អង់គ្លេសព្រមានលោក ពូទីន ក្រោយនាវារុស្ស៊ីរំលោភដែនទឹកខ្លួនពីរលើក
ឡុងដ៍ ៖ ចក្រភពអង់គ្លេសបានចេញការព្រមានទៅកាន់វិមានក្រឹមឡាំងរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃពុធ បន្ទាប់ពីនិយាយថា នាវាយោធារុស្ស៊ីមួយបានរំលោភដែនទឹកអង់គ្លេស និងបាញ់ឡាស៊ែរលើពីឡុតអង់គ្លេស។
រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក John Healey បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងឡុងដ៍ថា នាវាយោធារុស្ស៊ីឈ្មោះថា Yantar បានរំលោភដែនទឹករបស់ចក្រភពអង់គ្លេសជាលើកទីពីរក្នុងឆ្នាំនេះ បន្ទាប់ពីលើកដំបូងកើតឡើងកាលពីដើមខែមករា។
ឆ្លើយតបការបំពានចុងក្រោយនេះ យោធាអង់គ្លេសបានដាក់ពង្រាយនាវាចម្បាំង និងយន្តហោះជើងអាកាសនៃកងទ័ពជើងទឹក ដើម្បីតាមដាន និងឃ្លាំមើលរាល់ចលនានៃនាវាយោធារុស្ស៊ីមួយគ្រឿងនោះ។
ប្រមុខការពារជាតិអង់គ្លេសរូបនេះ ក៏បានព្រមានដែរថា ប្រសិនបើនាវាយោធា Yantar របស់រុស្ស៊ីធ្វើដំណើរទៅភាគខាងត្បូងក្នុងសប្តាហ៍នេះ នោះពួកយើងបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីប្រើប្រាស់ជម្រើសយោធាឆ្លើយតប។
គួរបញ្ជាក់ថា សម្ព័ន្ធមិត្តរបស់ចក្រភពអង់គ្លេស និងអង្គការណាតូបានសម្តែងការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីហានិភ័យដែលរុស្ស៊ីបង្កឡើង ចំពោះហេដ្ឋារចនាសម្ព័ន្ធនៅឈូងសមុទ្រ បន្ទាប់ពីមានការបំផ្លិចបំផ្លាញក្នុងពេលប៉ុន្មានខែថ្មីៗនេះទៅលើបណ្តាញទូរគមនាគមន៍ និងខ្សែបញ្ជូនថាមពលក្រោមសមុទ្រជាច្រើន។ ជាមួយគ្នានេះ អ្នកជំនាញ និងអ្នកនយោបាយបានចោទប្រកាន់រុស្ស៊ីថា កំពុងរៀបចំសង្រ្គាមកូនកាត់ប្រឆាំងនឹងប្រទេសលោកខាងលិច៕


ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា