ពលរដ្ឋភៀសសឹក ៤៩៦គ្រួសារ ស្នាក់នៅទីសុវត្ថិភាព ក្នុង​ខេត្តបន្ទាយមានជ័យ បាន​ទទួល​អំ​ណោយ សម្ដេច​តេជោ ហ៊ុន សែន និង សម្ដេចធិបតី ហ៊ុន ម៉ាណែត

(បន្ទាយមានជ័យ)៖ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃ​គណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ ប្រគល់អំណោយដ៏ថ្លៃថ្លា​របស់​សម្ដេចតេជោហ៊ុន សែន និងសម្ដេចកិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត តាមរយៈ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌ​ឫស្សីកែវ រាជធានីភ្នំពេញ ប្រគល់ជូនដល់បងប្អូន​ជ​ន​ភៀស​សឹក ចំនួន ៤៩៦គ្រួសារ ដែលកំពុងស្នាក់​នៅ​បណ្ដោះអាសន្ននៅទីសុវត្ថិភាព នៅវត្តចានស៊ី ស្ថិត​ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាល​ពី​រសៀល​ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

ជួសមុខឲ្យបងប្អូនប្រជាពលរដ្ឋជនភៀសសឹក ឯកឧត្តម អ៊ុំ រាត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ចំពោះ​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ ជានិច្ចកាល​តែង​តែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានគ្រប់ពេលវេណ។

ឯកឧត្ដម បន្តថា ក្រោយពីយោធាថៃបានបេីកការ​បាញ់​ប្រ​ហារមកលេីដែនអធិបតេយ្យរបស់កម្ពុជាកាលពីថ្ងៃទី១២ ខែវិច្ឆិកាកន្លងទៅ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ បណ្ដា​ល​ឱ្យពលរដ្ឋស្លូតត្រង់ម្នាក់ស្លាប់ និង ៣នាក់រងរបួស កំពុង​សម្រាកព្យាបាលនៅរាជធានីភ្នំពេញ។ ជាក់ស្តែងបងប្អូន​ប្រជាពលរដ្ឋភៀសសឹកមកពីតំបន់ប្រឈមនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ បានភៀសខ្លួនមកកាន់ទីសុវត្ថិភាព ដែលអាជ្ញាធរ​បាន​រៀប​ចំជូន។

សូមបញ្ជាក់ផងដែរថា គិតត្រឹមល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បងប្អូនជនភៀសសឹកដែលមកពីតំបន់​ប្រឈម​តាមបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រ​ខេត្តបន្ទាយ​មានជ័យ ជាពិសេសភូមិព្រៃចាន់ មានចំនួន៤៩៦គ្រួសារ មនុស្សរាយ១៦៨៦នាក់ /ស្រី ៨៨១នាក់ ក្នុងនោះកុមារ ៣៧៦នាក់ និងជនពិការ ១០នាក់ ៕

ដោយ ៖ ឃិន គន្ធា

ads banner