កម្ពុជា មិនអង្វរថៃ ឱ្យមានការបើកច្រកព្រំដែនឡើង​វិញទេ ព្រោះថៃ ជាអ្នកបិទមុន

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅភាគីថៃ ថា កម្ពុជា មិនអង្វរថៃ ឱ្យមានការបើកច្រកព្រំដែន ឡើង​វិញទេ ព្រោះថៃ ជាអ្នកបិទមុន ដូច្នេះថៃ ត្រូវទទួលខុស​ត្រូវ​ចំពោះការបើកព្រំដែនឡើងវិញ ។ ការបញ្ជាក់ជាថ្មី​របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រ​ធានព្រឹទ្ធសភា នេះ ធ្វើឡើងបន្ទាប់ពីមានសេចក្តីថ្លែង​ការណ៍ថ្មីៗពីមន្ត្រីថៃ រួមទាំងនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រី​ក្រសួងការពារជាតិ ដែលតែងតែលើកឡើងនៃការបើក​ច្រកព្រំដែនឡើងវិញ។ មន្ត្រីថៃមួយចំនួនថែមទាំង​បាន​បំផ្លើសថា កម្ពុជាបានស្នើសុំបើកព្រំដែន។ ជាពិសេស រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បានប្រកាសថា ក្នុងមួយ​ជីវិតនេះមិនចរចាដាច់ខាតលើរឿងបើកព្រំដែន ។

ក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣៣ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវិទ្យាស្ថានជាតិអប់រំ សម្ដេចតេជោ បានបញ្ជាក់ថា បញ្ហា​ច្រកព្រំដែនរវាងកម្ពុជា និងថៃ គឺថៃ ជាអ្នកផ្តើមបិទ​មុន ដូច្នេះថៃ ត្រូវតែបើកមុន ។ សម្តេច ថា រឿងព្រំដែន​នេះ យើងបានដឹងទាំងអស់គ្នាហើយ យើងមិនមែនអ្នក​បិទ​ទេ គេអ្នកបិទ កូនសោរនៅលើគេ ហេតុអ្វីយើង​ទៅ​អង្វរ​សុំគេ? សូមជូនសារទៅថ្នាក់ដឹកនាំថៃ មិនថាស៊ីវិល មិនថាកងទ័ពទេ កម្ពុជា មិនធ្វើថោកទៅសុំឱ្យថៃបើកច្រក​ព្រំដែនទេ ។

សម្ដេច ហ៊ុន សែន បានអះអាងថា តាំងពីថៃ បិទព្រំដែន​មក កម្ពុជា មិនដែលទៅសុំថៃ បើកឡើងវិញម្តងណា​នោះ​ទេ ហើយទោះថៃ បិទ១០០ឆ្នាំទៀត ក៏កម្ពុជា មិនទៅស្នើ​សុំ​បើកវិញដែរ ។

សម្តេចតេជោ បន្ថែមថា នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន ព្រម​ទាំង​កងទ័ពថៃ បានចេញមកនិយាយជាច្រើនដង ហើយ​ព្រមទាំងអះអាងថា ក្នុងមួយជីវិតនេះ ពួកគេមិនចរចា​ដាច់​ខាត លើរឿងបើកព្រំដែនជាមួយកម្ពុជា ។ ក្រោយ​ការលើកឡើងរបស់ភាគីថៃនេះ សម្តេចតេជោ ឆ្លើយតប​វិញ​ថា សូមឱ្យថៃបិទ ១០០ឆ្នាំ ឬ ៥០០ឆ្នាំទៀតទៅ កម្ពុជា មិនទៅអង្វរនោះទេ ។

ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន បានគូស​បញ្ជាក់​ដែរ​ថា ចាប់ពីពេលនេះតទៅ កម្ពុជា ត្រូវពង្រឹង​សមត្ថភាពនៃការផលិតទំនិញ សម្រាប់ផ្គត់ផ្គង់ដោយ​ខ្លួនឯង ហើយត្រូវរកទីផ្សារផ្សេងផ្គត់ផ្គង់ជំនួស​ឱ្យ​ទំនិញ​ថៃផងដែរ ដូច្នេះថៃចង់បិទ១០០ឆ្នាំ ឬ៥០០ឆ្នាំទៀត​ក៏កម្ពុជាពុំមានបញ្ហាអ្វីនោះដែរ ។

ទន្ទឹមនេះ កម្ពុជា ត្រូវពង្រឹងសមត្ថភាពនៃការផលិត​ទំនិញ សម្រាប់ផ្តត់ផ្គង់ហើយត្រូវរកទីផ្សារផ្សេង​ផ្គត់​ផ្គង់ជំនួសឱ្យទំនិញថៃ។ យ៉ាងណាមិញ សម្តេច បាន​ក្រើនរំលឹកដល់ប្រជាពលរដ្ឋកម្ពុជា កុំធ្វើពហិកា​ជ្រុល​ហួស ។ ជ្រុលក្នុងន័យនេះ បើសិនជាអ្នកវិនិយោគថៃ មកផលិតនៅកម្ពុជា ចាត់ទុកជាទំនិញរបស់កម្ពុជា។

គួរបញ្ជាក់ថា ថៃបានប្រកាសបិទព្រំដែនគោកជា​ឯក​តោ​ភាគី ជាមួយកម្ពុជា ចាប់ពីថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៥ ក្រោយមករាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបិទ​ច្រកព្រំ​ដែនវិញជាការឆ្លើយតប ។

យោងរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថា ពាណិជ្ជកម្មរវាងកម្ពុជា និងថៃ ធ្លាក់ចុះ ១០​ភាគ​រយក្នុងរយៈពេល ១០ខែ ឆ្នាំ២០២៥នេះ ពោល គឺការផ្លាស់ប្តូរទំនិញនៃប្រទេសជិតខាងទាំងពីរ សម្រេច​បានត្រឹមតែ ជាង ៣,២ពាន់លានដុល្លារអាម៉េរិក បើធៀប​នឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន មានទំហំទឹកប្រាក់ជាង ៣,៥ពាន់លានដុល្លារអាម៉េរិក ។ ចំណែក ការនាំចូល​ទំ​និញ​ពីថៃ មកកម្ពុជា នៅរយៈពេល ១០ខែមកនេះ ក៏មាន​ការធ្លាក់ចុះដូចគ្នា គឺមានទំហំទឹកប្រាក់ជាង ២,៥ពាន់​លាន​ដុល្លារ ធ្លាក់ចុះជិត ៩ភាគរយ។ ការនាំចេញទំនិញ​កម្ពុជា ទៅប្រទេសថៃវិញ មានទំហំទឹកប្រាក់ជាង ៦៣៥​លានដុល្លារ ធ្លាក់ចុះជាង ១១ភាគរយ ។

ប្រទេសកម្ពុជា និងថៃ ធ្លាប់បានដាក់គោលដៅពង្រីក​ការ​ផ្លាស់ប្តូរពាណិជ្ជកម្មឲ្យឈានដល់ទំហំ ១៧ពាន់លាន​នៅ​ឆ្នាំ​២០២៧-២០២៨។ ប៉ុន្តែ អ្នកជំនាញផ្នែកសេដ្ឋកិច្ច​នៅ​កម្ពុជា អះអាងថា គោលដៅនេះ នឹងមិនបានសម្រេច​បាននោះទេ ៕

អត្ថបទ៖ វណ្ណលុក
រូប៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner