កម្ពុជា រក្សាបានក្តីសង្ឃឹមខ្ពស់ ក្នុងការបញ្ចប់ជំងឺ​អេដស៍

(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្តី អៀង មូលី បញ្ជាក់​ថា កម្ពុជា រក្សាបានក្តីសង្ឃឹមខ្ពស់ ក្នុងការបញ្ចប់ជំងឺ​អេដស៍ ខណៈគោលដៅ៩៥-៩៥-៩៥ កម្ពុជា សម្រេចបាន ៩២-១០០-៩៨ ។

ក្នុងកិច្ចប្រជុំ​ពេញអង្គ នៃអាជ្ញាធរជាតិប្រយុទ្ធនឹង​ជំងឺ​អេដស៍ លើកទី២ ឆ្នាំ២០២៥ នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម​ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរ​ជាតិ​ប្រ​យុទ្ធនឹងជំងឺអេដស៍ បានថ្លែងថា កិច្ចប្រជុំ​នេះ​ធ្វើ​ឡើង ដើម្បីពិនិត្យមើលរួមគ្នានូវវឌ្ឍនភាព សមិទ្ធ​ផល និងប្រសិទ្ធភាព ក្នុងការប្រយុទ្ធនឹង​ជំងឺ​អេដស៍​សម្រាប់រយៈពេល៦ខែចុងឆ្នាំ២០២៥ និង​ធ្វើការ​ប្រមូលពិភាក្សាលើធាតុចូល រួមជាមួយនឹង​អនុសា​សន៍​ពីសមាជិក សមាជិកាដែលជាប្រធាន​គណៈ​កម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័ន រាជធានី ខេត្ត និងក្រុមការងារប្រយុទ្ធ​នឹង​ជំងឺអេដ​ស៍​ក្រសួងស្ថាប័ន ព្រមទាំងប្រធានលេខា​ធិកា​រដ្ឋា​ន​ប្រយុទ្ធនឹង ជំងឺអេដស៍រាជធានី ខេត្ត អង្គការជាតិ អន្តរជាតិ និងអង្គការសង្គមស៊ីវិល ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បញ្ជាក់ថា ផែនការយុទ្ធ​សា​ស្ត្រ​ជាតិទូលំទូលាយ និងពហុវិស័យឆ្លើយ​តប​មេ​រោគអេដស៍ និងជំងឺអេដស៍ លើកទី៦ ឆ្នាំ​២០២៤​-២០២៨ គឺជាមគ្គុទ្ទេសក៍តម្រង់ផ្លូវសម្រាប់​អនុវត្ត​គោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាព​កម្ម​វិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ របស់​រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្តេជ្ញាចិត្តបញ្ចប់​ជំងឺ​អេដស៍​ជាការគំរាមកំហែងដល់សុខភាព​សាធា​រណៈ ឆ្ពោះទៅសម្រេចបាននូវការគ្របដណ្តប់​សុខភាពជាសកល ដូចបានកំណត់ក្នុងផែនទី​បង្ហាញ​ផ្លូវឆ្ពោះទៅការគ្របដណ្ដប់សុខភាព​ជា​សកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥ ដែល​ប្រកាសឱ្យអនុវត្តជាផ្លូវការ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។

ឯកឧត្តម បានបន្ថែមថា ក្នុងរយៈពេល ៦ខែ​កន្លង​ទៅនេះ ក្រុមការងារ បានផ្តោតលើចីរភាពរចនា​សម្ព័ន្ធ និងវិមជ្ឈការ ខណៈរយៈពេល ៦ខែខាង​មុខ នៅថ្នាក់ជាតិ នឹងបញ្ចប់ និងអនុវត្តយន្តការជា​យុទ្ធសាស្ត្រសំខាន់ៗរួមមាន៖ បញ្ចប់ការពិនិត្យ​ឡើង​វិញនូវផែនទីបង្ហាញផ្លូវប្រកបដោយចីរភាព ដើម្បីកំណត់អត្តសញ្ញាណច្បាស់លាស់ និងដោះ​ស្រាយគម្លាត។
 
ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា កម្ពុជា រក្សា​បាន​នូវមោទនភាព និងក្តីសង្ឃឹមខ្ពស់ ក្នុងការ​បញ្ចប់​ជំងឺអេដស៍ ហើយការប្តេជ្ញាចិត្ត ត្រូវបាន​អនុវត្តតាមរយៈការពង្រឹងភាពជាម្ចាស់ ភាពជា​អ្នកដឹកនាំ និងការសម្របសម្រួលសហការជា​ចរន្តជាតិតែមួយ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោម​ជាតិដើម្បីពង្រីកសកម្មភាពឆ្លើយតបទ្វេដង។

ទន្ទឹមនឹងនេះ ក្រុមការងារ ក៏នឹងពង្រឹង​ប្រព័ន្ធ​តាម​ដាន និងវាយតម្លៃជាតិ ដើម្បីធានាបាននូវព័ត៌មាន​គ្រប់ជ្រុងជ្រោយ រក្សាបាននូវចីរភាពនៃការ​ឆ្លើយ​តប​ជាពហុវិស័យពីគ្រប់ស្ថាប័នជាតិ អន្តរជាតិ ដៃ​គូអភិវឌ្ឍ សង្គមស៊ីវិល វិស័យឯកជន ជាពិ​សេស បណ្ដាញអ្នកផ្ទុកមេរោគអេដស៍ ហើយ​យើង​បង្កើត​បាននូវស្ថាប័នដឹកនាំគ្រប់គ្រង និងសម្របសម្រួល​តែមួយទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាពិ​សេស មានផែនការយុទ្ធសាស្ត្រជាតិតែមួយ មាន​ប្រ​ព័ន្ធតាមដាន និងវាយតម្លៃជាតិតែមួយប្រកប​ដោយ​ប្រសិទ្ធភាពខ្ពស់ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner