ក្រុមការងារក្រសួងបរិស្ថាន បានចាត់វិធាន ការពារ បរិស្ថានបន្ទាន់ ករណីទូររថភ្លើងដឹកប្រេងធ្លាក់ផ្លូវបង្កឱ្យលេចធ្លាយប្រេងម៉ាស៊ូតប្រមាណ ៣០០០០ លីត្រ នៅខេត្តពោធិ៍សាត់
(ពោធិ៍សាត់)៖ ក្រុមការងារក្រសួងបរិស្ថាន នៅរសៀលថ្ងទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចុះពិនិត្យនិងចាត់វិធានការទប់ស្កាត់កុំឱ្យសំណល់ប្រេង ម៉ាស៊ូត ដែលលេចធ្លាយចេញពីទូររថភ្លើង ក្រឡាប់ចេញពីផ្លូវរត់ នៅចំណុចភូមិច្រេស ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីរដ្ឋបាលខេត្តពោធិ៍សាត់ មន្ទីរបរិស្ថានខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុកបាកាន ។
ក្រុមការងារបានស្នើឱ្យសមត្ថកិច្ចនិងក្រុមហ៊ុនដឹកជញ្ជូនធ្វើការទប់ស្កាត់ក្នុងជំហានដំបូងគឺ៖
១) មិនអនុញ្ញាតឱ្យប្រជាពលរដ្ឋចូលទៅប្រមូលសំណល់ប្រេងហូរចេញពីស៊ីទែនរថភ្លើង ដើម្បីទប់ស្កាត់ផលប៉ះពាល់ដល់សុខភាព និងកាត់បន្ថយវិសាលភាព នៃការសាយភាយសំណល់ប្រេងទៅទីតាំងផ្សេង
២) ពិនិត្យតាមដានសុខភាពប្រជាពលរដ្ឋរស់នៅក្បែរទីតាំងឧប្បទ្ទហេតុ ដែលអាចទទួលរងផលប៉ះពាល់ដល់សុខភាព
៣) លើកទំនប់បន្ថែមនៅទីតាំងឧប្បទ្ទហេតុដើម្បីការពារនិងទប់ស្កាត់ការសាយភាយសំណល់ប្រេង ចូលទៅក្នុងដីស្រែ និងស្រះទឹកប្រជាពលរដ្ឋ
៤) ក្រុមហ៊ុនត្រូវធ្វើការសម្អាតសំណល់ប្រេងនៅលើដីចំណីផ្លូវរថភ្លើងឱ្យអស់ ប្រមូលនិងទុកដាក់សម្ភារៈដែលប្រឡាក់សំណល់អោយបានត្រឹមត្រូវដោយអនុលោមតាមបទដ្ឋានបច្ចេកទេសសុវត្ថិភាពបរិស្ថាន
៥) ក្រុមការងារជំនាញត្រូវបន្តសហការជាមួយមន្ទីរពាក់ពន្ធ័ និងអាជ្ញាធរមូលដ្ឋានតាមដានត្រួតពិនិត្យការងារសម្អាតសំណល់ប្រេង ដោយបន្តយកសំណាកទឹកនៅទីតាំងដែលអាចទទួលរងផលប៉ះពាល់មកវិភាគ ។
ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាមន្ត្រីអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ករណីលេចធ្លាយប្រេងចេញពីទូររថភ្លើង បានកើតឡើងនេះ ជាលើកទី២ ក្នុងរយៈពេលត្រឹមតែ ៤ខែ ចុងក្រោយនៃឆ្នាំ២០២៥។ ករណីទី១ បានកើតឡើងនៅក្នុងសង្កាត់រុនតាឯក ក្រុងបាត់ដំបង នាខេត្តបាត់ដំបង នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥។ ដោយឡែក ករណីលើកទី២នេះ បណ្តាលឱ្យធ្លាក់ចំនួន ៤ទូ ក្នុងនោះក្រឡាប់ចេញលេចធ្លាយប្រេងមកក្រៅ។ អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា សំណល់ប្រេងភាគច្រើនបានស្ថិតនៅលើទីតាំងដីចំណីផ្លូវរថភ្លើងដែលមានទំហំ ៦០០០ ម៉ែត្រការ៉េ ៕









ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា