អ៊ុយក្រែនចង់ដោះដូរឈ្លើយសឹក ១,២០០ នាក់ជាមួយរុស្ស៊ី
កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និងប្រធានក្រុមប្រឹក្សាសន្តិសុខរបស់គាត់និយាយថា អ៊ុយក្រែនកំពុងខ្នះខ្នែងបន្តការផ្លាស់ប្តូរឈ្លើយសឹកជាមួយរុស្ស៊ីបន្ថែមទៀត ដោយសង្ឃឹមថា នឹងមានការដោះលែងជនជាតិអ៊ុយក្រែនចំនួន ១,២០០នាក់។
នៅក្នុងវីដេអូបង្ហោះលើបណ្តាញសង្គមតេលេក្រាមកាលពីថ្ងៃអាទិត្យ លោកប្រធានាធិបតី ហ្សេលេនស្គី បានបញ្ជាក់យ៉ាងដូច្នេះថា យើងកំពុងខិតខំប្រឹងប្រែងធ្វើឱ្យមានការបន្តដោះដូរឈ្លើយសឹកថែមទៀត តាមរយៈកិច្ចប្រជុំ ការចរចា និងការសន្ទនាតាមទូរស័ព្ទជាដើម។
រីឯប្រធានក្រុមប្រឹក្សាសន្តិសុខអ៊ុយក្រែន លោក រូស្តែម យូមើរូវ ក៏បានអះអាងដែរថា រូបលោកបានពិគ្រោះយោបល់គ្នាអំពីបញ្ហានេះ ទាំងនៅតួកគី និងអេមីរ៉ាតអារ៉ាប់រួម ហើយរឿងនេះបានទទួលការគាំទ្រយ៉ាងពេញទំហឹងពីដៃគូរបស់អ៊ុយក្រែន ជុំវិញការបន្តដំណើរការដោះដូរឈ្លើយសឹក។
លោកថា ជាលទ្ធផលនៃការចរចាទាំងនេះ ភាគីនានាបានយល់ព្រមបន្តអនុវត្តតាមកិច្ចព្រមព្រៀងទីក្រុងអ៊ីស្តង់ប៊ុលសាជាថ្មី ក្នុងនោះក៏មានពាក់ព័ន្ធនឹងការដោះលែងជនជាតិអ៊ុយក្រែនចំនួន ១,២០០នាក់ផងដែរ។ យ៉ាងណាមិញ ភ្លាមៗភាគីរុស្ស៊ីនៅមិនទាន់ធ្វើការឆ្លើយតបវិញនៅឡើយទេ។
បើតាមលោក យូមើរូវ, យើងកំពុងធ្វើការដោយមិនសម្រាក ដើម្បីជួយពលរដ្ឋអ៊ុយក្រែនដែលជាប់នៅកន្លែងឃុំឃាំង អាចវិលត្រឡប់មកស្រុកកំណើតវិញ ចូលរួមពិធីចូលឆ្នាំថ្មី និងបុណ្យណូអែល ជួបជុំគ្រួសារ និងមនុស្សជាទីស្រលាញ់របស់ពួកគេ។
គួរបញ្ជាក់ថា តាមរយៈកិច្ចព្រមព្រៀងទីក្រុងអ៊ីស្តង់ប៊ុល អ៊ុយក្រែន-រុស្ស៊ីបានឈានដល់ការឯកភាពគ្នាដោះដូរឈ្លើយសឹក បន្ទាប់ពីមានការជួយជ្រោមជ្រែងពីភាគីតួកគីក្នុងឆ្នាំ ២០២២។ ចាប់តាំងពីពេលនោះមក ភាគីជម្លោះទាំងពីរបានផ្លាស់ប្តូរឈ្លើយសឹករាប់ពាន់នាក់រួចមកហើយ បន្ទាប់ពីរុស្ស៊ីចូលលុកលុយប្រឆាំងនឹងអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២៕
ប្រភព ៖ The straits times ប្រែសម្រួល ៖ ឈឹម ទីណា
