មន្ត្រីកាកបាទក្រហមកម្ពុជា ផ្តល់អំណោយមនុស្សធម៌ ជូន​ប្រជាជនងាយរងគ្រោះបំផុត ជិត ១ពាន់គ្រួសារ នៅ​ខេត្តក្រចេះ

(ក្រចេះ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា និង ឯកឧត្តម វ៉ា ថន ប្រធានគណៈកម្មាធិការសាខាកាក​បាទក្រហមកម្ពុជា ខេត្តក្រចេះ ចុះសួរសុខទុក្ខ និងផ្តល់​អំណោយមនុស្សធម៌ជូនប្រជាជនងាយរងគ្រោះបំផុតចំនួន ៩១០គ្រួសារ រស់នៅស្រុកអូរគ្រៀងសែនជ័យ និង​ស្រុក​​សំបូរ ខេត្តក្រចេះ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ​២០២៥ ក្នុងនោះទីតាំងទី១ នៅភូមិអូរគ្រៀង ឃុំអូរ​គ្រៀង ចំនួន ៤៥០​គ្រួសារ មកពីឃុំចំនួន៥ នៃស្រុក​អូរគ្រៀង​សែន​ជ័យ និងទីតាំងទី២ នៅភូមិសំបូរ ឃុំសំបូរចំនួន ៤៦០គ្រួសារ មកពីឃុំចំនួន៦ នៃស្រុកសំបូរ ។

ឯកឧត្តមអគ្គលេខាធិការរងទី២ បាននាំនូវព្រះរាជសវនី​យ៍​​របស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងការផ្តាំ​ផ្ញេីពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនបង​ប្អូន​ប្រជាជនទាំងអស់ សូមយកចិត្តទុកដាក់ថែទាំសុខ​ភាពឱ្យបានល្អ ដោយត្រូវមានអានាម័យជាប់ជានិច្ច ពិសាទឹកដាំពុះ ដើម្បីជៀសផុតពីជំងឺមិនឆ្លង ដូចជា ជំងឺទឹកនោមផ្អែម ជំងឺបេះដូងសរសៃឈាម ជំងឺមហារីក និងជំងឺរលាកផ្លូវដង្ហើមរាំរ៉ៃ ដែលបាន និងកំពុងប្រឈម​ក្នុងចំណោមប្រជាពលរដ្ឋទូទៅនាពេលបច្ចុប្បន្ន ។

ឯកឧត្តម វ៉ា ថន ក្នុងនាមប្រជាជនទទួលផលទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរ​យក​ចិត្តទុកដាក់ ចំពោះសុខ​ទុក្ខ​របស់បងប្អូនប្រជាពលរដ្ឋ ដោយ​មិនទុកនរណា​ម្នាក់​ចោលឡេីយ បេីទោះបីជា​ស្ថិត​ក្នុងកាលៈទេសៈ​ណាក៏​ដោ​យ ។

សូមបញ្ជាក់ថា គ្រួសារនីមួយៗទទួលបានអំណោយរួម​មាន​៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ៦ដប និងឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner