អ៊ីស្រាអែល ច្រឡំដៃបាញ់រះទៅលើកងកម្លាំងរក្សាសន្តិភាពរបស់ UN នៅលីបង់
បេរូត ៖ អ៊ីស្រាអែលបានប្រកាសទទួលស្គាល់កាលពីថ្ងៃអាទិត្យថា ខ្លួនពិតជាច្រឡំដៃបាញ់រះទៅលើកងរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិចំនួន ២ រូប នៅភាគខាងត្បូង ប្រទេសលីបង់ ដោយសារតែលក្ខខណ្ឌអាកាសធាតុមិនល្អ ។
បើតាមទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua, ហេតុការណ៍នេះផ្ដើមចេញពីការកំណត់ជនសង្ស័យខុសពីសំណាក់កងកម្លាំងអ៊ីស្រាអែល ។ កងកម្លាំងអ៊ីស្រាអែលបានបាញ់ព្រមាន និងបង្ខំឲ្យជនសង្ស័យដែលខ្លួនកំណត់ខុសនេះ ចាកចេញពីតំបន់ Al-Hamames ប៉ុន្តែក្រោយពីត្រួតពិនិត្យលើឧបទ្ទវហេតុនេះ អ្នកទាំងពីរគឺជាកងរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ ដែលដើរល្បាតក្នុងតំបន់នោះ ។
កងកម្លាំងអ៊ីស្រាអែលសារភាពថា ទាហានរបស់ខ្លួនគ្មានចេតនាបាញ់ទៅលើកងរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិនោះទេ ហើយបញ្ហានេះកំពុងត្រូវបានដោះស្រាយ តាមរយៈបណ្តាញទំនាក់ទំនងផ្លូវការ” ។
កងរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិបញ្ជាក់ថា កងទ័ពអ៊ីស្រាអែល បានបាញ់ចេញពីរថក្រោះ Merkava ដែលមានទីតាំង នៅជិតប៉ុស្តិ៍អ៊ីស្រាអែលមួយកន្លែង នៅភាគខាងត្បូងប្រទេសលីបង់ ហើយគ្រាប់រថក្រោះបានធ្លាក់នៅចម្ងាយប្រហែល ៥ ម៉ែត្រប៉ុណ្ណោះពីកងរក្សាសន្តិភាព ។
យ៉ាងណា ហេតុការណ៍នេះមិនបណ្ដាលមានមនុស្សស្លាប់ ឬរងរបួសនោះទេ ។
ក្រោយហេតុការណ៍នេះ កងរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ បានទាក់ទងភ្លាមៗដល់កងកម្លាំងអ៊ីស្រាអែល ដើម្បីបញ្ឈប់ការបាញ់នេះ ។
កងរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិបានហៅឧបទ្ទវហេតុនេះថា ជា “ការរំលោភយ៉ាងធ្ងន់ធ្ងរ” នៃដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយបានជំរុញកងកម្លាំងអ៊ីស្រាអែលបញ្ឈប់អាកប្បកិរិយាឈ្លានពាន និងការវាយប្រហាររាល់ទីតាំងរបស់កងកម្លាំងរក្សាសន្តិភាព ។
ទីតាំងកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ត្រូវបានគេកំណត់គោលដៅ ជាច្រើនដង ចាប់តាំងពីជម្លោះនៅតំបន់ហ្គាហ្សា បានចាប់ផ្ទុះឡើងក្នុងខែតុលា ឆ្នាំ ២០២៣ ។ ទោះបីជាមានបទឈប់បាញ់ រវាងអ៊ីស្រាអែល និងក្រុមហេសបូឡាក៏ដោយ ក៏អ៊ីស្រាអែលនៅតែបន្តវាយប្រហារទៅលលើប្រទេសលីបង់ ដោយលើកឡើងពីការគំរាមកំហែងរបស់ក្រុមហេសបូឡា ៕
ប្រភពពី Xinhua ប្រែសម្រួល ៖ សារ៉ាត