សម្តេច ហ៊ុន សែន ៖ ករណីភូមិព្រៃចាន់ ប្រសិនបើកម្ពុជា ផ្ទុះអាវុធភ្លាម តើលទ្ធផលចេញមកបែបណា
(ភ្នំពេញ)៖ សម្តេច ហ៊ុន សែន ថ្លែងថា ករណីភូមិព្រៃចាន់ ប្រសិនបើកម្ពុជា ផ្ទុះអាវុធភ្លាម តើលទ្ធផលចេញមកបែបណា ខណៈថៃ ចង់ញុះឱ្យកម្ពុជា ផ្ទុះអាវុធមុន គេបាញ់ចំពាមកៅស៊ូមកយើងស្ទើររាល់ថ្ងៃ ប៉ុន្តែយើងមិនតបតនោះទេ ព្រោះថា វាបានដើរដល់ដំណើរការនៃបទឈប់បាញ់ ដែលយើងត្រូវគោរព! បានដើរដល់សេចក្តីថ្លែងការណ៍រួម ស្តីពីសន្តិភាពរវាងកម្ពុជា និងថៃ ដែលមានទាំងម៉ាឡេស៊ី និងអាម៉េរិក ចុះហត្ថលេខាដឹងលឺ ហើយក៏មានទាំងចិនផងដែរ រួមជាមួយមិត្តភក្តិនៅលើពិភពលោកបានដឹងលឺរឿងនេះ ។ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា លើកឡើងដូច្នេះក្នុងឱកាសអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះមហាក្សត្រ ក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣៣ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវិទ្យាស្ថានជាតិអប់រំ ។
សម្តេចតេជោ បានពន្យល់អំពីមូលហេតុ ដែលកម្ពុជា ប្រកាន់ខ្ជាប់នូវការអត់ធ្មត់មិនតបត ដោយសារតែប្រទេសទាំងពីរ បានឈានដល់ការអនុវត្តបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរ ដែលមានទាំងម៉ាឡេស៊ី សហរដ្ឋអាមេរិកជាសាក្សី និងមានចិន និងមិត្តភក្តិបរទេសនានា បានដឹងឮផងដែរ។ បើកម្ពុជា ឆ្លងឆ្លើយហួសហេតុ វានឹងបង្កជាជម្លោះពាក្យសម្តី ។
សម្តេចបន្តថា អ្នកដទៃបាននិយាយថា គេបាញ់សម្លាប់ប្រជាជនហើយ នៅស្ងៀមទៀត តែខ្ញុំសូមសួរត្រឡប់ទៅវិញថា បើសិនជាយើងផ្ទុះអាវុធ តើមនុស្សស្លាប់ត្រឹមម្នាក់ និងរបួស៣នាក់ហ្នឹងទេ វាអាចលើសពីនោះ ថៃក៏ស្លាប់មនុស្សអាចច្រើន ឯយើងក៏ស្លាប់ដល់ស៊ីសុផុនឯណោះ និយាយគ្នាឱ្យច្បាស់កន្លែងហ្នឹង យើងមិនមែនខ្លាចវ៉ៃទេ ប៉ុន្តែសួរថាវ៉ៃទៅវាបានផលមកវិញអ្វី? បំផ្លាញកិច្ចព្រមព្រៀងឈប់បាញ់ បំផ្លាញសេចក្តីថ្លែងការណ៍សន្តិភាព ។
សម្តេច ថា អ្នកទាំងនោះ បានតែនិយាយនៅខាងក្រៅប៉ុណ្ណោះ ប៉ុន្តែពួកគេ មិនបានថ្កោលទោសចំពោះអ្នកដែលបានបាញ់ប្រជាជនខ្មែរស្លាប់ និងរបួសនោះឡើយ ។
គួររំលឹកថា ករណីទាហានថៃ បាញ់រះមកលើពលរដ្ឋខ្មែរស្លូតត្រង់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានកើតឡើងចំនួន ២លើក កាលពីរសៀល ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅ ដោយបណ្តាលឱ្យពលរដ្ឋខ្មែរម្នាក់ បាត់បង់ជីវិត និងប្រជាពលរដ្ឋ ៣នាក់ផ្សេងទៀតរងរបួស។ បញ្ហានេះ ក៏បណ្តាលឱ្យពលរដ្ឋប្រមាណ ៥០០គ្រួសារ ត្រូវជម្លៀសពីលំនៅដ្ឋាន។
កម្ពុជា បានថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វើយង់ឃ្នងរបស់ទាហានថៃបែបនេះ ហើយទាមទារឱ្យភាគីថៃ ទទួលខុសត្រូវចំពោះការផ្ទុះអាវុធ នៅក្រោយកិច្ចព្រមព្រៀងសន្តិភាព ដែលចុះហត្ថលេខា ដោយមេដឹកនាំប្រទេសទាំងពីរ ដែលមានសហរដ្ឋអាមេរិក និងម៉ាឡេស៊ីធ្វើជាសាក្សី ។
ក្រោយមានករណីទាហានថៃ បាញ់សម្លាប់ពលរដ្ឋខ្មែរ មេដឹកនាំសហរដ្ឋអាមេរិក និងម៉ាឡេស៊ី បានធ្វើកិច្ចអន្តរាគមន៍ផងដែរ។ មេដឹកនាំទាំងពីរ បានពិភាក្សាតាមទូរស័ព្ទជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ។ សម្តេចបានបញ្ជាក់ថា កម្ពុជា បន្តរក្សាជំហរក្នុងការដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី និងដោយប្រេីប្រាស់យន្តការដែលមានស្រាប់ និងបានឯកភាពគ្នាកន្លងមក ជាពិសេស ស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួម ទីក្រុងគូឡាឡាំពួ នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៥ ដើម្បីឈានទៅដល់ការបញ្ចប់ជម្លោះព្រំដែន និងកសាងសន្តិភាពរវាងប្រទេសទាំងពីរ ។
ជាមួយនេះ សហរដ្ឋអាមេរិក បានប្រកាសផ្អាកកិច្ចចរចាពន្ធគយ ជាមួយប្រទេសថៃ រហូតទាល់តែភាគីថៃ អនុវត្តឲ្យបានពេញលេញតាមកិច្ចព្រមព្រៀងសន្តិភាព ជាមួយកម្ពុជាផងដែរ ៕



អត្ថបទ៖ វណ្ណលុក
រូប៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ