មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំដឹកនាំកងកម្លាំងចម្រុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅតំបន់ជើងភ្នំជីមូស

កំពង់ធំ៖ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មការ​ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥​បានដឹកនាំ​កម្លាំងចម្រុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅតំបន់ចៅហោច ជើងភ្នំជីមូសជាប់មាត់បឹងទន្លេសាប ស្ថិតនៅក្នុងឃុំ ចំណារក្រោមស្រុកស្ទោង និងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

សកម្មភាពខាងលើធ្វើឡើងបន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ និងភ្នាក់ងារផ្ដល់ព័ត៌មាននៃបញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការសឹករងកំពង់ធំ ។លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹកបញ្ជាក់ថា កម្លាំងចម្រុះបានរកឃើញ ឧបករណ៍នេសាទខុសច្បាប់មាន សាច់អួនក្រឡាញឹកនិងរបាំងសាច់អួនលើសប្រវែងកំណត់នៃច្បាប់ប្រមាណ ៦០០ ម៉ែត្រ ។កម្លាំងចម្រុះបានចាក់លែងត្រីចម្រុះប្រមាណ១៥ គីឡូក្រាម និងបំផ្លាញឧបករណ៍នេសាទខុសច្បាប់ទាំងនោះ
នៅនឹងកន្លែង។

ក្នុងឱកាសឧត្តមសេនីយ៍ទោ សោម ស៊ុន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមេត្តាជួយផ្ដល់ព័ត៌មាន ដល់កងកម្លាំងចម្រុះ ឬផ្ដល់ព័ត៌មានដល់កងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អំពី​ទីតាំង និងមុខសញ្ញាដាក់បទល្មើសនេសាទខុសច្បាប់ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ឱ្យបានច្បាស់លាស់ និង​ទាន់ពេលវេលា ដើម្បីកងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំបង្ក្រាបប្រកបដោយ​ប្រសិទ្ធភាព៕
ដោយ៖ប៊ុនរដ្ឋា

ads banner