោះស្រាយបញ្ហាអ៊ុយក្រែន តាមរយៈមធ្យោបាយនយោបាយ និងការទូត ប៉ុន្តែ បើការចរចាត្រូវបានជាប់គាំង នោះនឹងពឹងផ្អែកលើយោធាដើម្បី “ធានាសន្តិសុខរបស់រុស្ស៊ី សម្រាប់មនុស្សជំនាន់ក្រោយ និង បំពេញកិច្ចការផ្សេងទៀត ដែលកំណត់ដោយថ្នាក់ដឹកនាំរបស់ប្រទេស។

យ៉ាងណា ទីក្រុងមូស្គូ តែងតែរក្សាជំហរថា កិច្ចព្រមព្រៀងណាមួយជាមួយទីក្រុងកៀវ អាចលេចចេញជារូបរាងបាន លុះត្រាតែដោះស្រាយមូលហេតុឫសគល់នៃវិបត្តិ និង រួមបញ្ចូលការធានាថា អ៊ុយក្រែននឹងមិនចូលរួមជាសមាជិក អង្គការណាតូ រួមជាមួយនឹងការរំសាយកងទ័ព, ការបំបែកខ្លួន និង ការទទួលស្គាល់ភាពពិតនៃទឹកដី បច្ចុប្បន្ន៕

ប្រភពពី RT ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner