អ្នកវិនិយោគរបស់អូទ្រីស នឹងមកទស្សនកិច្ចស្វែងរក​ឱកាសវិនិយោគនៅកម្ពុជា នាខែក្រោយ

(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតអូទ្រីស បានគូសបញ្ជាក់ថា ទំនាក់ទំនងពាណិជ្ជកម្មរវាងអូទ្រីស និងកម្ពុជា នឹងមាន​ការកើនឡើង ខណៈអ្នកវិនិយោគរបស់អូទ្រីស នឹងមក​ទស្សនកិច្ចដើម្បីស្វែងរកឱកាសវិនិយោគនៅកម្ពុជា នា​ខែ​​ក្រោយនេះ ។ នេះបើតាមឯកឧត្តម ជា ធីរិទ្ធ អ្នក​នាំ​ពាក្យ​ព្រឹទ្ធសភា បានប្រាប់អ្នកយកព័ត៌មាននៅក្រោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធ​សភា​ នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យឯកឧត្តម Wehelm Maximilian Donko ឯកអគ្គរដ្ឋទូត នៃសា​ធា​រណរដ្ឋអូទ្រីសប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួប​សម្ដែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះ​តួនា​ទី​របស់ឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងពេលបំពេញបេស​ក​កម្ម​ការងារ ថ្វីត្បិតតែពេលនេះ ឯកឧត្តមបានផុតអាណត្តិ​ក៏ពិតមែន ប៉ុន្តែ បេសកកម្មរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត បានចូលរួមចំណាយយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងកម្ពុជា និងអូទ្រីស ។

ឯកឧត្តមឯកអគ្គរដ្ឋទូតអូទ្រីស បានបញ្ជាក់អំពីទំនាក់​ទំនង​ដ៏ល្អរវាងកម្ពុជា និងអូទ្រីស នាពេលកន្លងមក ហើយ​បច្ចុប្បន្នកំពុងតែពង្រីកបន្ថែមទៀត ក្នុងនោះ ឯកឧត្តម ក៏បានរំលេចអំពីការអភិវឌ្ឍនៅក្នុង​ប្រទេស កម្ពុជា ពីមួយឆ្នាំទៅមួយឆ្នាំ មានការរីកចម្រើនគួរឲ្យ​កត់​សម្គាល់ ក្នុងនោះ មានអគារខ្ពស់ៗជាច្រើននា​ពេល​បច្ចុប្បន្ន ។

ឯកឧត្តមក៏បានរំលេចពីក្របខ័ណ្ឌទំនាក់ទំនងទ្វេភាគី ដោយបញ្ជាក់ថា កន្លងមក អូទ្រីស បានចូលរួមចំ​ណែក​នៅក្នុងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យ​ដោះ​មីន ការជួយជ្រោមជ្រែងដល់អង្គជំនុំជម្រះ​វិសា​មញ្ញ​ក្នុងតុលាការកម្ពុជា ហើយឯកឧត្តមរំពឹងថា ទំនាក់ទំនង​ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នឹងកើនឡើងនាពេល​ខាងមុខ ដោយនៅខែក្រោយនេះ អ្នកវិនិយោគរបស់​អូ​ទ្រីស នឹងមកទស្សនកិច្ច ដើម្បីស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានអរគុណចំ​ពោះ​អូទ្រីស ដែលបានចូលរួមចំណែកលើវិស័យ​ដោះ​មីន ការជួយជ្រោមជ្រែងដល់អង្គជំនុំជម្រះ​វិសាមញ្ញ ក្នុង​តុលាការកម្ពុជា រួមទាំងកិច្ចសហប្រតិបត្តិការ​មួយចំនួន​ទៀត ដែលកម្ពុជានិងអូទ្រីស បានធ្វើជាមួយគ្នា នាពេល​កន្លងទៅ ។ សម្ដេច ក៏បានឯកភាពចំពោះការលើក​ឡើង​របស់ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលធ្វើយ៉ាងណា ជំរុញ​វិស័យ​ពាណិជ្ជកម្ម រវាងកម្ពុជា និងអូទ្រីស ឱ្យមានការ​កើន​ឡើង ។

សម្ដេចតេជោ បញ្ជាក់ថា បច្ចុប្បន្ន ស្ថានភាព​ទំនាក់ទំនង​នយោ​បាយការបរទេសរវាងប្រទេសទាំងពីរ មានភាព​រីក​ចម្រើនហើយ ដូច្នេះទាមទារបន្ថែមទៀត​នូវការពង្រីក​ទំហំ​ពាណិជ្ជកម្ម សេដ្ឋកិច្ច ការវិនិយោគជាមួយគ្នា ។

សម្ដេច ក៏ចង់ឃើញនូវកិច្ចសហប្រតិបត្តិការ​នយោបាយ​បន្ថែម​ទៀតរវាងប្រទេសទាំងពីរ នៅក្នុងក្របខ័ណ្ឌ​នយោ​បាយ ជាពិសេស ទំនាក់ទំនងក្រសួងការបរទេស នៃ​ប្រទេស​ទាំងពីរ ដើម្បីស្វែងរកយន្តការធ្វើកិច្ច​សហ​ប្រតិ​បត្តិ​ការជាមួយគ្នាបន្តទៀត ៕

អត្ថបទ៖ វណ្ណលុក
រូប៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner