សម្ដេច ហ៊ុន សែន ថា ថៃ ចាប់កងទ័ពខ្មែរ ១៨នាក់ ធ្វើ​ជា​គោលដៅដាក់លក្ខខណ្ឌជាមួយកម្ពុជា

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងដោយ ចាត់​​ទុកបញ្ហាកងទ័ពកម្ពុជា ១៨រូប ដែលត្រូវបានថៃ លេង​​​ល្បិចចាប់ខ្លួន ក្រោយបទឈប់បាញ់ប៉ុន្មានម៉ោង គឺពួកគាត់ពលីកម្ម ដើម្បីជាតិស្រាប់ទៅហើយ ។ សម្ដេច ក៏បានបង្ហើបដែរថា តាំងពីម៉ោងដំបូងដែលគេចាប់ខ្លួន​កង​ទ័ព​កម្ពុជា ១៨រូប គឺច្បាស់ណាស់ដើម្បីដោះដូរអ្វី​មួយជា​មួយកម្ពុជា ។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធ​សភា លើកឡើងដូច្នេះ ក្នុងឱកាសអញ្ជើញ​ជាព្រះរាជ​តំ​ណា​ង​ដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះមហាក្សត្រ ក្នុងពិធី​បើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើក​ទី៣៣ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅ​វិទ្យា​ស្ថានជាតិអប់រំ ។

សម្ដេច ហ៊ុន សែន បានលើកឡើងពីមូលហេតុដែលថៃ មិន​ព្រមដោះលែងកងទ័ពខ្មែរ១៨នាក់នេះ ដោយសារ​ពួកគេមានបំណងទុកធ្វើជាថ្នូរដោះដូរជាមួយកម្ពុជា ។ សម្ដេច ថ្លែងទាំងហួសចិត្តថា នៅលើពិភពលោក គេតែង​តែដោះដូរឈ្លើយសឹក ក្រោយពេលបញ្ចប់សង្គ្រាម។ ប៉ុន្តែ​ភាគីថៃ បែរជាចាប់កងទ័ពខ្មែរទាំង១៨នាក់ ទុកធ្វើជាចំ​ណាប់​ខ្មាំង ក្នុងការដោះដូរជាមួយកម្ពុជាទៅវិញ ។ សម្ដេច បានចាត់ទុកកងទ័ពខ្មែរទាំង ១៨នាក់នេះ បាន​ពលី​យ៉ាងធំធេងដើម្បីជាតិ ។

សម្ដេចប្រធានព្រឹទ្ធសភា បានសង្កត់ធ្ងន់ថា ភាគីថៃ បាន​សន្យា​បញ្ជូនកងទ័ពខ្មែរមកវិញ នៅថ្ងៃទី១២ វិច្ឆិកា កន្លង​ទៅ ប៉ុន្តែដោយសារវាមានព្រឹត្តិការណ៍ផ្សេងៗ​កើតឡើង​នៅ​តាមព្រំដែន ភាគីថៃ ក៏យកលេសដើម្បីបន្ទច់បង្អាក់​នូវដំណើរនេះ។ ដូច្នេះវាច្បាស់ណាស់ថា ថៃ បានចង​ភ្ជាប់​រវាង​កងទ័ព ១៨នាក់ ជាមួយនឹងបញ្ហាដទៃទៀត រាប់ទាំងថ្ងៃមុខផងដែរ។ ចាំមើលទៅ ។ គេដាក់លក្ខខណ្ឌ​ឱ្យយើងធ្វើនេះ ធ្វើនោះហើយបានគេដោះលែង ។ សម្ដេ​ច​​បន្ថែមថា ថៃ កំពុងដើរហួសពីច្បាប់ទម្លាប់អន្តរជាតិ ។

ទន្ទឹមនឹងនេះ សម្ដេចតេជោ ក៏បានចោទជាសំណួរថា តើ​នៅ​លើពិភពលោក មានទង្វើរអសីលធម៌បែបនេះទេ? ហេតុ​អ្វីថៃ ដែលចាត់ទុកខ្លួនឯងជាប្រទេសស៊ីវិល័យ បែរ​ជា​ចាប់ទាហានជាចំណាប់ខ្មាំង ដើម្បីដោះដូរ? ហើយចុះ​លោក Muntarbhorn អ្នករាយការណ៍ពិសេសស្តីពី​ស្ថាន​ភាពសិទ្ធិមនុស្សនៅកម្ពុជា នៅទីណា ទើបបានជា​មិននិយាយពីការចាប់ខ្លួនកងទ័ពខ្មែរទាំង១៨នាក់នេះ?

សម្ដេច ហ៊ុន សែន បានសង្កត់ធ្ងន់ថា កងទ័ពខ្មែរទាំង ១៨នាក់​នេះ មិនមែនជាឈ្លើយសឹក សម្រាប់យកមក​ដាក់លក្ខខណ្ឌ និងដោះដូរលើ​ករណីអ្វីមួយទៀតឡើយ។ នេះជាលើកទីមួយហើយ ដែលសម្ដេច បង្ហើបរឿងនេះ ប្រាប់សាធារណជននៅតាមវេទិការសាធារណបែបនេះ។ ជាមួយគ្នានេះ សម្ដេច ក៏ស្នើសុំការយោគយល់ និងអធ្យា​ស្រ័យ​ចំពោះសាច់ញាតិកងទ័ពទាំង១៨នាក់ ដែលកំពុង​ស្ថិតនៅក្រោមការឃុំខ្លួនរបស់ថៃ។ រដ្ឋាភិបាល កំពុង​ព្យា​យាមដោះស្រាយបញ្ហានេះ ។

សូមរំលឹកថា ក្រោយបទឈប់បាញ់ ចូលជាធរមាននៅ​ម៉ោង ១២យប់ ឈានចូលថ្ងៃទី២៩ កក្កដានោះ យោធា​ថៃ បានមកចាប់ដៃជាមួយកងទ័ពខ្មែរ ហើយបែរ​ជាលួច​ឆ្មក់ចាប់ខ្លួនកងទ័ពចំនួន២០នាក់ ទៅជំរំពួកគេ។ ក្រោយ​មកពួកគេ បានសម្រេចដោះលែងកងទ័ពខ្មែរ ចំនួន២រូប​មកវិញ កាលពីថ្ងៃទី១ សីហា ។ កងទ័ពខ្មែរទាំងពីររូប ដែល​ត្រូវបានដោះលែងវិញនេះ មានបញ្ហាសុខភាព​ធ្ងន់​ធ្ងរ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះ និងព្យាបាលភ្លាមៗ​។ ចំណែកកងទ័ពនៅសល់ទាំង១៨នាក់ ត្រូវបានភាគីថៃ បន្តឃុំខ្លួនអស់រយៈពេល ១១១ថ្ងៃហើយ គិតត្រឹមថ្ងៃទី​១៧ វិច្ឆិកានេះ ។ ភាគីថៃ បានសន្យាដោះលែងពួកគេ​ជាច្រើនលើកហើយ តែមិនទាន់គោរពតាមពាក្យសម្តី ៕

អត្ថបទ ៖ វណ្ណលុក
រូប ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner