អ៊ីស្រាអែលបញ្ចេញវីដេអូទម្លាក់គ្រាប់នៅលីបង់ ស្លាប់ជាង១០នាក់

បេរូត ៖ អ៊ីស្រាអែលបានបញ្ចេញវីដេអូ នៃទម្លាក់គ្រាប់វាយប្រហារ ទៅលើភាគខាងត្បូង ប្រទេសលីបង់ ដែលបានសម្លាប់មនុស្សជាង១០នាក់ កាលពីថ្ងៃអង្គារ។

តាមរយៈខ្សែវីដេអូនេះ កងទ័ពអ៊ីស្រាអែលបានបង្ហាញពីអ្វី ដែលខ្លួននិយាយថា ជាការវាយប្រហាទៅលើបរិវេណហ្វឹកហាត់របស់ក្រុមហាម៉ាស នៅភាគខាងត្បូង ប្រទេសលីបង់។ ពួកគេបានអះអាងថា ក្រុមសកម្មប្រយុទ្ធ ក៏តែងតែប្រើប្រាស់ទីតាំងនោះ សម្រាប់រៀបចំធ្វើសមយុទ្ធ ផងដែរ។

យ៉ាងណា ប្រទេសលីបង់ បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែល បានប៉ះចំទៅលើជំរុំជនភៀសខ្លួន ប៉ាឡេស្ទីន ដែលបានសម្លាប់មនុស្ស យ៉ាងហោចណាស់ ១៣នាក់។

អ៊ីស្រាអែលបានបន្តការវាយប្រហារ លើប្រទេសលីបង់ ទោះបីជាមានការព្រមព្រៀងបទឈប់បាញ់ កាលពីខែវិច្ឆិកា ឆ្នាំមុន ដែលព្យាយាមបញ្ឈប់អរិភាព ជាងមួយឆ្នាំ ជាមួយក្រុម Hezbollah ជាសម្ព័ន្ធមិត្តរបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន Hamas។

ប្រទេស លីបង់ បានបញ្ជាក់ កាលពីព្រឹកថ្ងៃអង្គារ ទី១៨ ខែវិច្ឆិកា ផងដែរថា ការវាយប្រហាររបស់អ៊ីស្រាអែល ក៏បានធ្វើទៅលើរថយន្តនៅកន្លែងផ្សេងទៀត នាភាគខាងត្បូង របស់ប្រទេសនេះ ផងដែរ ដោយបានសម្លាប់មនុស្ស ចំនួនពីរនាក់។

យ៉ាងណា យោធាអ៊ីស្រាអែល មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើរបស់ AFP សម្រាប់ការអត្ថាធិប្បាយ លើការវាយឆ្មក់ទាំងនេះ នោះទេ។

ជាធម្មតា អ៊ីស្រាអែលតែងតែនិយាយថា ខ្លួនកំណត់គោលដៅប្រតិបត្តិការ ឬ វាយប្រហារទៅលើទីតាំងជាកម្មសិទ្ធិរបស់ក្រុមហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់ ព្រមទាំង តាមកម្ទេចក្រុមហាម៉ាស់ នៅក្នុងប្រទេសលីបង់ផងដែរ ទាំងក្នុងអំឡុងពេលអរិភាព និង ចាប់តាំងពីមានបទឈប់បាញ់៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner