សម្ដេចតេជោ ហ៊ុន សែន៖ វិស័យអាណាចក្រ និងពុទ្ធ​ចក្រ មិនអាចកាត់ផ្ដាច់ពីគ្នាបានទេ

(ភ្នំពេញ)៖ វិ​ស័យ​​អាណាចក្រ និងពុទ្ធចក្រ មិនអាចកាត់​ផ្ដាច់​​ពីគ្នា​បាន​ទេ។ វិស័យអាណាចក្រ និងពុទ្ធចក្រ ជាចំ​ណង​ទាក់​ទង​គ្នា និងជាការបំពេញគ្នាទៅវិញទៅមក ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភា លើកឡើងដូច្នេះ ក្នុងឱកាសអញ្ជើញជាព្រះរាជ​តំ​ណាង​ដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះមហាក្សត្រ ក្នុងពិធី​បើក​អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣៣ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវិទ្យាស្ថានជាតិអប់រំ ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា រដ្ឋធម្មនុញ្ញ​នៃព្រះរាជាណាចក្រកម្ពុជា បានកំណត់ច្បាស់ថា ព្រះពុទ្ធ​សាសនាជាសាសនារបស់រដ្ឋ ប៉ុន្តែពុំមានការរឹតត្បិត​លើ​សិទ្ធិសេរីភាពខាងសាសនានោះទេ ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា គ្មានសាសនាណា​មួយ​នៅលើលោកនេះ ដែលប្រដៅឲ្យសាសនិករបស់ខ្លួន ប្រ​ព្រឹត្ត​​អំពើអាក្រក់នោះទេ គឺគេតែងតែអប់រំ ប្រដៅឱ្យ​ប្រ​ព្រឹត្តអំពើល្អ មានសីលធម៌ល្អ និងគុណធម៌ល្អទាំងអស់ ។ សម្តេចតេជោ បន្តថា ព្រះសង្ឃ ឬសាសនិកដទៃទៀត អាច​ចូលរួមអប់រំមនុស្ស និងចូលរួមគ្នាដើម្បីអភិរក្ស អភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសនានៅកម្ពុជា និងលើក​កម្ពស់ការផ្សព្វផ្សាយ និងការយល់ដឹងពីពុទ្ធឱវាទ និង​ការប្រតិបត្តិធម៌វិន័យរបស់ព្រះពុទ្ធសាសនា ។

សម្តេចតេជោ ក៏បានយកឱកាសនេះ អំពាវនាវឲ្យភាគី​ទាំង​អស់ រួបរួមគ្នាលើកម្ពស់ស្មារតីសាមគ្គីធម៌ ដើម្បីលើក​កម្ពស់ព្រះពុទ្ធសាសនាឲ្យកាន់តែល្អប្រសើរបន្ថែមទៀត និងធ្វើការផ្សព្វផ្សាយនូវទ្រឹស្តីព្រះពុទ្ធសាសនា ឲ្យបាន​ទូលំ​ទូលាយបន្ថែមទៀត ដោយស្របតាមអនុលោម​សច្ច​ធម៌ និងយុត្តិធម៌សង្គម ។

តាមរបាយកការណ៍របស់ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និងសាសនា បានឱ្យដឹងថា បច្ចុប្បន្ន នៅ​ទូទាំប្រទេសកម្ពុជា មានវត្តចំនួន ៥ ១៤៨ វត្ត ក្នុង​មហា​និកាយចំនួន ៤ ៨៧៦ វត្ត, ធម្មយុត្តិកនិកាយ​ចំនួន ២៧២ វត្ត មានព្រះសង្ឃចំនួន ៧៥ ៥៥៦ព្រះអង្គ ក្នុងនោះ មហានិកាយចំនួន ៧២ ៩០០ ព្រះអង្គ, ធម្មយុត្តិកនិកាយ ចំនួន ២ ៦៥៦ ព្រះអង្គ ។

ជាមួយគ្នានោះ អាចារ្យ និងអាចារិនី ដែលឆ្លងកាត់វគ្គ​បណ្តុះ​បណ្តាលទាំងអស់ មានចំនួន ១៣ ៨៣៣ អង្គ/នាក់ ក្នុងនោះ ព្រះសង្ឃ ១ ០៤០ ព្រះអង្គ និងអាចារិនី ២២៧ នាក់ ៕

អត្ថបទ៖ វណ្ណលុក
រូប៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner