អាមេរិកបន្តផ្គើនចិន ព្រមលក់ប្រព័ន្ធមីស៊ីលការពារដែនអាកាសតម្លៃ ៧០០ លានដុល្លារឲ្យកោះតៃវ៉ាន់

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកនៅតែបន្តផ្គើនចិនដោយយល់ព្រមលក់ប្រព័ន្ធមីស៊ីលការពារដែនអាកាសដ៏ទំនើបក្នុងតម្លៃជិត ៧០០ លានដុល្លារទៅឲ្យកោះតៃវ៉ាន់ ។

បើតាមកាសែត The straits times, ប្រព័ន្ធមីស៊ីលការពារដែនអាកាសដែលអាមេរិកលក់ឲ្យកោះតៃវ៉ាន់មានឈ្មោះ NASAMS ។ វាជាប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យមបាញ់ពីដីទៅអាកាស ដែលផលិតឡើងដោយក្រុមហ៊ុន RTX ។

មន្ទីរបញ្ចកោណបានឲ្យដឹងថា ក្រុមហ៊ុន RTX ទទួលបានកិច្ចសន្យាតម្លៃថេរមួយ សម្រាប់ការផលិតប្រព័ន្ធមីស៊ីល NASAMS ហើយកោះតៃវ៉ាន់នឹងទទួលបានប្រព័ន្ធ NASAMS កញ្ចប់ដំបូងចំនួន ៣ គ្រឿង ។

នេះគឺជាកញ្ចប់សព្វាវុធលើកទី ២ និងជាសព្វាវុធថ្មីមួយសម្រាប់តៃវ៉ាន់ ដែលអាមេរិកលក់ទៅឲ្យកោះមួយនេះក្នុងពេលត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ ។

សហរដ្ឋអាមេរិកកាលពីសប្ដាហ៍មុនបានអនុម័តការលក់គ្រឿងបន្លាស់យន្តហោះចម្បាំង F-16 និងយន្តហោះយោធា C-130 ទៅឲ្យកោះតៃវ៉ាន់ នៅក្នុងកិច្ចព្រមព្រៀងតម្លៃ ៣៣០ លានដុល្លារ ។ នេះគឺជាការលក់សព្វាវុធលើកដំបូង ចាប់តាំងពីលោក ដូណាល់ ត្រាំ ឡើងកាន់តំណែងអាណត្តិទី ២ ក្នុងខែមករា ។

បច្ចុប្បន្នអាមេរិកបាននឹងកំពុងសម្រុកផលិតនាំចេញប្រព័ន្ធ NASAMS ទៅឱ្យកោះតៃវ៉ាន់ ចំពេលមានតម្រូវការកើនឡើងខ្លាំង ដោយសារមានការសម្លុតគំរាមពីប្រទេសចិន ។

នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក មានតែប្រទេសឥណ្ឌូនេស៊ី និងអូស្រ្តាលីប៉ុណ្ណោះ ដែលប្រើប្រាស់ប្រព័ន្ធ NASAMS នេះ ៕

ប្រភព ៖ The straits times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner